កីឡាជាតិ
ជាតិ
CPL៖ ស្វាយរៀង បន្តឈ្នះ៨ប្រកួតជាប់គ្នា ស្របពេលភ្នំពេញក្រោនប្រដេញពីក្រោយ
23, Oct 2023 , 11:59 am        
រូបភាព
ក្រុមព្រះខ័នរាជស្វាយរៀង នៅតែបន្តភាពខ្លាំងរបស់ខ្លួនដោយយកឈ្នះគិរីវងសុខសែនជ័យក្នុងលទ្ធផល ២-១ និងជាជ័យជម្នះទី៨ជាប់គ្នាក្នុងការប្រកួតពានរង្វាន់ខេមបូឌានព្រីមៀរលីគ (CPL) រដូវកាល ២០២៣-២៤។ អាយអេសអាយ ដង្កោសែនជ័យ ដណ្តើមបាន៣ពិន្ទុពីក្រុមភ្ញៀវបឹងកេត ជាមួយលទ្ធផល ២-១។ ម្ចាស់ការពារជើងឯកភ្នំពេញក្រោន ប្រដេញពិន្ទុក្រុមកំពូលតារាងស្វាយរៀង ក្រោយយកឈ្នះព្រៃវែង ៣-១។

ព្រះខ័នរាជស្វាយរៀង វិសាខា ដង្កោសែនជ័យ និងណាហ្គាវើលដ៍ សុទ្ធតែឈ្នះគូប្រជែងក្នុងលទ្ធផល ២-១ រៀងខ្លួន ក្នុងការប្រកួតលីគកំពូលកម្ពុជា សប្តាហ៍ទី៨ នៅថ្ងៃទី២២ ខែតុលា។ 
ជ័យជម្នះ​ ២-១ លើគិរីវងសុខសែនជ័យមានន័យថា ៨ប្រកួតរបស់ស្វាយរៀង ឈ្នះទាំងអស់ និងរក្សាចំណាត់ថ្នាក់កំពូលតារាង CPL ដដែល ដោយរកបាន២៤ពិន្ទុពេញ។ 
 
ភ្នំពេញក្រោន តាមរយៈការយកឈ្នះព្រៃវែង ៣-១ នៅសប្តាហ៍ទី៨ នៅកីឡដ្ឋាន Smart RSN របស់ខ្លួន កំពុងប្រដេញពិន្ទុក្រុមកំពូលតារាងស្វាយរៀង។ ៨ប្រកួត ភ្នំពេញក្រោនចាញ់តែមួយលើកប៉ុណ្ណោះក្រោមថ្វីជើងគូប្រជែងស្វាយរៀង និងឈ្នះ៧លើក ទទួលបាន២១ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី២។
 
វិសាខា ដែលឈ្នះអង្គរថាយហ្គឺរ ២-១ នៅកីឡដ្ឋានព្រីនស៍ ឡើងទៅឈរចំណាត់ថ្នាក់ទី៣វិញ ដោយរកបាន១៥ពិន្ទុ។ បឹងកេត ដែលមាន១៣ពិន្ទុ ធ្លាក់ទៅលេខ៤វិញ ក្រោយចាញ់ ដង្កោសែនជ័យទាំងប្រផិតប្រផើយ ក្នុងលទ្ធផល ២-១។ ដង្កោសែនជ័យ ឈរលេខរៀងទី៧បណ្តោះអាសន្ន ដោយរកបាន១០ពិន្ទុ។
 
ឈ្នះទ័ព ២-១ នៅកីឡដ្ឋានកំពង់ស្ពឺ បានជួយណាហ្គាវើលដ៍រកបានជ័យជម្នះទី២ ចំណោម៨ប្រកួតនៅរដូវកាលថ្មីនេះ។ ណាហ្គាវើលដ៍ រកបាន៨ពិន្ទុប៉ុណ្ណោះ និងស្ថិតនៅចំណាត់ថ្នាក់ទី៨។
ទ័ព ឈរលេខ៥ មាន១០ពិន្ទុ ស្របពេល អង្គរថាយហ្គឺរ នៅចំណាត់ថ្នាក់ទី៩ មាន៣ពិន្ទុ ពីលើក្រុមបាតតារាងគិរីវង់សុខសែនជ័យ ដែលរកបាន២ពិន្ទុ។ ក្នុងចំណោមក្រុមទាំង១០ មានតែគិរីវង់សុខសែនជ័យមួយប៉ុណ្ណោះដែលមិនទាន់រកបានជ័យជម្នះនៅឡើយក្រោយការប្រកួត៨លើករដូវកាល ២០២៣-២៤នេះ៕
 

Tag:
 CPL
© រក្សាសិទ្ធិដោយ thmeythmey.com