ជាតិ
ឈ្លូសប្រឹងហែល​ឡើងគោក តែបែរជាត្រូវ​វាយសម្លាប់ អាជ្ញាធរកោះកុង តាមរកបុរស​ដែលប្រព្រឹត្ត
30, Oct 2023 , 4:01 pm        
រូបភាព
រូបភាព៖ Kim Saroeun
រូបភាព៖ Kim Saroeun
ភ្នំពេញ៖ នាពេលថ្មីៗនេះ មានការចែករំលែកជាច្រើន តាមបណ្ដាញសង្គមហ្វេសប៊ុក ជុំវិញករណីបុរសម្នាក់វាយសម្លាប់សត្វឈ្លូសមួយក្បាល ដែលកំពុងត្រដរងើបហែលទឹកសមុទ្រ តម្រង់មក ឆ្នេរកុកហាវ ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ​ ខេត្តកោះកុង។



តាមរយៈវីដេអូឃ្លីបមួយ ដែលបានបង្ហោះកាលពីថ្ងៃទី២៩ តុលា សត្វឈ្លូលមួយក្បាល កំពុងហែលទឹកសមុទ្រនៅក្នុងឆ្នេរកុកហាវ ស្រាប់តែមានបុរសម្នាក់កាន់ដំបងឈើមួយដើម ស្ទុះទៅវាយសំពងក្បាល ៣ដំបង ដែលបណ្ដាលឱ្យងាប់ភ្លាមៗតែម្ដង។ ករណីនេះ មានសាធារណជនជាច្រើន មិនពេញចិត្តនោះទេ ដោយចាត់ទុកថា វាជាអំពើព្រៃផ្សៃបំផុត ដែលមនុស្សធ្វើដាក់សត្វព្រៃស្លូតត្រង់។ 
 
ជុំវិញរឿងនេះ លោក ចេង មុនីរិទ្ធ អភិបាលស្រុកគិរីសាគរ ខេត្តកោះកុង បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៣០ ខែតុលានេះថា ករណីសម្លាប់ឈ្លូសនេះ បានកើតឡើងប្រហែល ៥ថ្ងៃមុនមកម្ល៉េះ តែទើបត្រូវបានគេចែកចាយក្នុងបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៩ ខែតុលា។ បច្ចុប្បន្ន អាជ្ញាធរខេត្ត បានចាត់មន្រ្តីជំនាញនៃមន្ទីរបរិស្ថាន និងសមត្ថកិច្ចមូលដ្ឋាន ដើម្បីស្រាវជ្រាវចាប់ជនល្មើស មកអនុវត្តទោសតាមនីតិវិធីច្បាប់។ 
 
លោក ប្រាប់ដូច្នេះថា៖« ក្នុងវីដេអូនេះ ពួកយើងពង្រីក(Zoom) រកមុខដែរ តែមើលមិនឃើញ។ ឥឡូវ យើងបានឱ្យក្រុមការងារយើង ដូចជាប៉ូលិស មន្រ្តីជំនាញនៃមន្ទីរបរិស្ថាន ដើម្បីស្រាវជ្រាវនៅទីតាំងកើតហេតុផ្ទាល់។ ដោយឡែក នីតិវិធីបន្តយើងនឹងឱ្យមន្រ្តីជំនាញបរិស្ថាន គេចាត់ចែងតាមច្បាប់»។ 
 
ក្នុងនាមជាអាជ្ញាធរដែនដី លោក មុនីរិទ្ធ យល់ថា ការសម្លាប់សត្វឈ្លូសនេះ គឺជាអំពើព្រៃផ្សៃបំផុត ហើយវាក៏ជាគំរូអាក្រក់សម្រាប់ពលរដ្ឋកម្ពុជាផងដែរ។ 
 
ចំណែក លោក ខៀវ កាញារីទ្ធ សមាជិករដ្ឋសភាកម្ពុជា ឯណោះវិញ ក៏សម្ដែងការខកចិត្តចំពោះការទង្វើលអសីលធម៌នេះដែរ។ សកម្មភាពនេះ បានឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរចរិតលក្ខណៈរបស់ប្រជាជនខ្មែរពីខ្ពស់ ទៅទាប។ 

លោក បានបង្ហាញអារម្មណ៍ហួសចិត្ត ដោយអមជាមួយសំណេរលើហ្វេសប៊ុកផ្ទាល់ខ្លួន ដូច្នេះថា៖«ប្រហែលមកពីចាស់? ថ្ងៃនេះបាត់អារម្មណ៍ល្អ ពេលឃើញខ្មែរយើងវាយសម្លាប់ឈ្លូសដែលខំហែលទឹកមករករស់។ ខុសពីរូបមុនដែលឃើញបងប្អូននៅជាយក្រុងភ្នំពេញនាំគ្នាស្ទាក់ចរាចរណ៍ ដើម្បីឱ្យពស់ថ្លាន់មួយឆ្លងផុតផ្លូវ»។ 
 
សត្វឈ្លូស ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN អាស្រ័យលើកិច្ចអភិរក្ស នៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។ សត្វប្រភេទនេះ មាននៅប្រទេសឥណ្ឌា រហូតដល់ប្រទេស​ចិនភាគខាងត្បូង តំបន់អាស៊ីអាគ្នេយ៍ រួមនឹងកម្ពុជា ព្រមទាំងកោះស៊ូម៉ាត្រា កោះចាវា និងកោះបាលី។ បើទោះមិនមានទិន្នន័យច្បាស់លាស់ តែអ្នកជំនាញថា ចំនួនសត្វឈ្លូសមាននិន្នាការធ្លាក់ចុះ។ ដោយឡែក ប្រទេសកម្ពុជា សត្វឈ្លូសសម្បូរស្ទើរគ្រប់ទីកន្លែង តែមិនអាចប៉ាន់ស្មានដឹងចំនួនពិតប្រាកដឡើយ៕  
 

Tag:
 ក្រសួងបរិស្ថាន
  ឈ្លូស
  ចេង មុនីរិទ្ធ
  ស្រុកគិរីសាគរ
© រក្សាសិទ្ធិដោយ thmeythmey.com