ជាតិ
ឆ្នាំ២០២៤៖ រដ្ឋគម្រោងចាយ៨ពាន់លានដុល្លារ នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ១ពាន់លានដុល្លារ
29, Oct 2023 , 7:10 pm        
រូបភាព
កិច្ចប្រជុំនៅទីស្ដីការគណៈរដ្ឋមន្ត្រី។ រូប STPM
កិច្ចប្រជុំនៅទីស្ដីការគណៈរដ្ឋមន្ត្រី។ រូប STPM
ភ្នំពេញ៖ នៅឆ្នាំ២០២៤ រដ្ឋាភិបាលគ្រោងចំណាយថវិកាជាតិសរុប ៣៧ ១១០ ៤០៤លានរៀល (ជាង៩០០០លានដុល្លារ) ក្នុងនោះ ការចាយថ្នាក់ជាតិមាន៣៤ ៤៩៧ ៤៤៤លានរៀល(៨០០០លានដុល្លារ) ហើយថ្នាក់ក្រោមជាតិ៤ ៣៣១ ៨៧១លានរៀល(១០០០លានដុល្លារ)។ នេះបើយោងតាមសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤។

 
 
គម្រោងចំណាយថវិកាជាតិសរុប ៣៧ ១១០ ៤០៤លានរៀល ត្រូវជា ២៥,៩៦ភាគរយ នៃផលទុនសរុបក្នុងស្រុក (ផ.ស.ស.) ។ ចំនួននេះដែរ បើធៀបនឹងកំណត់ថ្លៃចំណាយឆ្នាំ២០២៣ គឺមានការថយចុះ៥,៣ភាគរយ។  រីឯ ចំណាយថ្នាក់ជាតិមាន៣៤ ៤៩៧ ៤៤៤លានរៀល ត្រូវជា២៤,១៣ភាគរយ នៃ ផ.ស.ស។ គម្រោងថវិកាថ្នាក់ជាតិឆ្នាំ២០២៤ បើធៀបនឹងច្បាប់ថវិកាថ្នាក់ជាតិ២០២៣ មានការថយចុះ៥,៨ភាគរយ។ ចំណែក គម្រោងថ្នាក់ក្រោមជាតិ៤ ៣៣១ ៨៧១លានរៀល ត្រូវជា៣,០៣ភាគរយ បើធៀបនឹងច្បាប់ថវិកាឆ្នាំ២០២៣ គឺមានការកើនឡើង៦,៦ភាគរយ។ 
 
យ៉ាងណា ថវិកាឆ្នាំ២០២៤ រដ្ឋមានទិសដៅកំណតចំណាយថវិកាជាតិ ឱ្យស្ថិតកម្រិតចំនួន៣៤ ៤៩៧ ៤៤៤ ប៉ុណ្ណោះ។ ចំពោះ ចំណាយបន្ទុកបុគ្គលិក ត្រូវបានរដ្ឋគ្រោងចំណាយ ១០ ២៥៤ ៩៦៧លានរៀល ដែលក្រសួងមុខងារសាធារណៈ នឹងកំណត់នាពេលខាងមុខ។ 
 
នៅឆ្នាំ២០២៤នេះ វិស័យសង្គមកិច្ចនៅតែជាអាទិភាពសម្រាប់ការចំណាយ ដូចជា ក្រសួងអប់រំយុវជន និងកីឡា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕ 
 
 

Tag:
 ថវិកាថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com