កីឡាជាតិ
ជាតិ
ភ្នំពេញក្រោនអាចធ្វើបាន! ឈ្នះក្រុមពីលីគកំពូលអូស្ត្រាលី, ឈ្នះ៣ប្រកួតជាប់គ្នា, មិនរបូតគ្រាប់បាល់, Top Scorer
27, Oct 2023 , 8:44 am        
រូបភាព
ដោយ: រួបរួម
ជ័យជម្នះរបស់ភ្នំពេញក្រោន ៣-០ លើ Macarthur FC សម្រាប់ការប្រកួតពូល F នៃពានរង្វាន់ AFC Cup ២០២៣/២០២៤កាលពីយប់ថ្ងៃទី២៦ ខែតុលា នៅពហុកីឡដ្ឋានជាតិ គឺជាកំណត់ត្រាដែលមិនធ្លាប់មានពីមុនសម្រាប់ក្រុមកម្ពុជាក្នុងជំនួបតទល់ជាមួយក្រុមលីគកំពូលអូស្ត្រាលី A-League។ ជ័យជម្នះទាំង៣ប្រកួតក្នុងពូលនៃពានរង្វាន់ AFC Cup ក៏ជាកំណត់ត្រាដែលមិនធ្លាប់មានពីមុនផងដែរសម្រាប់ក្រុមកម្ពុជាក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់នេះ។ បន្ថែមពីលើនេះ ភ្នំពេញក្រោនជាក្រុមដែលមិនទាន់ធ្លាយសំណាញ់ទី ខណៈខ្សែប្រយុទ្ធជប៉ុនឡើងឈរលើតារាង Top Scorers ដោយរកបាន៦គ្រាប់ក្នុងពូល ដោយមិនរាប់បញ្ចូល២គ្រាប់នៅវគ្គជម្រុះ។





ជម្រុះបឋមជុំទីពីរ យកឈ្នះក្រុម Young Elephants របស់ឡាវ ៣-០ ដោយ Shintaro Shimizu, Yudai Ogawa និង Anderes Nieto រកបានម្នាក់១គ្រាប់។ ឈានដល់វគ្គ Playoff សម្រាប់តំបន់ ASEAN Zone ភ្នំពេញក្រោន បន្តយកឈ្នះ Tampines Rovers របស់សិង្ហបុរី ៣-២។ សារជាថ្មី កីឡាករ Yudai, Nieto និង Shintaro ជាអ្នករកគ្រាប់បាល់បញ្ចូលទីដដែលសម្រាប់ក្រុមកំពូលកម្ពុជា។

ឆ្លងចូលវគ្គជម្រុះប្រចាំតំបន់អាស៊ាន (ASEAN Zone) ភ្នំពេញក្រោនចាប់ផ្តើមយ៉ាងល្អក្នុងពូល F របស់ខ្លួន ជាមួយនឹងជ័យជម្នះបើកឆាក ៣-០ លើ Cebu FC របស់ហ្វីលីពីនក្នុងលទ្ធផល ៣-០ នាក្រុងម៉ានីល។ Shintaro និង Nieto រកគ្រាប់បាល់បន្ថែមទៀតរៀងៗខ្លួន ហើយមានការរួមចំណែក១គ្រាប់ពី អ៊ន ចាន់ប៉ូលីន។

វិលមកពហុកីឡដ្ឋានជាតិ ភ្នំពេញក្រោន យកឈ្នះ Shan United របស់មីយ៉ាន់ម៉ា ៤-០។ ខ្សែប្រយុទ្ធជប៉ុន Shintaro រកតែម្នាក់ឯងបានដល់ទៅ៣គ្រាប់ ហើយលឹម ពិសុទ្ធ បន្ថែមបាន១គ្រាប់។ នាល្ងាចថ្ងៃទី២៦ ខែតុលា នៅភ្នំពេញដដែល ភ្នំពេញក្រោន បន្តបង្កើតកំណត់ត្រាដ៏អស្ចារ្យ ដោយបានយកឈ្នះ Marcarthur FC ពីលីគកំពូលអូស្ត្រាលី A-League ក្នុងលទ្ធផល ៣-០ ដោយ Shintaro រកបាន២គ្រាប់ និង ផាច សុជាវីឡា បន្ថែម១គ្រាប់នៅនាទីបន្ថែម។

៣ប្រកួតឈ្នះទាំង៣ប្រកួត នាំភ្នំពេញក្រោនឡើងឈរកំពូលតារាងបណ្តោះអាសន្នក្នុងពូល F ហើយជាក្រុមតែមួយគត់ក្នុងព្រឹត្តិការណ៍ប្រកួត ដែលរក្សាមិនឱ្យមានការទាត់បញ្ចូលទីលើខ្លួន (Clean sheet)។ នៅថ្ងៃទី៩ ខែវិច្ឆិកា ភ្នំពេញក្រោន ត្រូវបន្តការប្រកួតជើងទីពីរជាមួយ Macarthur FC នាកីឡដ្ឋាន Campbelltown Sports ក្រុងស៊ីដនី មុននឹងបន្តស្វាគមន៍ Cebu FC ហើយទៅលេងនៅដីរបស់ Shan United ដែលជាជំនួបចុងក្រោយក្នុងពូល។

៦គ្រាប់ពីការប្រកួត៣លើកក្នុងពូល ខ្សែប្រយុទ្ធជប៉ុន Shintaro ឡើងឈរកំពូលតារាង Top Scorers ដោយនាំ Darren Lok (៤គ្រាប់) ពី Sabah, Marco Tulio ពី Central Coast Mariners, និង Valere Germain ពី Macarthur ដែលរកបានបានម្នាក់ៗ ចំនួន២គ្រាប់។



ភ្នំពេញក្រោន ក្រោមការដឹកនាំរបស់គ្រូបង្វឹកអ៊ុយក្រែន លោក Oleg Starynskyi ត្រូវការរក្សាទីតាំងយ៉ាងរឹងមាំលើកំពូលតារាង ដើម្បីទទួលបានកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់ (Zonal Semi-finals) ខណៈក្រុមលេខ២ ត្រូវការផ្ទៀងផ្ទាល់លទ្ធផលជាមួយពូលផ្សេងទៀត៕


© រក្សាសិទ្ធិដោយ thmeythmey.com