កីឡាជាតិ
ជាតិ
តាមមាគ៌ា Sir Bobby Charlton កម្ពុជា ប្តេជ្ញាមិនឱ្យមានមីនទៀតឡើយ
23, Oct 2023 , 4:02 pm        
រូបភាព
រូបភាព៖ ផេកហ្វេសប៊ុកអាជ្ញាធរមីនកម្ពុជា
រូបភាព៖ ផេកហ្វេសប៊ុកអាជ្ញាធរមីនកម្ពុជា
លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា (CMAA) ផ្ញើរសារលិខិតរំលែកទុក្ខ Sir Bobby Charlton ដែលទទួលមរណភាពនៅថ្ងៃទី២១ ខែតុលា។ ក្នុងលិខិតនោះ លោកទេសរដ្ឋមន្រ្តី បានរៀបរាប់ពីវិរភាពរបស់វីរបុរសក្រុមជម្រើសជាតិអង់គ្លេស និង Manchester United ក្នុងបុព្វហេតុការងារមនុស្សធម៌ ក្នុងសកម្មភាពកម្ចាត់មីន និងជួយជនរងគ្រោះដោយសារមីននៅកម្ពុជា។

«ក្នុងនាមអាជ្ញាធរកំចាត់មីនកម្ពុជា និងប្រជាជនកម្ពុជា រួមទាំងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារ មិត្តភ័ក្តិរបស់ Sir Bobby Charlton។ ការ​បាត់​បង់​​តំណាង​កីឡា​បាល់​ទាត់ និង​មនុស្ស​ធម៌​រូបនេះ មិន​ត្រឹម​តែ​មាន​ក្នុង​ពិភព​កីឡា​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏ស្ថិត​ក្នុង​ចិត្ត​ប្រជាជន​កម្ពុជា​គ្រប់​រូបផងដែរ»។ នេះជាសំណេរមួយផ្នែកនៅក្នុងលិខិតដែលមានហត្ថលេខាលោក លី ធុច ដែលបានបង្ហាះលើផេកហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរមីននៅល្ងាចថ្ងៃទី២២ ខែតុលា ដើម្បីរំលែកទុក្ខដល់គ្រួសារសពលោក Bobby Charlton។
 
Sir Bobby Charlton ដែលជួយអង់គ្លេសឈ្នះ World Cup លើកដំបូង ក្នុងឆ្នាំ១៩៦៦ បានទទួលមរណភាពក្នុងវ័យ៨៦ឆ្នាំ ក្រោយរងជំងឺវង្វេងរយ:ពេលវែង នៅយប់ថ្ងៃទី២១ ខែតុលា។ លោក Charlton ជាសប្បរសជនជួយពលរដ្ឋខ្មែរ​ ជាពិសេសជនរងគ្រោះដោយសារមីន​នៅ​ខេត្តពោធិ៍សាត់ តាមរយ:មូលនិធិ​ Bobby Charlton។
 
​ក្រោម​គម្រោង​មូលនិធិ Find A Better Way (FABW) ដែល​បង្កើតឡើង​កាលពី​ឆ្នាំ​២០១១ លោក Bobby Charlton មាន​មហិច្ឆតា​ខ្ពស់​ក្នុង​ការជួយ​សម្រួល​ទុក្ខលំបាក​ជនរងគ្រោះ​ដោយសារ​សង្គ្រាម ជាពិសេស​ចាប់តាំងពី​លោក​បានឃើញ​ពី​ស្ថានភាព​ជនរងគ្រោះ​នៅ​តំបន់​ចម្ការមីន នា​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ឆ្នាំ​២០០៧​។​
 
Sir Bobby Charlton Center for Vocational Training បាន​អនុវត្ត​ដោយ​ដៃគូ​របស់ FABW គឺ​អង្គការ​សេវាកម្ម​អភិ​វ​ឌ្ឈ​ន៍​ជនពិការ (DDSP)​។ មជ្ឈមណ្ឌល Sir Bobby Charlton នៅ​កម្ពុជា ​ជួយ​គាំទ្រ​ដល់​ការងារ​របស់ DDSP ដើម្បី​លើកកម្ពស់​សកម្មភាព​ជនពិការ​គ្រប់​ប្រភេទ ជាពិសេស​អ្នក​រស់រានមានជីវិត​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន រួមទាំង​ជនពិការ​រាងកាយ ប្រាជ្ញា​ស្មារតី​ផ្សេងៗ​។​
 
ការបាត់បង់លោក Bobby Charlton ដែលជាសប្បុរសជនដ៏ពិសេសនេះ បានធ្វើឱ្យស្ថាប័ន CMAA និងប្រជាពលរដ្ឋខ្មែរសោកស្តាយ។ «ការចូលរួមចំណែករបស់លោក Bobby Charlton ដល់ប្រទេសកម្ពុជា ជាក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ។ ការងារមនុស្សធម៌របស់គាត់ ជាពិសេសការគាំទ្រចំពោះអាជ្ញាធរកម្ចាត់មីន និងជនរងគ្រោះនៅកម្ពុជា (CMAA) ជាសក្ខីភាពមួយចំពោះក្តីមេត្តា និងការលះបង់ក្នុងការធ្វើឱ្យពិភពលោកក្លាយជាកន្លែងប្រសើរជាងមុន។ ក្រោមការណែនាំរបស់គាត់ និងតាមរយៈមូលនិធិ Sir Bobby ប្រជាជាតិរបស់យើងបានទទួលជំនួយដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដោះមីន ការគាំទ្រដល់ជនរងគ្រោះដោយសារមីន និងអារម្មណ៍នៃក្តីសង្ឃឹមជាថ្មី»។ នេះជាសំណេរបន្ថែម អមជាមួយលិខិតរំលែកទុក្ខលោក Bobby Charlton ដែលជាការរៀបរាប់របស់លោក លី ធុជ ផ្ទាល់។
 
ដោយដើរតាមគន្លងមាគ៌ា និងកម្លាំងញើសឈាមក្នុងបុព្វហេតុមនុស្សធម៌របស់ Sir Bobby Charlton ចំពោះពលរដ្ឋខ្មែរ អាជ្ញាធរមីនកម្ពុជាប្តេជ្ញាខិតខំធ្វើការងារនេះបន្ត ដោយធ្វើយ៉ាងណាឱ្យកម្ពុជាលែងមានមីនតទៅទៀត។
 
អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា បន្ថែមថា៖«តាមរយៈស្មារតីមនុស្សធម៌ និងការងារមិនចេះនឿយហត់របស់ Charlton នៅកម្ពុជា យើងនឹងបន្តការងារនេះ ដោយខិតខំដើម្បីប្រទេសកម្ពុជាដែលគ្មានមីន»៕
 

Tag:
 Sir Bobby Charlton
  លោក លី ធុជ
  មីន
© រក្សាសិទ្ធិដោយ thmeythmey.com