នាយករដ្ឋមន្ត្រីឡាវ លោក សុនសៃ ស៊ីផាន់ដន បានប្តេជ្ញានឹងចាត់វិធានការ ដើម្បីដោះស្រាយស្ថានភាព ដែលទាក់ទងនឹងអត្រាប្តូរប្រាក់ ការប្រែប្រួលតម្លៃ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា និងស្ថិរភាពថ្លៃដើមរស់នៅ។
នាយករដ្ឋមន្ត្រីឡាវ លោក សុនសៃ ស៊ីផាន់ដន បានសន្យាថា នឹងបន្តអនុវត្តវិធានការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីការពារប្រទេសមិនឱ្យធ្លាក់ចូលទៅក្នុងវិបត្តិ។
ថ្លែងក្នុងពិធីបើកសម័យប្រជុំលើកទី៦ នៃរដ្ឋសភាឡាវ នីតិកាលទី៩ នាថ្ងៃទី៣១ ខែតុលា លោក ស៊ីផាន់ដន បាននិយាយថា រដ្ឋាភិបាលនឹងផ្តោតលើការអនុវត្តវិធានការដែលបានដាក់ចេញ ដើម្បីដោះស្រាយបញ្ហានានា ទាក់ទងនឹងអត្រាប្តូរប្រាក់និងការប្រែប្រួលតម្លៃ ដើម្បីទប់ស្កាត់ការកើនឡើងអតិផរណា និងស្ថិរភាពថ្លៃដើមនៃការរស់នៅ។
បើតាមកាសែត Vientiane Times លោក ស៊ីផាន់ដន បានបញ្ជាក់ជំហរក្នុងនាមជាប្រមុខរដ្ឋាភិបាល នៅចំពោះមុខសមាជិករដ្ឋសភាថា ៖« បំណុលនឹងបន្តត្រូវបង់ ជាពិសេសបំណុលបរទេស ហើយនឹងមិនទុកឱ្យឡាវធ្លាក់ក្នុងអន្ទាក់បំណុលនោះទេ» ។
លោកនាយករដ្ឋមន្ត្រីរូបនេះ បានសន្យានឹងសងបំណុលដល់សហគ្រាសរដ្ឋ ហើយរដ្ឋាភិបាល នឹងពិចារណាលក់ភាគហ៊ុន ក្នុងគម្រោងវារីអគ្គិសនីមួយ។ ទន្ទឹមនេះ រដ្ឋាភិបាលឡាវនឹងស្វែងរកប្រភពហិរញ្ញវត្ថុថ្មី ដើម្បីសងបំណុលនៃគម្រោងអភិវឌ្ឍន៍ ដែលឧបត្ថម្ភដោយរដ្ឋ ដូច្នេះអ្នកម៉ៅការក្នុងស្រុកមានដើមទុនគ្រប់គ្រាន់ ដើម្បីរក្សាប្រតិបត្តិការអាជីវកម្ម។
លើសពីនេះ រដ្ឋាភិបាលនឹងបង្កើនចំណូលថវិកាជាអតិបរមា តាមរយៈការស្វែងរកប្រភពចំណូលថ្មី និងការធ្វើទំនើបកម្មការប្រមូលថវិកា ដើម្បីការពារការបាត់បង់ និងបន្តកាត់បន្ថយការចំណាយ ជាពិសេសលើយានយន្តសាធារណៈ។ ជារួមនឹងបន្តគ្រប់គ្រងការប្រើប្រាស់រូបិយប័ណ្ណបរទេស និងធានាថារូបិយប័ណ្ណបរទេសត្រូវបានចរាចរនៅក្នុងប្រព័ន្ធធនាគារ ដើម្បីបង្កើនទុនបំរុងប្តូរប្រាក់បរទេស។
ក្រៅពីនេះ ឡាវនឹងបន្តកែលម្អបរិយាកាសអាជីវកម្ម បន្តកែលម្អ និងកែទម្រង់សហគ្រាសរដ្ឋទន់ខ្សោយ ដូចជា Electricite Du Laos, Policy Bank (Nayobai Bank), Lao Lottery Development Company, Lao Airlines និងសហគ្រាសផ្សេងទៀត ។ ជាពិសេសជំរុញផលិតកម្ម ដោយកាត់បន្ថយការនាំចូល ហើយបន្តលើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម , សម្រួលពាណិជ្ជកម្មឆ្លងព្រំដែន និងនីតិវិធីនៅកំពង់ផែស្ងួត , ពង្រឹងវិធានការទាក់ទាញភ្ញៀវទេសចរបរទេស។ នេះបើតាមការលើកឡើងរបស់ លោក ស៊ីផាន់ដន ៕