ដោយ តេង យ៉ាលីរ៉ូហ្ស៊ី
កាលពីឆ្នាំ២០១២ លោក Santo Darmosumarto បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាក្នុងនាមជាមន្ត្រីក្រសួងការបរទេស ហើយ១១ឆ្នាំក្រោយមក លោកបានវិលត្រឡប់ជាមួយនឹងតួនាទីថ្មី គឺឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា។ ក្រោយក្រាបបង្គំគាល់ថ្វាយសារតាំងព្រះករុណាព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី រួចរាល់កាលពីថ្ងៃទី១៨ ខែតុលា អ្នកការទូតរូបនេះ បង្ហាញពីចក្ខុវិស័យច្បាស់លាស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងពង្រឹងសេវាកម្មសម្រាប់ប្រជាពលរដ្ឋឥណ្ឌូណេស៊ីដែលរស់នៅកម្ពុជា។
«ប្រសិនបើសួរខ្ញុំថា តើកិច្ចសហប្រតិបត្តិការនៅពេលនេះដល់កម្រិតកំពូលហើយឬនៅ? ខ្ញុំនឹងនិយាយថា នៅទេ។ ប៉ុន្តែ ប្រសិនបើយើងសម្លឹងទៅមុខ ខ្ញុំគិតថា នៅមានកន្លែងជាច្រើនសម្រាប់ពួកយើងដើម្បីអភិវឌ្ឍនៅក្នុងកិច្ចសហប្រតិបត្តិការរបស់យើងបន្ថែមទៀត»។ លោក Darmosumarto បានកត់សម្គាល់យ៉ាងដូច្នេះក្នុងបទសម្ភាសជាមួយសារព័ត៌មាន Cambodianess។
ក្នុងចំណងការទូត៦៥ឆ្នាំ ដែលបង្កើតឡើងដោយលោកប្រធានាធិបតី ស៊ូកាណូ និងសម្តេចឪ នរោត្តម សីហនុ ប្រទេសទាំងពីរ បានឆ្លងកាត់ដំណាក់ប្រវត្តិសាស្ត្រជាច្រើនរួមគ្នា។ ឥណ្ឌូណេស៊ី បានចូលរួមក្នុងដំណើរស្វែងរកសន្តិភាពនៅកម្ពុជាដោយដើរតួរធ្វើជាអ្នកសម្របសម្រួលកិច្ចប្រជុំក្រៅផ្លូវការលើកទីមួយនៅទីក្រុងបូហ្គោរ និងកិច្ចប្រជុំលើកទីពីរនៅទីក្រុងហ្សាកាតា ព្រមទាំងការបញ្ជូនកងទ័ពមកកាន់កម្ពុជាអំឡុងឆ្នាំ ១៩៩២ និង១៩៩៣ ។
លោកបានមានប្រសាសន៍ថា ចាប់តាំងប្រទេសទាំងពីរទទួលបានឯករាជ្យ និងបង្កើតទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានអភិវឌ្ឍ និងផ្តល់ផលប្រយោជន៍យូរអង្វែងដល់ប្រជាជន។
ក្នុងអាណត្តិនេះ លោកឯកអគ្គរដ្ឋទូត Darmosumarto មានបំណងផ្តោតទៅលើចំណុចសំខាន់ គឺរបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងការផ្តល់សេវាទៅកាន់ប្រជាពលរដ្ឋឥណ្ឌូណេស៊ី។
លោកអគ្គរដ្ឋទូតថ្មី បានគូសបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៧នៅក្នុងតំបន់អាស៊ាន ជាមួយនឹងមហិច្ឆតាចង់ក្លាយជាដៃគូពាណិជ្ជកម្មធំទី៥ជាមួយកម្ពុជា។ ផ្នែកដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការឈានដល់កម្រិតកំពូលនោះ គឺការវិនិយោគ។
ក្នុងតួនាទីជាតំណាងរដ្ឋាភិបាលឥណ្ឌូណេស៊ីប្រចាំកម្ពុជា លោក Darmosumarto បានបង្ហាញពីចក្ខុវិស័យរបស់ខ្លួនថា៖ «ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីជំរុញការវិនិយោគពីប្រទេសឥណ្ឌូនេស៊ីមកកម្ពុជា និងស្វែងរកសក្តានុពលនៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ស្ថាប័នអន្តរជាតិជាច្រើនបានទទួលស្គាល់ពីភាពប្រសើរឡើងនៃសក្តានុពលសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា បន្ទាប់ពីជំងឺរាតត្បាតរាតត្បាតកូវីត-១៩»។
