កីឡាជាតិ
ជាតិ
អាជ្ញាកណ្តាលនៅកីឡាអាស៊ី ចាត់ទុកកីឡាករ-ការិនី ប្រៀបដូចទ័ពជួរមុខ អាជ្ញាកណ្តាលជាទ័ពជួរក្រោយ
11, Oct 2023 , 9:09 am        
រូបភាព
កញ្ញា ជា ថារី ផ្ដល់បទសម្ភាសមកសារព័ត៌មានក្នុងស្រុក
កញ្ញា ជា ថារី ផ្ដល់បទសម្ភាសមកសារព័ត៌មានក្នុងស្រុក
កញ្ញា ជា ថារី អាជ្ញាកណ្ដាលអន្ដរជាតិកីឡាការ៉ាតេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នៅចិន បង្ហាញពីមោទកភាព ដែលក្លាយជាស្ដ្រីកម្ពុជា ១រូប ត្រូវសហព័ន្ធកីឡាការ៉ាតេអាស៊ី ជ្រើសរើសចូលរួមកាត់ក្ដី ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបអាស៊ីចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា។ កញ្ញា ជា ថារី សំណូមពរឲ្យ អត្តពលិកទាំងអស់ ប្រឹងប្រែងបន្ថែម បើទោះជាចប់អាជីពជាកីឡាករ-កីឡាការិនី ប៉ុន្ដែ អាចក្លាយជាអាជ្ញាកណ្ដាល និងជាមន្ដ្រីចៅក្រម សម្រាប់ការប្រកួតអន្ដរជាតិនានា និងអាចក្លាយជាទីពឹងសម្រាប់អត្តពលិកជំនាន់ក្រោយ ផងដែរ។



ក្នុងប្រភេទកីឡាការ៉ាតេ កញ្ញា ជា ថារី គឺជាស្ដ្រីកម្ពុជា តែម្នាក់ ដែលត្រូវបានជ្រើសរើសចូលរួមកាត់ក្ដី ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩។ នេះ ក៏ជាលើកដំបូងសម្រាប់ស្ដ្រីកម្ពុជារូបនេះ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍អន្ដរជាតិ បន្ទាប់ពីបានប្រឡូកក្នុងវិស័យនេះ យ៉ាងជោគជាំនៅកម្ពុជា។ 
 
«នេះ គឺជាលើកដំបូងសម្រាប់ខ្ញុំ ចូលរួមធ្វើជាអាជ្ញាកណ្ដាលអន្ដរជាតិ ក្នុងអាស៊ីហ្គេម នៅហាងចូវ ប្រទេសចិន។ នៅទឹកដីចិន ខ្ញុំ ទទួលបានបទពិសោធន៍ជាច្រើន ដោយសារចូលរួមលើកនេះ មានអាជ្ញាកណ្ដាល មកពីតំបន់អាស៊ីជាច្រើន មិនថាអាស៊ីកណ្ដាល អាស៊ីខាងត្បូង អាស៊ីខាងជើង ហើយនិងអាជ្ញាកណ្ដាលពិភពលោក ផ្សេងទៀតសរុបចំនួន ៣៨រូប។ នេះ ធ្វើឲ្យយើងទទួលបានបទពិសោធន៍ ឈានដល់កម្រិតស្ដង់ដា សម្រាប់វិញ្ញាសាការ៉ាតេនេះ។»។ អាជ្ញាកណ្ដាលអន្ដរជាតិរូបនេះ បាននិយាយដូច្នេះ។
 
បើទោះជាបទពិសោធន៍ដំបូង លើឆាកអន្ដរជាតិ កញ្ញា ជា ថារី មិនមានការលំបាក ដែលត្រូវប្រឈមទេ ព្រោះគ្រប់ការប្រកួតទាំងអស់ គឺថ្នាក់ជាតិ និងអន្ដរជាតិ ប្រើប្រាស់ច្បាប់ប្រកួតតែមួយ។ ម្យ៉ាងវិញទៀត គឺស្ដ្រីកម្ពុជារូបនេះ មានបទពិសោធន៍ចូលរួមវគ្គបណ្ដុះបណ្ដាលអន្ដរជាតិមួយចំនួន នៅក្រៅប្រទេសផងដែរ។ កញ្ញា ជា ថារី បាននិយាយប្រាប់ដូច្នេះថា៖«ការចូលរួមធ្វើការងារជាមួយគេ គឺមិនមានការលំបាកអ្វីទេ ដោយសារ មានច្បាប់រួមតែមួយប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត កម្ពុជា ធ្លាប់បញ្ជូនអាជ្ញាកណ្ដាល មកសិក្សាបណ្ដុះបណ្ដាលនៅក្រៅប្រទេសជាច្រើនដង ទើប យើង មិនមានការលំបាក ពេលចូលរួមជាមួយគេ។»។
 
