សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
RCEP នឹងពិចារណាទទួលយកសមាជិកបន្ថែមនៅឆ្នាំ២០២៤
22, Oct 2023 , 2:59 pm        
រូបភាព
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កំពុងរៀបចំសេចក្តីព្រាងច្បាប់ដើម្បីទទួលយកសមាជិកបន្ថែមទៀតចាប់ពីឆ្នាំ២០២៤ ដោយស្រីលង្កា និងហុងកុងកំពុងបង្ហាញចំណាប់អារម្មណ៍ចូលជាមួយប្លុកនេះ ។ បច្ចុប្បន្ន RCEP បានប្រមូលផ្តុំសមាជិកចំនួន១៥ប្រទេស។ 

 
លេខាធិការដ្ឋាននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានឲ្យដឹងថា RCEP កំពុងដំណើរការហើយនីតិវិធីដើម្បីទទួលសមាជិកថ្មី ដែលអាចនឹងរួចរាល់នៅឆ្នាំក្រោយ។ រហូតមកដល់ពេលនេះ មានតំបន់សេដ្ឋកិច្ចជាច្រើនរួមទាំងស្រីលង្កា និងហុងកុង បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងប្លុកពាណិជ្ជកម្មនេះ។
 
យោងតាមអគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សេដ្ឋកិច្ច Satvinder Singh បានឲ្យដឹងថា នីតិវិធីសម្រាប់ការទទួលយកសមាជិកថ្មីកំពុងត្រូវបានព្រាង។ នៅពេលដែលបានបញ្ចប់ ភាគីដែលចាប់អារម្មណ៍អាចចាប់ផ្តើមដំណើរការចរចាជាផ្លូវការដើម្បីចូលរួម RCEP ។
 
ថ្លែងនៅក្នុងសន្និសីទថ្មីៗនេះនៅទីក្រុងហ្សាការតាជុំវិញការកំណត់ពេលវេលាជាក់លាក់សម្រាប់ការបំពេញច្បាប់នៃការចូលជាសមាជិក RCEP លោក Singh បាននិយាយថា ៖« វាពិបាកក្នុងការនិយាយ ប៉ុន្តែសង្ឃឹមថានៅឆ្នាំ ២០២៤» ។
 
បច្ចុប្បន្ន RCEP បានប្រមូលផ្តុំសមាជិកចំនួន ១៥ ដែលក្នុងនោះមានប្រទេសសមាជិកអាស៊ានចំនួន១០ និងប្រទេសជាដៃគូចំនួន៥ រួមមានចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ 
 
កិច្ចព្រមព្រៀង RCEP ត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ដែលដឹកនាំដោយវៀតណាម ហើយចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២២។
 
សេដ្ឋកិច្ច RCEP មានចំនួន ៣០ភាគរយនៃទំហំសេដ្ឋកិច្ចពិភពលោក។ កិច្ចព្រមព្រៀងនេះមានគោលបំណងលុបបំបាត់ ៩០ភាគរយនៃពន្ធនាំចូលក្នុងប្លុកនេះរយៈពេល ២០ឆ្នាំ៕ 
 

Tag:
 RCEP
  អាស៊ាន
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com