កីឡាជាតិ
ជាតិ
ជឺជិតស៊ូកម្ពុជា យកការប្រកួត AFG Open ដើម្បីត្រៀមខ្លួន ទៅស៊ីហ្គេម និងម្ចាស់ផ្ទះកីឡាយុវជនអាស៊ី
21, Oct 2023 , 8:29 am        
រូបភាព
Jasper Martijn Paas អនុប្រធានសហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា និងជាគ្រូបង្វឹក រូបពីសហព័ន្ធជឺជិតស៊ូ
Jasper Martijn Paas អនុប្រធានសហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា និងជាគ្រូបង្វឹក រូបពីសហព័ន្ធជឺជិតស៊ូ
សហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា នឹងបញ្ជូនអត្តពលិកទៅចូលរួមព្រឹត្តិការណ៍ AFG Open ដែលជាការប្រកួតកីឡាជឺជិតស៊ូ ដ៏ធំនៅប្រទេសថៃ។ លោក Jasper Martijn Paas អនុប្រធានសហព័ន្ធកីឡាជឺជិតស៊ូកម្ពុជា និងជាគ្រូបង្វឹកបញ្ជាក់ថា ការដឹកនាំកីឡាករ-កីឡាការិនីកីឡាជឺជិតស៊ូ ចូលរួមការប្រកួតដ៏ធំនេះ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣៣ នៅថៃ, កីឡាអាស៊ីលើកទី២០ នៅជប៉ុន និងត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា។



កម្ពុជា បានបញ្ជូនអត្ដពលិក១៦នាក់ ដើម្បីចូលរួមប្រកួត AFG Open ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២១-២២ ខែតុលា ដោយមាន៤៤ ប្រទេសចូលរួម ដោយក្នុងនោះអត្តពលិកសរុបប្រមាណ ៩០០នាក់។
 
ក្នុងការដឹកនាំកីឡាករ-កីឡាការិនីកម្ពុជា ចូលរួមប្រកួតកីឡាជឺជិតស៊ូនេះ លោក Jasper Martijn Paas បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា៖«អត្តពលិករបស់យើងដែលភាគច្រើនជាកីឡាករមានបទពិសោធន៍ល្អធ្លាប់ចូលរួមប្រកួតច្រើនដងពីមុនមក ក៏ដូចជាផ្តល់ឱកាសដល់កីឡាករពន្លកថ្មីចូលរួមការប្រកួតដំបូងដើម្បីទទួលបានបទពិសោធន៍លើឆាកអន្តរជាតិ ក្នុងនោះផងដែរយើងក៏មានកុមារកម្ពុជាចំនួន ៦នាក់ដែលមានអាយុពី ១០ ទៅ ១២ឆ្នាំចូលរួមប្រកួតផងដែរ។»។ 
  


អនុប្រធានរូបនេះ បន្ថែមទៀតថា ការចេញទៅប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា គឺជាការត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍ធំៗ ក្នុងតំបន់ និងក្នុងទ្វីប។ លោក Jasper Martijn Paas ប្រាប់ថា ការប្រកួតនេះគឺជាផ្នែកមួយនៃផែនការ ដើម្បីត្រៀមខ្លួនដើម្បីឆ្ពោះទៅរកលទ្ធផលល្អក្នុងការប្រកួតSea Games ឆ្នាំ 2025 ,Asian Games ឆ្នាំ2026 និង Youth Asian Games ឆ្នាំ2029 (ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៩)។
 
តាមការបញ្ជាក់របស់លោក Jasper Martijn Paas កីឡាករ-កីឡាការិនីទាំង ១៦ រូបនោះ មាន ៩រូប ជាកីឡាករថ្នាល។ អត្ដពលិកកម្ពុជា ១៦នាក់ មាន៖ កីឡាករ កាំង ម៉េងឃាង, សំអុន បូរមី, គីម កែវមង្គល, សៅ សុភារ៉ា, មឿនលីម សុបញ្ញា, ហួរ សេងហុង និងកីឡាការិនី រិទ្ធ រស្មី។ ចំណែកកីឡាករ-កីឡាការិនីថ្នាល មាន៖ កុមារា ឡេង ច័ន្ទសេរីបុត្រ, កុមារា Adam Sosnowiez Sem, Kai Han Yi Remoy old, Nicholas Yi Remoy, Arthur Besant, Jadon Te, ថាយ អេលី, កុមារី Isabella Chan Wilford និងកុមារី ថាយ សាណា៕
 

Tag:
 ជឺជិតស៊ូ
© រក្សាសិទ្ធិដោយ thmeythmey.com