កញ្ញា ជា ថារី បានបន្ថែមទៀតថា៖«ខ្ញុំ ពិតជាមោទកភាពខ្លាំងណាស់ ដែលជាស្ដ្រីខ្មែរមួយរូប ត្រូវបានគេជ្រើសរើសឲ្យចូលរួមធ្វើជាអាជ្ញាកណ្ដាល ក្នុងព្រឹត្តិការណ៍អាស៊ីហ្គេម លើកនេះ។ ក្នុងការជ្រើសរើសនេះផងដែរ ក៏មានការជ្រើសរើសផ្ទាល់ពីខាងសហព័ន្ធកីឡាការ៉ាតេអាស៊ី ដែលគេជ្រើសរើស ក្នុង១ប្រទេស គឺរើសបានម្នាក់។»។
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានជាតិ អាជ្ញាកណ្ដាលកម្ពុជារូបនេះ បានលើកទឹកចិត្ត ដល់អត្ដពលិកទាំងអស់ ឲ្យបន្ដប្រឹងប្រែងហ្វឹកហាត់ និងយល់ដឹងពីច្បាប់ប្រកួតឲ្យកាន់តែស៊ីជម្រៅ ព្រោះពួកគេ អាចនឹងក្លាយជាអាជ្ញាកណ្ដាល ឬមន្ដ្រីចៅក្រម នៃការប្រកួតអន្ដរជាតិនានា។ ម្យ៉ាងវិញទៀត អ្នកទាំងនោះ ក៏នឹងអាចក្លាយជាទីពឹងសម្រាប់អត្ដពលិកជំនាន់ក្រោយ ផងដែរ។
 
«ខ្ញុំ លើកទឹកចិត្ត ដល់កីឡាករ-កីឡាការិនី ពេលបញ្ចប់អាជីពទៅ គាត់អាចបន្ដជាអាជ្ញាកណ្ដាលអន្ដរជាតិ ថែមទៀត ដើម្បីជួយលើកស្ទួយវិស័យកីឡា យើងឲ្យកាន់តែរីកចម្រើន ព្រោះកម្រិតនៃអាជ្ញាកណ្ដាលរបស់យើង គឺស្មើនឹងជួយលើកកម្រិត និងសិទ្ធិផលរបស់កីឡាករ-កីឡាការិនី។ យើង ទៅលេងកីឡាណាមួយ យើង ត្រូវចេះច្បាប់កីឡានោះ ប្រសិនជាកីឡាករយើង មិនចេះច្បាប់កីឡានោះទេ គឺយើង មិនអាចប្រកួតឈ្នះគេ បានទ។ កីឡាករ-កីឡាការិនី ដូចជាទ័ពស្រួចនៅខាងមុខ ប៉ុន្ដែយើងជាអាជ្ញាកណ្ដាលចៅក្រម និងមន្ដ្រីផ្សេងៗ ជាទ័ពនៅខាងក្រោយ ដើម្បីជួយដល់កីឡាករ-កីឡាការិនី ឲ្យទទួលបានជ័យជម្នះ នៅខាងមុខបាន។»។ កញ្ញា ជា ថារី បាននិយាយដូច្នេះ។
 
កញ្ញា ថារី ប្រើពេល ៧ឆ្នាំចុងក្រោយនោះ ជាអាជ្ញាកណ្ដាល ដោយបានប្រឹងប្រែងហ្វឹកហាត់ រៀនវគ្គបណ្ដុះបណ្ដាលនានា ដើម្បីចូលរួមប្រឡងទទួលសញ្ញាប័ត្រ ពីសហព័ន្ធកីឡាការ៉ាតេអាស៊ី៕
 

Tag:
 កីឡាអាស៊ី
  ជា ថារី
© រក្សាសិទ្ធិដោយ thmeythmey.com