កីឡាជាតិ
ជាតិ
វត្តមាន Yudai ក្នុងក្រុមជម្រើសជាតិ ទទួលបានការសាទរពេញទំហឹងពីអ្នកគាំទ្រខ្មែរ
06, Oct 2023 , 10:57 am        
រូបភាព
រូបភាព៖ Cambodian Premier League
រូបភាព៖ Cambodian Premier League
កីឡាករជប៉ុន Yudai Ogawa បានក្លាយជាកីឡាករបាល់ទាត់បរទេសទី១ ដែលចូលរួមជាសមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា។ ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី៦ ខែតុលា តាមរយៈការបង្ហោះលើផេកហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ទទួលបានការសាទរភ្លូកទឹកភ្លូកដីពីសំណាក់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ខ្មែរ។


គ្មានការរិះគន់នោះឡើយ សម្រាប់វត្តមានខ្សែបម្រើជប៉ុន Yudai Ogawa ដែលបច្ចុប្បន្នប្រកបអាជីពឲ្យក្លិបភ្នំពេញក្រោន នៅក្នុងក្រុមជម្រើសជាតិឈុតធំកម្ពុជា។ Yudai វ័យ២៧ឆ្នាំ ដែលទទួលបានសញ្ជាតិខ្មែរ អាចនឹងត្រូវបានកោះហៅលេងឱ្យគោព្រៃកម្ពុជាក្នុងការប្រកួតជម្រុះបឋម FIFA World Cup ឆ្នាំ២០២៦។

ក្រោយការបង្ហោះរបស់ FFC ជុំវិញការស្វាគមន៍ Yudai មកកាន់ក្រុមជម្រើសជាតិ ត្រឹមតែរយៈជាង២ម៉ោងប៉ុណ្ណោះ ផុសមួយនេះទទួលបានការចុច Like រហូតដល់ជាង៣ម៉ឺនដង ចែករំឡែក (Share) ជាង៧ពាន់ដង និងបញ្ចេញយោបល់ (Comment) ជាង៥ពាន់ដង។ ក្នុងចំណោមការចែករំលែក និងបញ្ចេញយោបល់របស់អ្នកគាមទ្រខ្មែរ គ្មាននោះឡើយ ការបង្ហាញការមិនពេញចិត្ត និងរិះគន់ផ្សេងៗ ផ្ទុយទៅវិញពួកគេសប្បាយរីករាយ និងសាទរចំពោះវត្តមានកីឡាករជប៉ុនរូបនេះ ក្នុងក្រុមជម្រើសជាតិកម្ពុជា។

មិនត្រឹមតែស្វាគមន៍ការមកដល់របស់ Yudai នោះឡើយ អ្នកគាំទ្រកម្ពុជាភាគច្រើន ចង់ឱ្យសហព័ន្ធបន្ថែមសមាជិកកីឡាករបរទេសផ្សេងទៀត ក្នុងក្រុមគោព្រៃ ដែលស្ថិតក្រោមការដឹកនាំរបស់លោក Felix Dalmas។

អ្នកគាំទ្រខ្លះចង់ឱ្យមានវត្តមាន Andrés Nieto កីឡាករសញ្ជាតិកូឡំប៊ី ដែលលេងឱ្យក្រុមភ្នំពេញក្រោន និងមិត្តរួមក្លិបរបស់គេ Takaki Ose របស់ជប៉ុន អាចទទួលបានសញ្ជាតិខ្មែរទៀតផង ដើម្បីពួកគេបានជួយជម្រើសជាតិកម្ពុជា។ Marcus Haber ខ្សែប្រយុទ្ធសញ្ជាតិកាណាដា របស់ក្រុមព្រះខ័នរាជស្វាយរៀង ក៏ស្ថិតក្នុងចំណោមការចង់បានរបស់អ្នកគាំទ្រកម្ពុជាផងដែរ។

យ៉ាងណាក៏ដោយ បើតាមលក្ខន្តិកៈរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ចុះឆ្នាំ២០១៦ កីឡាករបរទេសដែលអាចលេងឱ្យក្រុមជម្រើសជាតិផ្សេងបាន លុះត្រាតែ ទី១.កីឡាកររូបនោះ កើតលើទឹកដីនៃសហព័ន្ធកីឡាបាល់ទាត់នោះតែម្តង ទី២.មានម្តាយបង្កើត ឬឪពុកបង្កើត កើតនៅលើទឹកដីនៃសហព័ន្ធកីឡាបាល់ទាត់នោះ ទី៣.មានជីដូនឬជីតា កើតនៅលើទឹកដីនៃសហព័ន្ធកីឡាបាល់ទាត់នោះ និងទី៤.កីឡាកររូបនោះ រស់នៅយ៉ាងហោចណាស់៥ឆ្នាំជាប់គ្នា ក្រោយឈានដល់អាយុ១៨ឆ្នាំ នៅលើទឹកដីនៃសហព័ន្ធកីឡាបាល់ទាត់នោះ។

Yudai ដែលសព្វថ្ងៃមានវ័យ២៧ឆ្នាំ បានចាប់ផ្តើមប្រឡូកក្នុងក្របខណ្ឌបាល់ទាត់កម្ពុជា ជាមួយក្លិបក្រសួងការពារជាតិ (កងយោធពលខេមរភូមិន្ទ) នៅឆ្នាំ២០១៨ ហើយបន្តជាមួយអង្គរថាយហ្គឺរ២រដូវកាល មុននឹងចូលរួមជាមួយភ្នំពេញក្រោនចាប់ពីឆ្នាំ២០២១ មក។ នេះមានន័យថា Yudai ដែលទើបជួយភ្នំពេញក្រោនឈ្នះ Shan United របស់មីយ៉ាន់ម៉ា ៤-០ ក្នុងវគ្គសន្សំពិន្ទុពូល F ពានរង្វាន់ AFC Cup ស្ថិតក្នុងលក្ខខណ្ឌទី៤ របស់ FIFA ក្នុងការទទួលបានសញ្ជាតិខ្មែរ និងលេងឱ្យក្រុមជម្រើសជាតិកម្ពុជា។

ក្រោមការដឹកនាំរបស់គ្រូបង្វឹកអាហ្សង់ទីន Felix Dalmas សមាជិកជម្រើសជាតិកម្ពុជាបានប្រមូលផ្តុំហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះបឋម FIFA World Cup 2026 ដោយត្រូវស្វាគមន៍ប៉ាគីស្ថាន នាជំនួបជើងទីមួយនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅល្ងាចថ្ងៃទី១២ ខែតុលា៕
អត្ថបទទាក់ទង




Tag:
 Yudai Ogawa
  ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com