ជាតិ
បុណ្យភ្ជុំបិណ្ឌ
អាជ្ញាធររំពឹងថាទេសចរមកសៀមរាបច្រើននាពិធីបុណ្យភ្ជុំបិណ្ឌ
× សៀមរាប៖ ពិធីបុណ្យភ្ជុំបិណ្ឌធំនឹងចាប់ផ្តើមពីថ្ងៃទី១៣ ដល់១៥ ខែតុលា ឆ្នាំ២០២៣។ ស្របពេលនេះ អាជ្ញាធរខេត្តសៀមរាបបានអំពាវនាវដល់វត្តអារាម ប្រជាពលរដ្ឋ រៀបចំតុបតែងលម្អដើម្បីសោភ័ណភាព និងត្រៀមទទួលទេសចរ មកលេងនាឱកាសបុណ្យប្រពៃណីជាតិនេះ។
នាយករដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ បានបញ្ជាក់ថា រដ្ឋបាលខេត្តបានណែនាំឱ្យគ្រប់ វត្តអារាមទាំងអស់ ឱ្យមានការរៀបចំសោភ័ណ និងអនាម័យដើម្បីត្រៀមទទួលស្វាគមន៍ក្នុង ពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងមានពុទ្ធបរិស័ទ ភ្ញៀវទេសចរចូលមកកម្សាន្តច្រើន។ មន្រ្តីរូបនេះរំពឹងថា ភ្ជុំបិណ្ឌឆ្នាំនេះ នឹងមានពលរដ្ឋ និងទេសចរច្រើនមកកម្សាន្តខេត្តសៀមរាប ព្រោះត្រូវថ្ងៃចុងសប្ដាហ៍ស្រាប់ ដែលពលរដ្ឋមានពេលច្រើនសម្រាប់ដំណើរកម្សាន្ត។
លោក វណ្ណៈ បន្ថែមថា៖«រំពឹងទុកថាមានភ្ញៀវទេសចរមកទស្សនាច្រើន ដោយសារការឈប់សម្រាកចំថ្ងៃសុក្រ សៅរ៍ អាទិត្យ ដែលទន្ទឹមនឹងមានភ្ញៀវទេសចរជាតិច្រើន ភ្ញៀវទេសចរអន្តរជាតិក៏ចាប់ផ្តើមមានកំណើនខ្លះផងដែរ ទោះរដូវនេះមិនសូវមានទេសចរអន្ដរជាតិក្ដី»។
មន្រ្តីរដ្ឋបាលខេត្តសៀមរាបដដែលបានបញ្ជាក់ថា រដូវនេះខេត្តសៀមរាប មានភាពអំណោយផលច្រើនទាំងទេសភាពបៃតង ពិសេសនៅតំបន់ភ្នំគូលែន ។ ចំណែកម្ហូបអាហារក៏សម្បូរបែបទៀត។ការប្រកាសនៃវត្តមានព្រលានយន្តហោះអន្ដរជាតិសៀមរាប-អង្គរ ដែលជាព្រលានថ្មី ក៏ជាផ្នែកមួយនៃការទាក់ទាញទេសចរមកលេងសៀមរាបផងដែរ។
បន្ថែមពីនេះដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានរៀបចំផែនការការពារគ្រប់ទីតាំងសាសនា និងតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និងការកែច្នៃនានាទូទាំងខេត្ត ដើម្បីធានាសុវត្ថិភាព សន្ដិសុខសណ្ដាប់ធ្នាប់នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ នេះជាការបញ្ជាក់របស់លោក លី វណ្ណៈ ដោយលោកអំពាវនាវឱ្យ ប្រជាពលរដ្ឋទាំងអស់ មកកម្សាន្តខេត្តសៀមរាប និងទទួលទានអាហារដ៏សម្បូរបែប ដែលជាស្នាដៃរបស់អ្នកខេត្តសៀមរាប។
ក្រៅពីនេះ មន្រ្តីរដ្ឋបាលខេត្តក៏អំពាវនាវដល់ប្រតិបត្តិករទេសចរណ៍កុំដំឡើងតម្លៃ ផ្ទុយទៅវិញ ពួកគេគួរបញ្ចុះតម្លៃក្នុងកម្រិតណាមួយដើម្បីទាក់ទាញទេសចកំឡុងពេលបុណ្យទានសំខាន់ៗនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com