ជាតិ
ជប៉ុន ជួយកម្ពុជា ៩,៧លានដុល្លារ សម្រាប់ពន្លឿនការចេញប្លង់កាន់កាប់ដីធ្លី ដល់ពលរដ្ឋខ្មែរ
26, Oct 2023 , 3:09 pm        
រូបភាព
ពលរដ្ឋទទួលបញ្ចីកាន់កាប់ដីធ្លីនាពេលកន្លងមក។ រូបពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ពលរដ្ឋទទួលបញ្ចីកាន់កាប់ដីធ្លីនាពេលកន្លងមក។ រូបពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ភ្នំពេញ៖ ជប៉ុន ផ្ដល់ជំនួយឥតសំណង ៩,៧លានដុល្លារ ដើម្បីជួយពន្លឿនការវាស់វែងនិងការចុះបញ្ជីដីធ្លីរបស់កម្ពុជា។ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងជួបជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីចុះហត្ថលេខារួមគ្នា លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង នាទីស្តីការក្រសួង។

 
ជំនួយ ៩,៧ លានដុល្លារនេះ នឹងយកទៅអនុវត្តគម្រោងកសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍។ ដូច្នេះ គោលបំណងនៃគម្រោងជំនួយរបស់ជប៉ុនេះ គឺពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។
 
ក្រសួងការបរទេស​កម្ពុជា ចាត់ទុកការជួយជ្រោមជ្រែងរបស់ជប៉ុន ជាកាយវិការដ៏សប្បុរស ដែលបង្ហាញពីការប្តេជ្ញាចិត្ត នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ លើសពីនេះ វាបានរួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕ 
 

Tag:
 ជប៉ុន
  ជំនួយ
  ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com