អន្តរជាតិ
ប្រទេស៤៥ សន្យារៃអង្គាសប្រាក់ចំនួន១២ពាន់លានដុល្លារដើម្បីការពារផ្កាថ្ម
07, Oct 2023 , 9:59 am        
រូបភាព
ប្រទេសសមាជិក៤៥ នៃគំនិតផ្តួចផ្តើមផ្កាថ្មអន្តរជាតិ (ICRI) នឹងរៃអង្គាសប្រាក់ចំនួន១២ពាន់លានដុល្លា ដើម្បីការពារផ្កាថ្មពីការបំពុល និងនេសាទហួសកម្រិត។ ប៉ុន្ដែអ្នកជំនាញព្រមានថាមូលនិធិនេះនឹងមិនដោះស្រាយបញ្ហាអ្វីជាដុំកំភួនឡើយ លុះត្រាតែហានិភ័យអាកាសធាតុត្រូវបានដោះស្រាយជាមុនសិន។

 
គំនិតផ្ដួចផ្ដើម ICRI បានចេញមុខធានាឱ្យបាននូវការវិនិយោគសាធារណៈ និងឯកជន ដើម្បីជួយអភិរក្ស និងស្ដារប្រព័ន្ធអេកូឡូស៊ីផ្កាថ្ម ដែលផ្កាថ្មនេះបានទ្រទ្រង់មួយភាគបួននៃសត្វសមុទ្រ និងមនុស្សជាងមួយពាន់លាននាក់ជុំវិញពិភពលោក។ 
 
«អត្ថិភាពមុខងារនៃប្រព័ន្ធអេកូឡូស៊ីសំខាន់ៗទាំងនេះគឺកំពុងប្រឈមនឹងបញ្ហាដោយសារតែវិបត្តិអាកាសធាតុ និងកត្តាជាច្រើនផ្សេងទៀត។ ជាមួយគ្នានេះ ផ្កាថ្មក៏កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងៗ ដោយសារការកើនឡើងនៃជាតិពុលក្នុងសមុទ្រ ការអភិវឌ្ឍឆ្នេរសមុទ្រដែលបំផ្លិចបំផ្លាញ និងនាវានេសាទ»។ ICRI បញ្ជាក់បែបនេះ។ 
 
ICRI ក៏បានបន្ថែមទៀតថា ផ្កាថ្មទាំងនេះក៏កំពុងតែរងគ្រោះដោយសារតែការកើនឡើងនៃសីតុណ្ហភាពទឹកសមុទ្រ ដែលបានធ្វើឱ្យផ្កាថ្មបណ្តេញសារាយចម្រុះពណ៌ពីខ្លួន ហើយបង្កើតបានជាបាតុភូតប្រែពណ៌ទឹកថែមទៀត។
 
យ៉ាងណាក្ដី គម្រោងមូលនិធិនេះក៏ទទួលបានការព្រមានពីអ្នកជំនាញផងដែរ។ លោកស្រី Marian Wong សាស្ត្រាចារ្យជាន់ខ្ពស់មកពីសាកលវិទ្យាល័យ Wollongong អូស្ត្រាលីបាននិយាយថា បើទោះបីជាមូលនិធិផ្ដោតលើការពារ និងការស្តារឡើងវិញនៃបញ្ហាផ្កាថ្ម ជាដំណឹងល្អមួយ ការកើនឡើងសីតុណ្ហភាពគឺជាហានិភ័យធំជាងនេះដែលវាអាចនឹងបង្កទៅជាបាតុភូតកំដៅទឹកសមុទ្រ។ 
 
ជាមួយគ្នានេះ លោក Terry Hughes អ្នកជំនាញផ្កាថ្មនៅសាកលវិទ្យាល័យ James Cook អូស្ត្រាលីបាននិយាយដែរថា សមាជិកនៃ ICRI គួរតែផ្តោតការយកចិត្តទុកដាក់លើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់វិញ។ 
 
ICRI បង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដែលបច្ចុប្បន្នមានសមាជិក៤៥ប្រទេស ជាមួយនឹងបំណងធានាឱ្យបាននូវសុវត្ថិភាពដល់តំបន់ផ្កាថ្មត្រូពិចទឹករាក់ប្រវែង១២៥,០០០គីឡូម៉ែត្រការ៉េ និងពង្រីកបន្ថែមទ្វេដងការការពារតំបន់ផ្សេងទៀតឱ្យបានត្រឹមចុងទសវត្សរ៍នេះ៕ 
 
 

Tag:
 ផ្កាថ្ម
© រក្សាសិទ្ធិដោយ thmeythmey.com