របាយការណ៍បានបង្ហាញថា ពាណិជ្ជកម្មឥណ្ឌូណេស៊ី-កម្ពុជា កាលពីឆ្នាំ២០២២ សម្រេចបាន ៩៤៨លានដុល្លារ ដោយឥណ្ឌូណេស៊ីនាំចូលសរុបមានចំនួន ៩១១លានដុល្លារ ខណៈកម្ពុជានាំចូលក្នុងទំហំ ៣៧លានដុល្លារ។
កម្ពុជានាំចូលធ្យូងថ្ម ថ្នាំជក់ ត្រាក់ទ័រ គ្រាប់ធញ្ញជាតិ ថ្នាំពេទ្យ គ្រឿងម៉ាស៊ីន ប្រេងសំខាន់ៗ និងក្រាហ្វិចសិប្បនិម្មិត។ ការនាំចូលសំខាន់របស់ឥណ្ឌូនេស៊ីពីកម្ពុជាគឺសម្លៀកបំពាក់ និងស្បែកជើង។
ការពង្រឹងទំនាក់ទំនងរវាងប្រជាជនតាមរយៈការផ្តល់អាហារូបករណ៍ ការពង្រឹងវិស័យទេសចរណ៍ ការកែលម្អការផ្ដល់សេវាដល់ប្រជាជនឥណ្ឌូណេស៊ីដែលរស់នៅក្នុងប្រទេសកម្ពុជា ក៏ជាគន្លឹះដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ានទាំងពីរផងដែរ។
លោកបានបន្ថែមថា៖ «យើងមានទំនាក់ទំនងជាប្រវត្តិសាស្ត្រ។ ដូច្នេះ យុវជនជំនាន់ក្រោយត្រូវតែចងចាំទុកថា ប្រវត្តិសាស្ត្រដ៏យូរអង្វែងរបស់យើងរួមគ្នានេះហើយផ្ដល់មូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការឆ្ពោះទៅកាន់អនាគត»។
បើតាមលោក លោកឯកអគ្គរដ្ឋទូត Darmosumarto ពលរដ្ឋឥណ្ឌូណេស៊ីប្រហែល ១៦ ០០០ នាក់ កំពុងរស់នៅកម្ពុជា ហើយចំនួនអាចកើនឡើងទ្វេដង។ «ប្រសិនបើឡើងដល់៣០ ០០០ នាក់ ឬច្រើនជាងនេះ ស្ថានទូតយើងខ្ញុំត្រូវផ្តល់សេវាកម្មជាច្រើនសម្រាប់ប្រជាជនឥណ្ឌូណេស៊ីដែលរស់នៅទីនេះ»។
ក្តីស្រមៃអ្នកជាការទូតរបស់លោក Santo Darmosumarto
សុបិនកាលពីក្មេងរបស់លោក Darmonsumarto បានក្លាយជាការពិត កាលពីប្រមាណ២០ឆ្នាំមុន។ លោករៀនចប់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ University of Victoria ប្រទេសកាណាដា នាឆ្នាំ១៩៩៩ និងចប់បណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យ Monash University ប្រទេសអូស្ត្រាលីឆ្នាំ២០០៤។
ក្រោយបម្រើការនៅក្រសួងការបរទេស លោក Darmonsumarto ត្រូវបានតែងតាំងជាលេខាទីពីរទូតឥណ្ឌូណេស៊ីប្រចាំក្រុងប៉េកាំង ប្រទេសចិន ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៩ ក្រោយមកជាជំនួយការពិសេសផ្នែកកិច្ចការអន្តរជាតិនៃខុទ្ទកាល័យប្រធានាធិបតី, ជាទីប្រឹក្សាទូតឥណ្ឌូណេស៊ីប្រចាំក្រុងប៉េកាំង, ជាប្រធាននាយកដ្ឋានកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ហើយចុងក្រោយជាប្រធាននាយកដ្ឋានអាស៊ីបូព៌ា មុននឹងទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា។
ក្នុងបេសកកម្មការទូត លោកបានធ្វើកិច្ចការយ៉ាងច្រើនពាក់ព័ន្ធនឹងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយលោកធ្លាប់មានមិត្តភក្តិ និងសហការីពីកម្ពុជាផងដែរ។«ខ្ញុំតែងតែចង់មានឱកាសទៅទស្សនា ក៏ដូចជារស់នៅក្នុងផ្នែកផ្សេងៗនៃពិភពលោកនេះ ជាពិសេសនៅអាស៊ីបូព៌ា ក៏ដូចជាអាស៊ីអាគ្នេយ៍ផងដែរ។ ដូច្នេះ ខ្ញុំរីករាយណាស់ដែលបានមកកាន់កម្ពុជា»។
លោកអះអាងថា៖ «កម្ពុជាមិនមែនថ្មីសម្រាប់ខ្ញុំទេ។ ប៉ុន្តែប្រាកដណាស់ថាឥឡូវនេះ ខ្ញុំត្រូវរស់នៅកម្ពុជារយៈពេលយូរ ខ្ញុំកាន់តែចាប់អារម្មណ៍កាន់តែខ្លាំងចំពោះកិច្ចប្រឹងប្រែងបន្តផលប្រយោជន៍របស់ខ្ញុំចំពោះប្រជាជនកម្ពុជា និងប្រជាជនឥណ្ឌូណេស៊ី»៕