សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃ​សម្រេចគ្រប់គ្រង​តម្លៃ​ស្ករ​ ពីខែវិច្ឆិកាតទៅ
02, Nov 2023 , 7:39 pm        
រូបភាព
រូបភាព ៖  Prachachat
រូបភាព ៖ Prachachat
រដ្ឋាភិបាលថៃកាលពីថ្ងៃទី៣១ ខែតុលា បានសម្រេចបន្ថែមស្ករទៅក្នុងបញ្ជីទំនិញគ្រប់គ្រងក្រោមច្បាប់ស្តីពីតម្លៃទំនិញ និងសេវាកម្មឆ្នាំ១៩៩៩។ វិធានការនេះចូលជាធរមានចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣។

 
តម្លៃស្ករសនៅថៃបានហក់ឡើងថ្លៃពី ១៩បាត (០,៥៣ដុល្លារ) ទៅដល់ ២៣បាត (០,៦៤ដុល្លារ) ក្នុងមួយគីឡូក្រាម បន្ទាប់ពីក្រុមប្រឹក្សាស្ករថៃគ្រោងដំឡើងថ្លៃ។ ការឡើងថ្លៃខ្ពស់បែបនេះ បានជំរុញឲ្យក្រសួងពាណិជ្ជកម្មថៃ សម្រេចបន្ថែមស្ករទៅក្នុងបញ្ជីទំនិញដើម្បីគ្រប់គ្រងតម្លៃដែលអនុវត្តចាប់ពីថ្ងៃទី១​ ខែវិច្ឆិកា​ ឆ្នាំ២០២៣៕ 
 
ការសម្រេចរបស់រដ្ឋាភិបាលថៃ បានច្រានចោលផែនការរបស់ក្រុមប្រឹក្សាស្ករថៃក្នុងការដំឡើងតម្លៃស្ករស ៤បាតបន្ថែមក្នុងមួយគីឡូក្រាម (០,១១ដុល្លារ)។ 
 
កាលពីថ្ងៃទី២៧ ខែតុលា សេចក្តីប្រកាសរបស់ក្រុមប្រឹក្សាស្ករថៃមានបំណងដំឡើងថ្លៃស្ករភ្លាមៗ ដែលធ្វើឱ្យមានការខ្វះខាតផលិតផលស្ករនៅតាមផ្សារទំនើប និងហាងលក់គ្រឿងទេសនៅថៃ ដោយសារប្រជាជនប្រញាប់ប្រញាល់ទិញស្ករស ស្របពេលម្ចាស់អាជីវកម្មជាច្រើនបានស្តុកទុករង់ចាំដើម្បីឱ្យតម្លៃកើនឡើង។
 
ជុំវិញរឿងនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Phumtham Wechayachai បានបញ្ជាក់ថា ការពង្រឹងការត្រួតពិនិត្យតម្លៃស្ករនឹងជួយកាត់បន្ថយផលប៉ះពាល់ដល់អ្នកប្រើប្រាស់ថៃ ជាពិសេសអ្នកចូលចិត្តផលិតផលដូចជាភេសជ្ជៈ និងអាហារកំប៉ុង ហើយការសម្រេចនេះ នឹងមិនប៉ះពាល់ដល់កសិករអំពៅទេ ព្រោះពួកគេនឹងបន្តទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាល។
 
បច្ចុប្បន្ន​​ថៃ​ជា​ប្រទេស​នាំ​ចេញ​ស្ករ​ធំ​ទី​២​របស់​ពិភពលោក។ នៅ​ឆ្នាំ​២០២៣ ប្រទេស​នេះ​គ្រោង​នឹង​នាំ​ចេញ​ស្ករស​សម្រេច​ឲ្យបាន៨​លាន​តោន។ យ៉ាងណាមិញ ការនាំចេញស្ករសនៅឆ្នាំ២០២៤ ទំនងជានឹងថយចុះមកត្រឹម៦លានតោន ស្របពេលមានការព្យាករថាគ្រោះរាំងស្ងួតដោយសារ El Nino អាចបណ្តាលឱ្យទិន្នផលអំពៅនៅថៃធ្លាក់ចុះប្រហែល២០ភាគរយ ៕
 

Tag:
 ថៃ
  ស្ករ
© រក្សាសិទ្ធិដោយ thmeythmey.com