កីឡាជាតិ
ជាតិ
CPL៖ ភ្នំពេញក្រោន ស្វាគមន៍ ព្រៃវែង ,ណាហ្គា ប៉ះទ័ព ឯវិសាខា ជួបអង្គរថាយហ្គឺ
21, Oct 2023 , 8:59 am        
រូបភាព
ក្រុមភ្នំពេញក្រោន ក្នុងការប្រកួតជាមួយ Shan United FC របស់មីយ៉ាន់ម៉ា រូបពី Cambodian Premier League
ក្រុមភ្នំពេញក្រោន ក្នុងការប្រកួតជាមួយ Shan United FC របស់មីយ៉ាន់ម៉ា រូបពី Cambodian Premier League
ការប្រកួតលីគកំពូលកម្ពុជា (Cambodian Premier League ឬ CPL) បានចាប់ផ្ដើមការប្រកួតឡើងវិញ បន្ទាប់ឈប់សម្រាក ក្នុងថ្ងៃ FIFA’s Day ប្រមាណជិត ២សប្ដាហ៍។ ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ ព្រៃវែង នៅកីឡដ្ឋាន Smart RSN នៅសប្ដាហ៍ទី៨ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៦:០០យប់ ។ បន្ទាប់ពីប្រកួតក្របខ័ណ្ឌ CPL សប្ដាហ៍នេះ ភ្នំពេញក្រោន ក៏ត្រូវស្វាគមន៍ Macarthur FC នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្នុងពានរង្វាន់ AFC Cup វគ្គចែកពូល F។



បន្ទាប់ពីចប់ភារកិច្ចចូលរួមជាមួយក្រុមជម្រើសជាតិ ប្រកួតក្នុងវគ្គជម្រុះបឋម នៃពានរង្វាន់ FIFA World Cup 2026 ជាមួយ ប៉ាគីស្ថាន កីឡាករក្លិបភ្នំពេញក្រោន បានត្រឡប់មកហ្វឹកហាត់ជាមួយក្រុមវិញ និងត្រូវត្រៀមប្រកួតជាមួយ ព្រៃវែង។ 
 
សម្រាប់ការប្រកួតក្នុងលីគកំពូល ព្រៃវែង ខកខានជួបភ្នំពេញក្រោន ក្នុងឆ្នាំ២០២២ ដោយសារធា្លក់ទៅលីគ២។ ដោយឡែក រដូវកាល២០២១ ភ្នំពេញក្រោន ធ្លាប់យកឈ្នះ ព្រៃវែង ម្ដងរួចមកហើយ ក្នុងលទ្ធផល ៤-១។
 
ការប្រកួតសប្ដាហ៍ទី៨ ដដែលនេះ ក៏មានការប្រកួត ៤គូ ទន្ទឹមពេលជាមួយគ្នា។ វិសាខា ត្រូវស្វាគមន៍ អង្គរថាយហ្គឺរ នៅកីឡដ្ឋានព្រីនស៍ ។ រីឯ អាយ អេស អាយ ដង្កោសែនជ័យ ត្រូវទទួល បឹងកេត នៅកីឡដ្ឋាន AIA KMH។​ ចំណែក ព្រះខ័នរាជ ស្វាយរៀង ក្រុមមិនទាន់ចាញ់សោះ ត្រូវប៉ះជាមួយ ក្រុមបាតតារាង គិរីវង់សុខសែនជ័យ នៅកីឡដ្ឋានខេត្តស្វាយរៀង ខណៈពេល អតីតមិត្តរួមកីឡដ្ឋាន ណាហ្គាវើលដ៍ ត្រូវជួបជាមួយ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ។
 
គិតត្រឹមសប្ដាហ៍ទី៧ ព្រះខ័នរាជ ស្វាយរៀង ឈរចំណាត់ថ្នាក់លេខ១ មាន ២១ ពិន្ទុ តាមពីក្រោយដោយភ្នំពេញក្រោន ១៨ ពិន្ទុ។ ចំណែកចំណាត់ថ្នាក់លេខ ៣ ក្លិបបឹងកេត មាន ១៣ពិន្ទុ តាមប្រកៀកប្រកិត ដោយ វិសាខា ឈរលេខ៤ មាន ១២ពិន្ទុ។ រីឯក្លិបកងយោធពលខេមរភូមិន្ទ លេង៥ និង ព្រៃវែង លេខ៦ មាន ១០ពិន្ទុដូចគ្នា។ ក្លិបអាយ អេស អាយដង្កោសែនជ័យ ឈរនៅចំណាត់ថ្នាក់លេខ៧ មាន ៧ពិន្ទុ និងលេខ៨ ក្លិប ណាហ្គាវើលដ៍ មាន ៥ពិន្ទុ។ ចំណែក អង្គរថាយហ្គឺរ ឈរលេខ៩ មាន៣ ពិន្ទុ និងលេខ១០ បាតតារាង គិរីវង់សុខសែនជ័យ មាន ២ពិន្ទុ៕
 

Tag:
 បាល់ទាត់
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com