កីឡាជាតិ
ជាតិ
វិញ្ញាសាហែលទឹកពាក់ជើងទា បញ្ចូលក្នុងការប្រកួតជើងឯកថ្នាក់ជាតិ លើកដំបូង
18, Oct 2023 , 6:59 pm        
រូបភាព
ការប្រកួតហែលទឹក រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក
ការប្រកួតហែលទឹក រូបពីសហព័ន្ធខ្មែរកីឡាហែលទឹក
សហព័ន្ធខ្មែរកីឡាហែលទឹក នឹងរៀបចំការប្រកួតជ្រើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៣។ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខែ្មរកីឡាហែលទឹក បានបញ្ជាក់ប្រាប់ថា ការប្រកួតនេះ គឺមានសារសំខាន់ណាស់សម្រាប់សហព័ន្ធ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី ដែលមានសមត្ថភាព និងមានទេព្យកោសល្យ។ អគ្គលេខាធិការរូបនេះ បន្ថែមទៀតថា នេះ គឺជាលើកទី១ ដែលសហព័ន្ធខ្មែរកីឡាហែលទឹក ដាក់បញ្ចូលវិញ្ញាសាហែលពាក់ជើងទា ព្រោះវិញ្ញាសានេះ ធ្វើបានល្អ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងលើកទី៣២ នៅកម្ពុជា។



ការប្រកួតកីឡាហែលទឹក និង ហែលទឹក​ពាក់​ជើង​ទា​ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ នឹងត្រូវធ្វើរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៣ នៅអាងហែលទឹក នៃពហុកីឡាដ្ឋានជាតិអូឡាំពិក។ នេះ គឺជាលើកដំបូង ដែលការរៀបចំប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ បានដាក់វិញ្ញាសាហែលពាក់ជើងទា។ 
 
លោក ហែម គិរី បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា វិញ្ញាសាហែលទឹកពាក់ជើងទា បានជួយឲ្យកម្ពុជា ឈ្នះមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា ដោយឈ្នះមេដាយមាស២ ប្រាក់១ និងសំរិទ្ធ៤។ 
 
«នេះ គឺជាឆ្នាំទី១។ យើង ឃើញហើយការប្រកួតកីឡាហែលទឹកពាក់ជើងទានេះ យើង ទើបតែបង្កើត នៅពេលយើងបញ្ជូនអត្ដពលិក ស៊ីហ្គេម នៅប្រទេសវៀតណាម។ ក្នុងពេលយើងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម យើងបានដាក់កីឡាហែលពាក់ជើងទា។ ជាលទ្ធផល យើង ឃើញហើយថា ប្រភេទកីឡាពាក់ជើងទានេះ ទទួលបានលទ្ធផល គឺមេដាយមាស២ ប្រាក់១ និងសំរិទ្ធ​៤។ ទោះជាកីឡាហែលទឹកដែរ ប៉ុន្ដែជាវិញ្ញាសាថ្មីមួយ ដែលយើងដាក់បញ្ជូល។»។ អគ្គលេខាធិការសហព័ន្ធរូបនេះ បន្ថែម។
 
លោក ហែម គិរី បន្តថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ គឺត្រូវធ្វើរៀងរាល់ឆ្នាំ ហើយមានសារសំខាន់ណាស់សម្រាប់សហព័ន្ធ ដើម្បីប្រមូល និងចម្រាញ់កីឡាករ-កីឡាការិនី ដែលមានសមត្ថភាព និងទេព្យកោសល្យខ្ពស់ជាងគេ។ ក្រៅអំពីវិញ្ញាសាហែលពាក់ជើងទា ត្រូវបានបន្ថែមក្នុងការប្រកួតនេះ អគ្គលេខាធិការរូបនេះ នឹងបន្ថែមវិញ្ញាសាប្រកួតផ្សេងៗទៀត ដូចជាបាល់ទឹក (Water Polo) និងលោតទឹក (Diving) ដើម្បីឲ្យមានធនធានកីឡាករ-កីឡាការិនី ជ្រើសរើសប្រកួតតំណាងឲ្យកម្ពុជា ក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា៕
 

Tag:
 ហែលទឹក
  ហែម គិរី
© រក្សាសិទ្ធិដោយ thmeythmey.com