ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន៖ ការចងសម្ព័ន្ធបក្សនយោបាយ និងការចូលឧត្តមក្រុមប្រឹក្សា មានគោលដៅខុសគ្នា
25, Oct 2023 , 9:29 pm        
រូបភាព
ភ្នំពេញ៖ ការចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ គឺជាការចូលរួមជជែកពិភាក្សាគ្នា ដោយផ្ទាល់ជាមួយរដ្ឋាភិបាលពីកិច្ចការសង្គម ​។ ចំណែកការចងសម្ព័ន្ធភាពគ្នារវាងបក្សទាំង២៨ ជាកិច្ចការនយោបាយរួមគ្នា ក្នុងការពារប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញ។ សម្ដេច ហ៊ុន សែន ពន្យល់បែបនេះ នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយ ចំនួន២៧ផ្សេងទៀត នៅទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ តុលា។

 
បច្ចុប្បន្ននេះ មានបណ្ដាបក្សនយោបាយចំនួន៣០ហើយ ដែលបានចូលរួមក្នុង ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់។ គណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ នៅអាណត្តិទី៧នេះ គឺអាចចូលក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីផ្ដល់ធាតុចូលទៅកាន់រដ្ឋាភិបាលដោយផ្ទាល់។ នេះបើតាមការលើកឡើងរបស់ សម្ដេច ហ៊ុន សែន ។
 
សម្ដេច ពន្យល់បន្ថែមថា រដ្ឋាភិបាលអាចមានកិច្ចការជាក់លាក់ ដើម្បីដាក់ទៅ ឱ្យឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ពិនិត្យ និងពិភាក្សាគ្នា ដូចជាសេចក្ដីព្រាងច្បាប់ជាដើម។ 
 
ដោយឡែក ការព្រមព្រៀងគ្នាចងសម្ព័ន្ធភាពរវាងបក្សទាំង២៨នេះ គឺខុសគ្នា ពីការចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់។ សម្ដេច ពន្យល់ថា ការចងសម្ព័ន្ធនេះ គឺមានគោលដៅដូចមានចែងក្នុងកិច្ចព្រមព្រៀង ស្ដីពីការចងសម្ព័ន្ធ រួមមាន ពង្រឹងកិច្ចសហប្រតិបត្តិការ ដោយស្មើភាព ស្មើសិទ្ធិ គោរពឯករាជ្យ និងស្វ័យភាពរបស់គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ បក្សចង់សម្ព័ន្ធភាព ប្តេជ្ញាគោរព ប្រតិបត្តិ និងការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌ជាដើម។ 
 
តាមរយៈការចងសម្ព័ន្ធភាពនេះ មេដឹកនាំបក្សនយោបាយទាំងនោះ ក៏បានប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម។ ក្នុងកិច្ចព្រមពៀងរបស់បណ្ដាបក្សទាំង២៨ សង្កត់ធ្ងន់ដែរថា ប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពរបស់មជ្ឈដ្ឋានណា ដែលព្យាយាមបំផ្លាញ ឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឱ្យមានការផ្លាស់ប្តូរណាមួយ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។ ក្រៅពីនេះ បើមានបញ្ហាណាមួយកើតឡើងរវាងការចងសម្ព័ន្ធ ក្នុងកិច្ចព្រមព្រៀងនេះ គឺភាគីទាំងអស់ ត្រូវចាត់តំណាងឱ្យជួបពិភាក្សារួមគ្នា ដោះស្រាយបញ្ហាដោយសន្តិវិធី៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com