រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីនឹងពិភាក្សាអំពីសំណើដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាព ដល់ប៉ាឡេស្ទីននៅពេលជួបជាមួយសមភាគីអាស៊ាន ក្ចុងកិច្ចប្រជុំនាខែវិច្ឆិកា។
« យើងត្រូវការសំឡេងរួមរបស់អាស៊ាន ដោយផ្អែកលើគោលគំនិតនៃភាពជាកណ្តាលនៃប្លុក ពីព្រោះម៉ាឡេស៊ីមិនអាចធ្វើសកម្មភាពតែម្នាក់ឯងបានទេ»។ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Mohamad Hasan បានលើកឡើងនៅសភាតំណាងម៉ាឡេស៊ី កាលពីថ្ងៃទី៣១ ខែតុលា នៅពេលត្រូវបានចោទសួរអំពីលទ្ធភាពនៃការពង្រាយកម្លាំងរក្សាសន្តិភាព នៅប៉ាឡេស្ទីន។
កន្លងមក សមាជិកសភា Shahidan Kassim បាននិយាយថា ម៉ាឡេស៊ីចាំបាច់ត្រូវបំពេញបេសកកម្មរក្សាសន្តិភាពនៅប៉ាឡេស្ទីន ក្រោមបដារបស់អង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) ជំនួសឱ្យអង្គការសហប្រជាជាតិ។ សមាជិកសភា និងអង្គការមួយចំនួន ក្នុងប្រទេសម៉ាឡេស៊ីពីមុន ក៏បានអំពាវនាវឱ្យប្រទេសនេះ ដាក់ពង្រាយទាហានទៅកាន់តំបន់មជ្ឈិមបូព៌ា។
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បាននិយាយថា សំណើដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាព នៅប៉ាឡេស្ទីន នឹងត្រូវពិភាក្សានៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) ដែលប្រព្រឹត្តទៅនាខែវិច្ឆិកា នៅឥណ្ឌូណេស៊ី។ លោកបញ្ជាក់ថា ៖« យើងនឹងវាយតម្លៃថាតើអាស៊ានយល់ព្រមរៀបចំបេសកកម្មរក្សាសន្តិភាពក្រោមបដាអង្គការសហប្រជាជាតិឬអត់»។
លោករដ្ឋមន្ត្រី Mohamad បានឲ្យដឹងថា ម៉ាឡេស៊ីចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពអន្តរជាតិ ឬអត់នោះ ជាបញ្ហាកិច្ចការបរទេស ។
បើតាមលោក Mohamad ការសម្រេចចិត្តដាក់ពង្រាយទាហានជាឯកតោភាគី ទៅកាន់តំបន់ជម្លោះ មិនមែនជារឿងងាយស្រួលទេ។ លោកសង្កត់ធ្ងន់ថា វាទាមទារដំណើរការវាយតម្លៃឱ្យបានហ្មត់ចត់ពីក្រសួងពាក់ព័ន្ធជាច្រើន ក៏ដូចជាទស្សនៈរបស់ប្រទេស ជុំវិញផលប៉ះពាល់ដោយវិបត្តិ ហើយអ្វីដែលសំខាន់បំផុត គឺត្រូវមានសំណើពីអង្គការសហប្រជាជាតិ ។
ADMM ជាយន្តការសន្ទនា និងពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីការពារជាតិ នៃបណ្តាប្រទេសអាស៊ានលើបញ្ហាយុទ្ធសាស្ត្រ ការពារជាតិ និងសន្តិសុខ ហើយក៏ជាក្របខ័ណ្ឌមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងក្រសួងការពារជាតិ នៃប្រទេសក្នុងតំបន់។
ម៉ាឡេស៊ី បានបញ្ជូនទាហានទៅចូលរួមក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិចំនួន ៣៧នាក់ ក្នុងនាមជាអ្នកសង្កេតការណ៍ ឬកងកម្លាំងរក្សាសន្តិភាព ចាប់តាំងពីឆ្នាំ ១៩៦០។
ប្រទេសនេះកំពុងពង្រាយទាហាននៅឯបេសកកម្មរបស់អង្គការសហប្រជាជាតិនៅលីបង់ ដោយធ្វើការសង្កេតរួមគ្នាជាមួយសមាជិកនៅកុងហ្គោ ស៊ូដង់ ភាគខាងលិចសាហារ៉ា និងយេម៉ែន៕