ជាតិ
​​​ន​យោ​បាយ​ជាតិ​
រុស្ស៊ី សន្យាជំរុញឱ្យវិនិយោគិន ផ្នែកឧស្សាហកម្មរថយន្ត គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាព័ត៌មាន បោះទុននៅកម្ពុជា
26, Oct 2023 , 5:39 pm        
រូបភាព
លោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា ថ្លែងនៅ ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាថ្ងៃទី២៦ តុលា ២០២៣ នៅវិមានសន្តិភាព ។
លោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា ថ្លែងនៅ ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាថ្ងៃទី២៦ តុលា ២០២៣ នៅវិមានសន្តិភាព ។
រុស្ស៊ី សន្យាជំរុញឱ្យអ្នកវិនិយោគ មករកស៊ីនៅកម្ពុជាថែមទៀត។ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា ថ្លែងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាថ្ងៃទី២៦ តុលា នៅវិមានសន្តិភាព ។



សម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ លោក Anatoly ប្តេជ្ញាជំរុញក្រុមហ៊ុនវិនិយោគរុស្ស៊ី ឱ្យមកកម្ពុជា ជាពិសេសនៅក្នុងផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន ។ 
 
ក្រៅពីកិច្ចសហប្រតិបត្តិលើវិស័យដែលមានស្រាប់ ភាគីទាំងពីរ ក៏បានពិភាក្សាផ្ដោតលើវិស័យទេសចរណ៍ និងអប់រំ ក៏ដូចជាបញ្ហាផ្សេងៗមួយចំនួនទៀត ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជន ទាំងពីរ។
 
ជាមួយគ្នានេះលោក Anatoly ជឿជាក់ថា ចំណងមិត្តភាពរុស្សី-កម្ពុជា នឹងកាន់តែរីកចម្រើនរឹងមាំទៀត លើកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ នៃទំនាក់ទំនងការទូតជាប្រវត្តិសាស្ត្រ ៦៧ឆ្នាំ មកនេះ ។
 
គោលនយោបាយការបរទេសរបស់កម្ពុជា មិនមានការប្រែប្រួលឡើយ ជាពិសេសនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-រុស្ស៊ី ។ សម្ដេច ហ៊ុន ម៉ាណែត ថ្លែងប្រាប់បែបនេះ ទៅកាន់ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា។
 
ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាពីគម្រោងរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាកម្ពុជា ទៅរុស្ស៊ី នៅក្រោយការបោះឆ្នោតព្រឹទ្ធសភាអាណត្តិថ្មីរួច ក៏ដូចជាការផ្លាស់ប្តូរទស្សនកិច្ច ក្នុងវិស័យការពារជាតិ និងសន្តិសុខជាដើម ។ រុស្ស៊ី មានគម្រោងនៃការចូលចតនាវា នៅខេត្តព្រះសីហនុ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com