កីឡាជាតិ
ជាតិ
ក្រុមបាល់ទះអង្គុយកម្ពុជា ឈ្នះ ជប៉ុន ដណ្តើមបានលេខ៥ ក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៤
26, Oct 2023 , 2:01 pm        
រូបភាព
ការប្រកួតរវាងកម្ពុជា និងជប៉ុន រូបពី VDO Live Song Sokleap
ការប្រកួតរវាងកម្ពុជា និងជប៉ុន រូបពី VDO Live Song Sokleap
អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា លើវិញ្ញាសាកីឡាបាលទះអង្គុយ (បុរស) បានយកឈ្នះ ជប៉ុន លទ្ធផល ៣សិត ទល់ ១សិត ក្នុងការប្រជែងយកលេខ៥ ក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេម លើកទី៤ (4th Asian Para Games) នៅទីក្រុង Hangzhou ប្រទេសចិន។



នៅសិតទី១ កម្ពុជា បានឈ្នះ ជប៉ុន ទាំងលទ្ធផលប្រកៀកប្រកិត ២៥-២០។ ចូលដល់សិតទី២ ជប៉ុន វាយបក ឈ្នះក្នុងលទ្ធផល ២៦-២៤។ ប៉ុន្ដែនៅសិតទី៣ និងទី៤ កម្ពុជា ឈ្នះ ពិន្ទុដាច់ ក្នុងលទ្ធផល ២៥-១៨ និង លទ្ធផល ២៥-១៩។
 
ក្រុមទាំង២ បានឆ្លងកាត់ការប្រកួត ៣ប្រកួតក្នុងពូល មុនពេលមកជួបគ្នា។ ជប៉ុន នៅក្នុងពូល A ជាមួយ ម្ចាស់ផ្ទះ ចិន, កូរ៉េខាងត្បូង និងមីយ៉ាន់ម៉ា។ ចំណែក កម្ពុជា នៅពូល B ជាមួយ អ៊ីរ៉ង់, កាហ្សាក់ស្ថាន និងថៃ។ ក្រុមទាំង២ សុទ្ធតែចាញ់ ២ប្រកួត ដូចគ្នា និងបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ តាមពូលរៀងខ្លួន។ 
 
ចំពោះការប្រកួតក្នុងពូល ជប៉ុន ចាញ់កូរ៉េខាងត្បូង ៣សិត ទល់ ០ និងចាញ់ ចិន ៣សិត ទល់ ០ ហើយឈ្នះ មីយ៉ាន់ម៉ា ៣សិត ទល់ ១សិត។ រីឯ កម្ពុជា អត្ដពលិក បានចាញ់ កាហ្សាក់ស្ថាន ៣សិត ទល់ ០ និងចាញ់​ អ៊ីរ៉ង់ ៣សិតទល់០ ហើយឈ្នះ ថៃ ៣សិត ទល់១សិត។
 
ម្ចាស់ការពារមេដាយមាស អ៊ីរ៉ង់ ត្រូវបន្តទៅជួប កូរ៉េខាងត្បូង ខណៈម្ចាស់ផ្ទះចិន ប៉ះកាហ្សាក់ស្ថាន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៦ ខែតុលានេះ។ ការប្រកួតដណ្តើមមេដាយមាស និងសំរឹទ្ធ នឹងធ្វើនៅថ្ងៃទី២៧ ខែតុលា៕
 

Tag:
 បាល់ទះអង្គុយ
  Asian Para Games
  អាស៊ីប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com