កីឡាជាតិ
ជាតិ
ប្រធានសហព័ន្ធបាល់ទាត់អាស៊ី គាំទ្រពេញទំហឹងចំពោះ អារ៉ាប៊ី សាអូឌីត ធ្វើជាម្ចាស់ផ្ទះ FIFA World Cup 2034
08, Oct 2023 , 7:39 pm        
រូបភាព
Salman bin Ebrahim Al Khalifa ប្រធាន AFC នៅខាងស្ដាំដៃ រូបពី FIFA
Salman bin Ebrahim Al Khalifa ប្រធាន AFC នៅខាងស្ដាំដៃ រូបពី FIFA
លោក Shaikh Salman bin Ebrahim Al Khalifa ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ី (Asian Football Confederation ឬ AFC) បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះបំណង របស់ អារ៉ាប៊ី សាអូឌីត ក្នុងការដេញថ្លៃ ធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក (បុរស) ឆ្នាំ២០៣៤ (FIFA World Cup 2034)។ នេះ បើយោងទៅលើការផ្សាយរបស់ AFC កាលពីថ្ងៃទី៤ ខែតុលា កន្លងទៅ។


 
លោក Shaikh Salman Al Khalifa គាំទ្រចំពោះក្រុមប្រឹក្សា FIFA ដោយផ្ដល់ឱកាសឲ្យសហព័ន្ធបាល់ទាត់ទាំងអស់មកពីបណ្ដាទ្វីបនានា មានសិទ្ធដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup។ 
ជាមួយប្រជាប្រិយភាព នៃលីគកំពូលអារ៉ាប៊ី សាអូឌីត បន្ទាប់ពីមានការចូលរួមពីកីឡាករល្បីៗជាច្រើននៅទីនោះ សហព័ន្ធបាល់ទាត់អារ៉ាប៊ី សាអូឌីត (SAFF) ក៏បានដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup 2034 ផងដែរ។ ប្រធាន AFC និយាយថា នឹងធ្វើការឲ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីឲ្យការដេញថ្លៃ និងការធ្វើជាម្ចាស់ផ្ទះ បានដោយជោគជ័យ។
 
«ខ្ញុំ រីករាយក្នុង ការកត់សម្គាល់ថា SAFF បង្ហាញចេតនារបស់ពួកគេក្នុងការដេញថ្លៃសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2034 ។ គ្រួសារបាល់ទាត់អាស៊ីទាំងមូល នឹងឈររួបរួមគាំទ្រគំនិតផ្តួចផ្តើមដ៏សំខាន់របស់អារ៉ាប៊ី សាអូឌីត ហើយយើងប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយ គ្រួសារបាល់ទាត់ពិភពលោក ដើម្បីធានាបានជោគជ័យរបស់ខ្លួន។»។ ប្រធានរូបនេះ បាននិយាយដូច្នេះ។
 
បន្ទាប់ពីការសម្រេចចិត្តរបស់ FIFA ដើម្បីពិនិត្យឡើងវិញនូវយន្តការ នៃការធ្វើជាម្ចាស់ផ្ទះ FIFA World Cup ទ្វីបអាស៊ី នឹងមានឱកាសធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់លំដាប់ថ្នាក់ពិភពលោកនៅឆ្នាំ ២០៣៤ ដែលជាការរៀបចំលើកទី៣ នៅទ្វីបនេះ បន្ទាប់ពីព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2002 សាធារណរដ្ឋកូរ៉េ រួមជាមួយជប៉ុន និង World Cup 2022 នៅប្រទេសកាតា៕
 

Tag:
 AFC
  FIFA World Cup 2034
© រក្សាសិទ្ធិដោយ thmeythmey.com