កីឡាជាតិ
ជាតិ
បង្កើតព័ត៌មាន Fake លើបណ្តាញសង្គម នឹងជះឥទ្ធិពលអាក្រក់ដល់វិស័យបាល់ទាត់ខ្មែរ
26, Oct 2023 , 7:59 am        
រូបភាព
លោក ខេង សុខ ហេង ប្រធានផ្នែកផ្សព្វផ្សាយក្រុមហ៊ុន Cambodian Premier League
លោក ខេង សុខ ហេង ប្រធានផ្នែកផ្សព្វផ្សាយក្រុមហ៊ុន Cambodian Premier League
លោក ខេង សុខហេង ប្រធានផ្នែកផ្សព្វផ្សាយក្រុមហ៊ុន Cambodian Premier League (CPL) បានបដិសេធចំពោះការចុះផ្សាយព័ត៌មាន លើបណ្ដាញសង្គម ដែលថា លោក Satoshi Saito នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន CPL លាលែងពីតំណែងនេះ។ ប្រធានផ្នែករូបនេះ ចាត់ទុកព័ត៌មានមិនពិត (Fake News) ដែលមិនមានប្រភពច្បាស់លាស់ នឹងជះឥទ្ធិពលអាក្រក់ដល់វិស័យបាល់ទាត់ខ្មែរ ដ្បិតអ្នកគាំទ្រ និងអ្នកឧបត្ថម្ភ បាត់បង់ទំនុកចិត្ត។



នារយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ ដោយអវត្តមាន លោក Satoshi Saito ពីកីឡដ្ឋានប្រកួតបាល់ទាត់ តាមបណ្ដាលក្លិប ក្នុងការប្រកួតលីគកំពូលកម្ពុជា ព័ត៌មានមួយចំនួន បានផ្សាយថា នាយកប្រតិបត្តិរូបនេះ បានលាឈប់ពីតំណែង។ 
 
ជុំវិញរឿងនេះ លោក ខេង សុខហេង បានផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ ដោយបញ្ជាក់ថា នេះ គឺជារឿងមិនពិតទេ ព្រោះលោក Satoshi Saito នឹងវិលពីប្រទេសអេស្ប៉ាញ ត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីរូបលោក​ បានទៅសួរសុខទុក្ខក្រុមគ្រួសារ នៅទីនោះ។
 
ប្រធានផ្នែកផ្សព្វផ្សាយ CPL រូបនេះ ចាត់ទុកថាការចេញផ្សាយដំណឹងមិនពិត និងអវិជ្ជមាន នឹងមិនបានជួយអ្វីទេ ដល់វិស័យបាល់ទាត់កម្ពុជា ផ្ទុយទៅវិញ ដំណឹងទាំងនោះ នឹងធ្វើឲ្យបាល់ទាត់កម្ពុជាធ្លាក់ចុះ ព្រោះអ្នកគាំទ្រ លែងតាមដាន ហើយក៏នឹងបាត់បង់ទំនុបចិត្តពីក្រុមហ៊ុនឧបត្ថម្ភ ផងដែរ។ លោក សុខហេង ក៏សំណូមពរ ឲ្យអ្នកគាំទ្រទាំងអស់ សូមពិចារណា មិននឹងជឿលើព័ត៌មានណាមួយ ហើយក៏សូមឲ្យអ្នកសារព័ត៌មាន មុននឹងចុះផ្សាយអ្វីមួយ ត្រូវទទួលដំណឹងឲ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រភពច្បាស់លាស់។
 
«សម្រាប់ព័ត៌មានបែបនេះ វា អាចធ្វើឲ្យមានការប៉ះពាល់ច្រើន មិនត្រឹមតែអ្នកគាំទ្រទេ សូម្បីតែអ្នកឧបត្ថម្ភ ឬអ្នកដែលចង់សហការជាមួយយើង ក៏ព្រួយបារម្ភដែរ។ អ៊ីចឹង សំណូមពរឲ្យអ្នកសារព័ត៌មានយើង ប្រសិនជាទទួលព័ត៌មានច្បាស់លាស់ពីប្រភពណាមួយ ចាំចុះផ្សព្វផ្សាយ គឺវាល្អជាង។ នៅពេលពួកគាត់ មិនទទួលបានព័ត៌មានច្បាស់លាស់ ផ្សព្វផ្សាយបែបនេះ គឺវាមានផលប៉ះពាលខ្លាំង។ អ្នកគាំទ្រលីគ គាត់ព្រួយបារម្ភ។ ចំណែកអ្នកឧបត្ថម្ភ គាត់ គឺកាន់តែព្រួយបារម្ភ ព្រោះម្ចាស់ឧបត្ថម្ភខ្លះ គឺគាត់ចូលមកក្នុងលីគរបស់យើងថ្ងៃនេះ គាត់អត់ចូលរួមគាំទ្រ តាមលោកនាយកប្រតិបត្តិរបស់យើងដែរ។ អ៊ីចឹង បើនៅសុខៗ លេចដំណឹងបែបនេះ គឺធ្វើឲ្យប៉ះពាល់ខ្លាំង ហើយសូម្បីយើងចង់ ធ្វើព្រឹត្តិការណ៍អ្វីថ្មី អ្នកចង់ចូលរួម ក៏គាត់ព្រួយបារម្ភដែរ។ ខ្ញុំ ស្នើសុំឲ្យ ចាំទទួលដំណឹងច្បាស់លាស់ពីប្រភពណាមួយ ដូចជាខាងលីគគាត់ប្រកាស ឬខាងសហព័ន្ធ អីបានផ្សព្វផ្សាយ ចាំគាត់ចុះបន្ដ។»។ មន្ដ្រីជាន់ខ្ពស់ក្រុមហ៊ុនលីគរូបនេះ បាននិយាយដូច្នេះ។
 
លោក សុខហេង បន្ថែមទៀតថា ការអភិវឌ្ឍបាល់ទាត់ តាមរយៈការបំផុសគំនិតថ្មីៗ របស់លោក  Satoshi Saito បានធ្វើឲ្យវិស័យនេះ មានប្រជាប្រិយកាន់តែខ្លាំង ដោយសារកំណើនចំនួន នៃអ្នកគាំទ្រក្នុងទីលាន ម្យ៉ាងវិញទៀត ការប្រកួតប្រជែង ដែលមានកម្រិតប្រហាក់ប្រហែលគ្នា និងជាគុណភាព របស់កីឡាករ ដែលធ្វើឲ្យទស្សនីយភាពប្រកួតនីមួយៗ កាន់តែទាក់ទាញ៕
 

Tag:
 បាល់ទាត់
  ខេង សុខហេង
  Cambodian Premier League
© រក្សាសិទ្ធិដោយ thmeythmey.com