កីឡាជាតិ
ជាតិ
គ្រូបង្វឹក និងជាអតីតកីឡាករល្បីជាង១០រូប ជួយបំបែកក្បាច់ឱ្យ ព្រំ សំណាង មុនជួប Dave Leduc
26, Oct 2023 , 4:49 pm        
រូបភាព
គ្រូ ១០ នាក់ ចូលរួមបំបែកក្បាច់ឲ្យ ព្រំ សំណាង រូបពី KUN KHMER HD
គ្រូ ១០ នាក់ ចូលរួមបំបែកក្បាច់ឲ្យ ព្រំ សំណាង រូបពី KUN KHMER HD
កីឡាករព្រំ សំណាង នឹងត្រូវប្រកួតជាមួយ Dave Leduc នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទឹកដីប្រទេសកម្ពុជា។ លោក អេ ភូថង ប្រធានក្លិបប្រដាល់គុនខ្មែរ អេ ភូថង បាននិយាយប្រាប់ថា មុនការប្រកួតនេះ មានគ្រូប្រដាល់គុនខ្មែរជាច្រើន ដែលសុទ្ធតែជាអ្នកមានឈ្មោះល្បី បានចូលរួមប្រាប់ពីគន្លឹះ និងជួយបំបែកក្បាច់ដល់ ព្រំ សំណាង ដើម្បីធ្វើយ៉ាងយកឈ្នះលើកីឡាកររបស់មីយ៉ាន់ម៉ា។ យ៉ាងណាក៏ដោយ លោក អេ ភូថង បន្ថែមថា ត្រង់ការអនុវត្ត និងការយកទៅប្រើការក្នុងពេលប្រកួត គឺស្ថិតលើព្រំ សំណាង។



យោងទៅលើរូបភាព និងវីឌីអូ មួយចំនួនលើបណ្ដាញសង្គមហ្វេសប៊ុក គ្រូបង្វឹកប្រដាល់គុនខ្មែរជាច្រើនរូប បានចូលរួមផ្ដល់អនុសាសន៍ និងបំបែកក្បាច់ឲ្យ កីឡាករ ព្រំ សំណាង។ គ្រូបង្វឹកទាំងនោះ សុទ្ធតែជាអ្នកល្បីៗ ក្នុងវិស័យប្រដាល់គុនខ្មែរ ក្នុងនោះ មាន អេ ភូថង, ជា ស្រួច, ប៊ឺត ខាំ, ប៊ឺត សំខាន់, នួន ភារម្យ, វ៉ន វីវ៉ា, ឡៅ ស៊ីណាត, វង្ស ស៊ីថៃ, សេន ប៊ុនថេន ជាដើម។
 
លោក អេ ភូថង បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា អ្នកល្បីៗ ទាំងនោះ គឺមានក្បាច់ផ្សេងៗគ្នា និងមានគំនិតជាច្រើន ក្នុងចូលរួម ដើម្បីជួយដល់ កីឡាករ ព្រំ សំណាង ប៉ុន្ដែ សម្រាប់ជ័យជម្នះ គឺស្ថិតលើកីឡាករកម្ពុជារូបនេះ នឹងយកទៅប្រើជាក់ស្ដែង អំឡុងពេលប្រកួត។
  
គ្រូ ១០នាក់ ចូលរួមបំបែកក្បាច់ឲ្យ ព្រំ សំណាង រូបពី KUN KHMER HD

«គ្រូ មិនអាចមានក្បាច់ដូចគ្នាទេ។ ពួកគាត់មានក្បាច់ល្អ ផ្សេងៗគ្នា។ យើង មើលវីឌីអូរបស់ Dave Leduc វាយ យើងជួយបំបែកក្បាច់ឲ្យ ព្រំ សំណាង។ ប៉ុន្ដែ វាយបាន ឬមិនបាន គឺស្ថិតលើ ព្រំ សំណាង ហើយ។»។ លោក អេ ភូថង បាននិយាយដូច្នេះ។
 
ដោយឡែក ចំពោះបច្ចេកទេសហ្វឹកហាត់សំខាន់ ឬក្បាច់ត្រៀមនោះ លោក អេ ភូថង សុំមិនបញ្ជាក់នោះទេ ព្រោះការត្រៀមប្រកួតរបស់កីឡាករ។ ប្រធានរូបនេះ ក៏បានបន្ថែមទៀតថា ការប្រាប់ ឬបំបែកក្បាច់នេះ គឺគ្រាន់តែជាបច្ចេកទេសបន្ថែម មុនប្រកួតប៉ុណ្ណោះ ព្រោះ កីឡាករ ព្រំ សំណាង បានហ្វឹកហាត់ត្រៀមសម្រាប់ប្រកួតនេះ ជាច្រើនខែមកហើយ៕
 

Tag:
 ប្រដាល់គុនខ្មែរ
  ព្រំ សំណាង
  អេ ភូថង
© រក្សាសិទ្ធិដោយ thmeythmey.com