ជាតិ
កម្ពុជា មានមនុស្សចាស់ជាង ១លាននាក់ក្នុងឆ្នាំ២០២៣
29, Oct 2023 , 8:10 pm        
រូបភាព
ទិវាមនុស្សចាស់ថ្នាក់ជាតិលើកទី៣ កាលពីថ្ងៃទិ១៧ ខែតុលា ឆ្នាំ២០២៣
ទិវាមនុស្សចាស់ថ្នាក់ជាតិលើកទី៣ កាលពីថ្ងៃទិ១៧ ខែតុលា ឆ្នាំ២០២៣
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ កម្ពុជា មានមនុស្សវ័យចាស់ចាប់ពីអាយុ៦០ឆ្នាំឡើង ចំនួនជាង ១លាននាក់ក្នុងឆ្នាំ២០២៣នេះ។ ដោយឡែក ចំនួនមនុស្សចាស់ នឹងឈានដល់ ១,៥ លាននាក់ក្នុងឆ្នាំ២០២៥ និងអាចកើនឡើងរហូតទ្វេដងនៅឆ្នាំ២០៥០។ នេះបើតាមទិន្នន័យរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។


យោងតាមរបាយការណ៍ KAC បញ្ហាមនុស្សចាស់នៅតែបន្តជួបប្រទះការលំបាក និងបញ្ហាប្រឈម ដោយសារកត្តាជីវភាព ប្រាក់ចំណូល សុខភាព មិនមានអ្នកថែទាំជាប់លាប់។  ហើយថែមទាំងទទួលបន្ទុកថែទាំកុមារដែលម្តាយឪពុកចេញទៅធ្វើការរកស៊ីឆ្ងាយទៀត។ 


ទិដ្ឋភាពក្នុងវេទិកាមនុស្សវ័យចាស់ថ្នាក់ជាតិលើកទី៣

មនុស្សចាស់ភាគច្រើន ត្រូវការប្រាក់ឧបត្ថម្ភក្នុងវ័យចាស់ជាចាំបាច់ ដើម្បីទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគាត់។  លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអុកស្វាម បានលើកឡើងថា អង្គការអុកស្វាម បានសហការជាមួយអង្គការមនុស្សចាស់កម្ពុជា និងស្ថាប័ននានា ដើម្បីទទួលបានការងារសមរម្យ ការថែទាំ និងកិច្ចគាំពារសង្គមពេញលេញ។ ជាពិសេស នៅពេលមានអសន្តិសុខប្រាក់ចំណូល មានជំងឺនិងគ្រោះអាសន្ននានាជាដើម។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់អាទិភាពលើកិច្ចគាំពារ និងថែទាំមនុស្សវ័យចាស់នៅក្នុងប្រទេសកម្ពុជាផងដែរ។
 
ការកើនឡើងនៃចំនួនមនុស្សវ័យចាស់នេះ ជារឿងដែលគួរឱ្យព្រួយបារម្ភ។  បញ្ហាទាំងនេះ តម្រូវឱ្យមានកម្មវិធីដោះស្រាយចម្រុះ និងគ្រប់ជ្រុងជ្រោយសម្រាប់ថែទាំ និងគាំពារមនុស្សចាស់ ជាពិសេសមនុស្សវ័យចាស់ជាស្រ្តី។ លើសពីនេះ មនុស្សចាស់គ្មានប័ណ្ណក្រីក្រ និងប្រាក់សោធនិវត្តន៍ ត្រូវកាជំនួយសម្រាប់រស់នៅ ពិសេសពេលមានជំងឺ។ 
 
យ៉ាងណាមិញ លោក ទុំ វីរ៉ា ជានាយកប្រតិបត្តិ របស់អង្គការមនុស្សចាស់កម្ពុជា បានបញ្ជាក់ថា ស្របពេលកម្ពុជាតែងផ្តល់ការគោរព   ផ្តល់តម្លៃដល់មនុស្សចាស់ និងចាត់ទុកគាត់ថាជាធនធានដ៏មានសារៈសំខាន់បំផុត ដូចជាមនុស្សចាស់ជរា មនុស្សចាស់គ្មានទីពឹង ក៏ត្រូវបានយល់ថាជាជនងាយរងគ្រោះផងដែរ។ 
 
ទន្ទឹមនឹងនោះ លោក ទុំ វីរ៉ា បន្តថា៖ «ខ្ញុំសង្ឃឹមថាលទ្ធផលនៃវេទិកាមនុស្សចាស់ថ្នាក់ជាតិលើកទី៣ នឹងផ្តល់ការស្វែងយល់ពីមនុស្សចាស់ជាសក្ខីភាព និងអាចជាធាតុចូលយ៉ាងចាំបាច់សម្រាប់រាជរដ្ឋាភិបាល ដើម្បីរៀបចំកម្មវិធី និងការឆ្លើយតបដល់ពួកគាត់ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត ជាពិសេសសតាមយន្តការគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់»។
 
សូមបញ្ជាក់ថា របាយការណ៍ជំរឿនប្រជាជនកម្ពុជាឆ្នាំ២០១៩ បានបង្ហាញថា កម្ពុជាមានប្រជាជនសរុបជាង១៥លាននាក់ ក្នុងនោះមាន៨,៩ភាគរយ មានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ដែលទិន្នន័យនេះបានកើនឡើង៥,២៥ភាគរយ ក្នុងពេលពីរទសវត្សរ៍កន្លងទៅ៕

Tag:
 មនុស្សចាស់
© រក្សាសិទ្ធិដោយ thmeythmey.com