សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អតិផរណាថយចុះ ធនាគារកណ្តាលអាម៉េរិកបង្ហាញសញ្ញាផ្អាកដំឡើងអត្រាការប្រាក់
22, Oct 2023 , 10:49 am        
រូបភាព
លោក Jerome Powell ប្រមុខ Fed ។ រូបភាព ៖ AP
លោក Jerome Powell ប្រមុខ Fed ។ រូបភាព ៖ AP
ប្រធានធនាគារកណ្តាលអាម៉េរិក (Fed) បានអះអាងថា ធនាគារអាចដំឡើងអត្រាការប្រាក់ម្តងទៀតបាន លុះត្រាតែមានបញ្ហាណាមួយប៉ះពាល់ដំណើរសេដ្ឋកិច្ចធ្ងន់ធ្ងរ ។ នៅអាម៉េរិកបច្ចុប្បន្នអត្រាការប្រាក់យោងស្ថិតនៅចន្លោះ៥,២៥ភាគរយទៅ ៥,៥ភាគរយ ខណៈអតិផរណានៅខែកញ្ញាមានត្រឹមតែ ៣,៧ភាគរយ។

 
ធនាគារកណ្តាលអាម៉េរិកបានបង្ហាញសញ្ញាពីការផ្អាកដំឡើងអត្រាការប្រាក់។ ប្រធាន Fed លោក Jerome Powell បាននិយាយថា លោកពេញចិត្តនឹងការធ្លាក់ចុះនៃអតិផរណានាត្រីមាសទី៣នេះ ហើយធនាគារកណ្តាលទំនងជាមិនដំឡើងអត្រាការប្រាក់ម្តងទៀតទេ លុះត្រាតែមានភស្តុតាងច្បាស់លាស់ដែលរំខានដល់ដំណើរការសេដ្ឋកិច្ច។ 
 
ការលើកឡើងរបស់លោក Powell ស្របទៅនឹងមន្ត្រីធនាគារនាពេលថ្មីៗនេះ អំពីសមត្ថភាពក្នុងការរក្សាអត្រាការប្រាក់ឱ្យមានស្ថេរភាពនាកិច្ចប្រជុំនៅថ្ងៃទី៣១ ខែតុលា និងថ្ងៃទី១ ខែវិច្ឆិកាខាងមុខនេះ។ 
 
លោកបន្តថា ការសម្រេចចិត្តជុំវិញការដំឡើង ឬរក្សាអត្រាការប្រាក់ឱ្យខ្ពស់ដូចកម្រិតបច្ចុប្បន្នអាស្រ័យលើទិន្នន័យនៃការព្យាករ និងតុល្យភាពនៃហានិភ័យនាពេលខាងមុខ។
 
ទោះបីជាសកម្មភាពសេដ្ឋកិច្ចបត្រូវបានព្យាករដោយការធ្លាក់ចុះសេដ្ឋកិច្ចនាពេលខាងមុខក៏ដោយ អតិផរណាក៏បានធ្លាក់ចុះផងដែរ។ ទន្ទឹមនេះ ខ្សែច្រវាក់ផ្គត់ផ្គង់បានងើបឡើងវិញ ហើយតម្រូវការសម្រាប់ទំនិញ សេវាកម្ម និងកម្មករបានធូរស្រាល ក្រោយពេលសេដ្ឋកិច្ចបើកឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩។
 
លើសពីនេះ​ លោក Powell បាកត់សម្គាល់ថា កំណើនប្រាក់ឈ្នួល ហាក់ដូចជាកំពុងធ្លាក់ចុះដល់កម្រិតមួយ ដែលស្របនឹងគោលដៅអតិផរណារបស់ Fed ខិតមកជិត ២ភាគរយ។ អតិផរណានៅក្នុងខែកញ្ញាមានអត្រា ៣,៧ភាគរយធ្លាក់ចុះយ៉ាងខ្លាំងពីច្រើនជាង ៩ភាគរយកាលពីពាក់កណ្តាលឆ្នាំមុន។
 
កាលពីចុងខែកញ្ញា Fed បានបេ្តជ្ញារក្សាអត្រាការប្រាក់យោងបច្ចុប្បន្នស្ថិតនៅចន្លោះ៥,២៥ភាគរយទៅ ៥,៥ភាគរយ។ ប៉ុន្តែគាំទ្រការដំឡើងអត្រាការប្រាក់នៅចុងឆ្នាំ២០២៣ និងបន្តរក្សាគោលនយោបាយរូបិយវត្ថុតឹងរឹងរហូតដល់ឆ្នាំ២០២៤៕ 
 

Tag:
 Fed
  ធនាគារកណ្តាល
  អត្រាការប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com