កីឡាជាតិ
ជាតិ
លោក Oleg Starynskyi៖ យើង មិនខ្វល់ថាអ្នកណាជាគូប្រកួតទេ ប៉ុន្ដែគោលដៅយើង គឺទៅវគ្គបន្ទាប់
26, Oct 2023 , 11:42 am        
រូបភាព
ភ្នំពេញក្រោន អបអរគ្រាប់បាល់ ឈ្នះ Shan United
ភ្នំពេញក្រោន អបអរគ្រាប់បាល់ ឈ្នះ Shan United
ភ្នំពេញក្រោន ត្រូវប្រកួតជាមួយ Macarthur FC របស់អូស្ដ្រាលី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅម៉ោង ៧:០០ យប់ ក្នុងពូល F នៃការប្រកួត AFC Cup 2023-2024 នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន និយាយថា ភ្នំពេញក្រោន ដាក់គោលដៅទៅវគ្គបន្ទាប់ ដោយមិនខ្វល់ ពីកម្រិត នៃគូប្រកួតឡើយ។



លោក Oleg Starynskyi បាននិយាយក្នុងសន្និសីទសារព័ត៌មានមុនប្រកួត កាលពីថ្ងៃទី២៥ ខែតុលា ដោយទទួលស្គាល់ ក្រុមបាល់ទាត់ Macarthur FC មានកម្រិតខ្លាំងជាងក្រុម ក្នុងតំបន់អាស៊ានជាច្រើន ដោយសារតែលីគអូស្ដ្រាលី មានកម្រិតខ្ពស់ជាង ។ ជាពិសេសក្រុមពួកគេ ក៏ធ្លាប់ប្រកួតជាមួយក្រុមមកពីតំបន់អឺរ៉ុបដែរ។ 
 
ប៉ុន្ដែ គ្រូបង្វឹករូបនេះ មិនបានខ្វល់ទៅលើរឿងកម្រិតរបស់ក្រុម Macarthur FC ឡើយ ដោយគ្រាន់តែផ្ដោតលើគោលដៅរបស់ក្លិបជាធំ គឺការឡើងទៅវគ្គបន្ទាប់ នៃការប្រកួតពានរង្វាន់ AFC Cup 2023-2024។ ចំពោះការប្រកួត នឹងប្រព្រឹត្តទៅបែបណានោះ លោក Oleg Starynskyi បានលើកឡើងថា មានតែចាំមើលលទ្ធផល បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួតប៉ុណ្ណោះ។
 
«យើង ដឹងច្បាស់ហើយហើយថា មានតែមួយក្រុម ដែលអាចប្រាកដទៅវគ្គបន្ទាប់ ហើយបច្ចប្បន្ន យើងនៅចំណាត់ថ្នាក់លេខ២។ ប៉ុន្ដែ គោលដៅរបស់យើង មិនខ្វល់ពីអ្នកណាជាគូប្រកួតរបស់យើងទេ ។ យើង ចង់ជាក្រុមទី១ក្នុងពូល ហើយបង្កើតកំណត់ត្រាសម្រាប់កម្ពុជា សម្រាប់ការជាប់ទៅវគ្គបន្ទាប់។ គេ មានកីឡាករមានគុណភាពច្រើន ហើយបាល់ទាត់ គេធ្លាប់ប្រជែងក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក។ ខ្ញុំ អាចនិយាយបានថា គឺមានកម្រិតខ្ពស់ជាងយើង ហើយធ្លាប់លេងជាមួយក្រុមនៅអឺរ៉ុប ហើយក្រុម Macarthur FC គឺជាក្រុមមួយ ក្នុងចំណោមក្រុមទាំងនោះ។ ប៉ុន្ដែយ៉ាងណា យើង ត្រូវចាំស្ដាប់ នូវសម្លេចកញ្ចែផ្លុំបញ្ចប់ ៩០នាទី ថាតើមានអ្វីកើតឡើង។»។ គ្រូបង្វឹកក្លិបភ្នំពេញក្រោនរូបនេះ បាននិយាយដូច្នេះ។
 
ក្នុងសន្និសីទជាមួយគ្នានេះ Yudai Ogawa ខ្សែបម្រើកណ្ដាលភ្នំពេញក្រោន ដែលមានមាឌតូច និងកម្ពស់ ១.៧៤ម៉ែត្រ បានប្រាប់ថា ទំហំ និងមាឌធំ នៃរាងកាយរបស់កីឡាករ Macarthur FC មិនបានធ្វើឲ្យរូបគេ និងមិត្តរួមក្រុម ចាត់ទុកថា ជាឧបសគ្គទេ សម្រាប់ការប្រកួតនេះ។ ខ្សែបម្រើសញ្ជាតិខ្មែរ-ជប៉ុន រូបនេះ​ ពន្យល់ថា ការប្រកួតបាល់ទាត់ មិនមែនយករាងកាយទៅប្រជែងទាំងស្រុងទេ ប៉ុន្ដែត្រូវមានភាពវៃឆ្លាត បច្ចេកទេស រួមជាមួយនៃទម្រង់ ដែលលេងជាក្រុម។
 
Yudai Ogawa បាននិយាយដូច្នេះថា៖«យើង មិនប្រកួតជាមួយកម្លាំងកាយសម្បាទាទេ។ ក្នុងការប្រកួត យើងលេងជាមួយ បច្ចេកទេស។ យើង ប្រើបច្ចេកទេសច្រើន បញ្ជូនបាល់ឲ្យគ្នាឲ្យបានច្រើន និងគ្រប់គ្រង់បាល់ឲ្យបានច្រើន ហើយព្យាយាមគ្រប់គ្រងការប្រកួត។ យើង មិនប្រៀបធៀបជាមួយគូប្រកួតទេ ប៉ុន្ដែយើង នឹងលេងទាំងមានទំនុបចិត្ត។»។
 
គួរបញ្ជាក់ថា ក្នុងពូល F ភ្នំពេញក្រោន បានឈ្នះ ២ប្រកួត រួចមកហើយ ដោយឈ្នះ Dynamic Herb Cebu របស់ឥណ្ឌូណេស៊ី លទ្ធផល ៣-០ និងឈ្នះ Shan United របស់មីយ៉ាន់ម៉ា លទ្ធផល ៤-០។ ដូចគ្នានេះ  Macarthur FC បានយកឈ្នះ ក្រុមទាំងពីរនេះ ដោយឈ្នះ Shan United លទ្ធផល ៣-០ និងឈ្នះ Dynamic Herb Cebu លទ្ធផល ៨-២។ ភ្នំពេញក្រោន អាចយកឈ្នះ Macarthu FC នៃការប្រកួត AFC Cup វគ្គចែកពូល ដែរឬទេ?
 

Tag:
 បាល់ទាត់
  Oleg Starynskyi
  Macarthur FC
  AFC Cup
© រក្សាសិទ្ធិដោយ thmeythmey.com