កីឡាជាតិ
ជាតិ
ប្រធានក្លិប គ្រូបង្វឹក បង្ហាញការដឹងគុណលោក Satoshi Saito ដែលរួមចំណែកជួយបាល់ទាត់ខ្មែរ
01, Nov 2023 , 8:59 pm        
រូបភាព
ប្រធានក្លិបកីឡាបាល់ទាត់ក្នុងលីគកម្ពុជា និងគ្រូបង្វឹក មួយចំនួន បានសម្តែងការអរគុណចំពោះលោក Satoshi Saito អតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនខេមបូឌាព្រីមាលីគ (CPL) ដែលបានរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជារយៈពេល២ឆ្នាំ។ លោក ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង អ្នកស្រី ពុធ ធីដា ប្រធានក្លិបបឹងកេត ក៏ដូចជាលោក សាប៊ូន វិនតា គ្រូបង្វឹកគិរីវង់សុខសែនជ័យ សុទ្ធតែបង្ហាញមតិរៀងខ្លួនលើបណ្តាញសង្គម។



ក្រោយកិច្ចសន្យារយៈពេល២ឆ្នាំ ក្រុមហ៊ុន CPL បានសម្រេចមិនផ្តល់កិច្ចសន្យាថ្មីបន្ថែមដល់លោក Satoshi Saito ដើម្បីបន្តធ្វើជា CEO ទៀតឡើយ។ ក្រោយការប្រកាសបែបនេះរបស់ CPL នៅព្រឹកថ្ងៃទី៣១ ខែតុលា មានអ្នកស្នេហាវិស័យកីឡានៅកម្ពុជាភាគច្រើនបង្ហាញការសោកស្តាយចំពោះអ្នកជំនាញការបាល់ទាត់ជនជាតិជប៉ុន។ ក្រៅពីនោះ ក៏មានប្រធានក្លិប គ្រូបង្វឹក និងក្លិបមួយចំនួន បង្ហាញពីការអរគុណលោក Saito។
 
អ្នកស្រី ពុធ ធីតា ប្រធានក្លិបបឹងកេត តាមរយៈការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក បានអរគុណលោក Saito ដែលបានជួយបាល់ទាត់កម្ពុជា និងចង់រក្សាទំនាក់ទំនងល្អទៅមុខទៀតរវាងអ្នកស្រីជាមួយអតីត CEO រូបនេះ។
 
លោកសាប៊ូន វិនតា គ្រូបង្វឹកគិរីវង់សុខសែនជ័យ ដែលបានដឹកនាំក្រុមរកបានជ័យជម្នះដំបូងក្នុងលីគ តាមរយៈការយកឈ្នះម្ចាស់ការពារជើងឯកភ្នំពេញក្រោន ១-០ បានបង្ហាញការគោរពចំពោះលោក Saito។
 
គ្រូបង្វឹករូបនេះ ចាត់ទុកថាឱកាសក្លាយជាគ្រូបង្វឹករបស់ខ្លួនកើតឡើងដោយមានការមើលឃើញពីអតីមេ CPL តាមរយៈសញ្ញាបត្របង្ហាត់បាល់ទាត់របស់ខ្លួន។
 
«សូមអរគុណដល់ក្រុមហ៊ុនលីគដែលធ្វើអោយសញ្ញាបត្របង្ហាត់បាល់ទាត់របស់ខ្ញុំមានឱកាសដឹកនាំក្លិបក្នុងលីគកំពូលកម្ពុជា។ អ្នកជាផ្នែកមួយបានជួយបំពេញក្តីសុបិនរបស់ខ្ញុំផងដែរ។  សូមសំណាងល្អសម្រាប់គោលដៅបន្ទាប់»។ លោក វិនតា សរសេរដូច្នេះ លើហ្វេសប៊ុករបស់ខ្លួននាថ្ងៃទី៣១ ខែតុលា ដោយមានភ្ជាប់រូបខ្លួនជាមួយលោក Saito។
 
លោក ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ក៏បានបង្ហាះសារជូនពរ អតីតនាយក​ប្រតិបត្តិ​ជនជាតិ​ជប៉ុនផងដែរ។
 
«ក្នុងនាមខ្ញុំជាសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមអរគុណចំពោះលោក សាតូឈិ សៃតូ (Satoshi Saito) ដែលលោកបានរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជា ឱ្យរីកចម្រើនថែមមួយកម្រិតទៀត ក្នុងរយៈពេល២ឆ្នាំមកនេះ។ សូមជូនពរលោកជួបតែសំណាងល្អ និងទទួលបានជោគជ័យនៅភារកិច្ចបន្ទាប់»។ លោក ឌី វិជ្ជា ដែលជាសមាជិកគណៈកម្មាធិការប្រតិបត្តិ FFC ដែរនោះ សរសេរលើហ្វេសប៊ុកផ្ទាល់របស់ខ្លួនដូច្នេះ។
 
ក្លិបទ័ព (Tiffy Army FC) គិរីវង់សុខសែនជ័យ អង្គរថាយហ្គឺរ អាយ អេស អាយ ដង្កោសែនជ័យ សុទ្ធតែបង្ហាញការអរគុណចំពោះលោក Saito ដែលបានរួមចំណែកជួយអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជារីកចម្រើន ជាពិសេសប្រែក្លាយក្លិបអាជីពក្នុងលីគកំពូលកម្ពុជា អោយស្របតាមស្តង់ដារអន្តរជាតិ តាមរយៈក្រុមហ៊ុនលីគ CPL រយៈពេល២ឆ្នាំមកនេះ៕
 

Tag:
 Satoshi Saito
© រក្សាសិទ្ធិដោយ thmeythmey.com