កីឡាជាតិ
ជាតិ
សម្ដេច ហ៊ុន ម៉ាណែត នឹងជួប ព្រំ សំណាង-Dave Leduc មុនប្រកួត
01, Nov 2023 , 5:29 pm        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នៅខាងស្ដាំ រូបពី ហ្វេសប៊ុក សម្ដេច ហ៊ុន ម៉ាណែត
សម្ដេច ហ៊ុន ម៉ាណែត នៅខាងស្ដាំ រូបពី ហ្វេសប៊ុក សម្ដេច ហ៊ុន ម៉ាណែត
បើគ្មានអ្វីប្រែប្រួលទេ ព្រំ សំណាង នឹងត្រូវទទួល Dave Leduc នៅសង្វៀនជីបម៉ុង ២៧១ មេហ្គាម៉ល វេលាម៉ោង ៧ យប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ មុនការប្រកួត ព្រំ ណាង និង Dave Leduc នឹងត្រូវចូលជួបសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ជាមុនសិន ដើម្បីសម្ដែងការគោរព។ ការប្រកួតដ៏ធំនេះ ក៏នឹងមានវត្តមានរបស់ពិធីករអន្ដរជាតិ ពី Ultimate Fighting Championship (UFC) គឺលោក Andrew Whitelaw និង Christopher Garridor អត្ថាធិប្បាយជាភាសាអង់គ្លេស ផងដែរ។



សម្ដេច ហ៊ុន ម៉ាណែត ធ្លាប់បង្ហោះសារលើហ្វេសប៊ុក ម្ដងរួចមកហើយ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ដោយសម្ដេចស្វាគមន៍ និងរង់ចាំជួប Dave Leduc។ សម្ដេច បាននិយាយបែបនេះ គឺបន្ទាប់ពីកីឡាករប្រដាល់មីយ៉ាន់ម៉ារូបនេះ បង្ហោះសារអបអរ រូបលោកឡើងជានាយករដ្ឋមន្ដ្រីថ្មី នៃព្រះរាជាណាចក្រកម្ពុជា។
 
ដោយឡែក វត្តមានរបស់សម្ដេច អញ្ជើញទស្សនាផ្ទាល់ នៅកន្លែងប្រកួតនោះ អ្នករៀបចំកម្មវិធី មិនអាចបញ្ជាក់បានទេ ដោយត្រូវរង់ចាំមើលការចូលសម្ដែងការគោរពរបស់ ព្រំ សំណាង និង Dave Leduc ជាមួយសម្ដេចនាយករដ្ឋមន្ដ្រីកម្ពុជាសិន។ នេះបើតាមលោក ជួប វត្ថា អ្នករៀបចំកម្មវិធីនៃការប្រកួតនេះ។

សម្ដេច ហ៊ុន ម៉ាណែត នឹងជួបកីឡាករ ព្រំ សំណាង និង Dave Leduc នៅថ្ងៃទី២ វិច្ឆិកា។ កីឡាករប្រដាល់មីយ៉ាន់ម៉ា Dave Leduc បានសរសេរនៅលើហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួន ដែលជាអក្សរខ្មែរ យ៉ាងដូច្នេះ៖ ខ្ញុំពិតជាមានកិត្តិយសណាស់ និងរំភើបជាខ្លាំងចំពោះជំនួបរបស់ខ្ញុំនៅថ្ងៃស្អែកជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសប្បាយចិត្ត និងមានមោទនភាពជាខ្លាំងដែលសម្តេចចាប់អារម្មណ៍លើក្បាច់គុនបុរាណ ព្រំ សំណាង និងខ្ញុំ សន្យាថានឹងបង្ហាញផ្ទាំងទស្សនីយភាពដ៏អស្ចារ្យដល់ពិភពលោក»។
 


តាមការបញ្ជាក់បន្ថែមពី កញ្ញា វីគី ពិធីករប្រដាល់ទូរទស្សន៍ថោន ព្រឹត្តិការណ៍ប្រកួតដដែលនេះ នឹងមានការអត្ថាធិប្បាយជា ២ភាសា គឺខ្មែរ និងអង់គ្លេស។ លោក Adnrew Whitelaw និង លោក Christopher Garridor អ្នកអត្ថាធិប្បាយអន្ដរជាតិ UFC ដែលមានបទពិសោធន៍និយាយយ៉ាងក្បោះក្បាយ លើការប្រកួតអន្ដរជាតិធំៗ ដូចជា សង្វៀន One Champion ជាដើម។
 
គួរបញ្ជាក់ថា Dave Leduc នឹងមកដល់កម្ពុជា នាយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយត្រូវថ្លឹងគីឡូ នៅថ្ងៃទី៤ ខែ-ឆ្នាំដដែល៕
 

Tag:
 ហ៊ុន ម៉ាណែត
  Christopher Garridor
  Andrew Whitelaw
© រក្សាសិទ្ធិដោយ thmeythmey.com