សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ធនាគារកណ្តាលអាម៉េរិកបន្តមិនដំឡើងអត្រាការប្រាក់ជាលើកទី២
02, Nov 2023 , 8:59 pm        
រូបភាព
លោក jerome powell ប្រធានធនាគារកណ្តាលអាម៉េរិក ។ រូបភាព​ ៖ AP
លោក jerome powell ប្រធានធនាគារកណ្តាលអាម៉េរិក ។ រូបភាព​ ៖ AP
ធនាគារកណ្តាលអាមេរិក (Fed) បានរក្សាអត្រាការប្រាក់យោងជាលើកទី២។ បច្ចុប្បន្ននៅអាម៉េរិកអត្រាការប្រាក់យោងស្ថិតនៅចន្លោះ៥,២៥ភាគរយទៅ ៥,៥ភាគរយ ខណៈអតិផរណានៅខែកញ្ញាមានត្រឹមតែ៣,៧ភាគរយ។

 
ដូចការរំពឹងទុករបស់ទីផ្សារ ធនាគារកណ្តាលអាម៉េរិកសម្រេចចិត្តមិនដំឡើងអត្រាការប្រាក់ទេ ក្រោយពីកិច្ចប្រជុំគោលនយោបាយរយៈពេល២ថ្ងៃ ហើយកាលពីខែកញ្ញា Fed ក៏មិនបានដំឡើងអត្រាការប្រាក់ដែរ។។ អត្រាការប្រាក់យោងនៅអាម៉េរិកបច្ចុប្បន្នមានប្រហែល ៥,២៥ភាគរយទៅ ៥,៥ភាគរយដែលខ្ពស់បំផុតក្នុងរយៈពេល ២២ឆ្នាំ។ 
 
សកម្មភាពសេដ្ឋកិច្ចរបស់អាម៉េរិកមានកំណើនក្នុងល្បឿនដ៏រឹងមាំនៅត្រីមាសទី៣។ នៅក្នុងសេចក្តីប្រកាសបន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃទី១ ខែវិច្ឆិកា ទោះបីជា Fed ដំឡើងអត្រាការប្រាក់ ១១ដងចាប់តាំងពីខែមីនាឆ្នាំ២០២២ ដើម្បីទប់ស្កាត់អតិផរណា ក៏សេដ្ឋកិច្ចរបស់អាម៉េរិកមិនធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឡើយ។ មិនតែប៉ុណ្ណោះផលិផលក្នុងស្រុកសរុប (GDP) បានកើន ៤,៩ភាគរយនៅត្រីមាសទី៣ ដោយសារការប្រើប្រាសើកើនឡើង។ 
 
នេះជាហេតុផលមួយដែលទិន្នផលមូលបត្របំណុលរបស់រដ្ឋាភិបាលអាម៉េរិកបានកើនឡើងនាពេលថ្មីៗនេះ ដោយខិតជិតដល់សញ្ញា ៥ភាគរយ។ នៅក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំប្រធាន Fed លោក Jerome Powell បាននិយាយថា នឹងតាមដានរឿងនេះយ៉ាងដិតដល់ ព្រោះវាអាចប៉ះពាល់ដល់ការសម្រេចចិត្តអត្រាការប្រាក់នាពេលអនាគត។
 
ទោះបីជាអតិផរណាបានចុះគួរឲ្យកត់សម្គាល់ ក៏តួលេខនេះនៅតែខ្ពស់ជាងគោលដៅ ២ភាគរយនៃការចង់របស់ Fed ។ សេដ្ឋកិច្ចមានការងើបឡើងវិញ នឹងធ្វើឱ្យការពិបាកក្នុងការរារាំងការហក់ឡើងនៃអតិផរណា។ អតិផរណានៅខែកញ្ញាស្ថិតនៅអត្រា ៣,៧ភាគរយ។
 
យ៉ាងណាមិញ មន្ត្រីរបស់ Fed មួយចំនួនបានព្យាករថា កំណើនសេដ្ឋកិច្ចរបស់អាម៉េរិកនឹងថយចុះ ខណៈដែលផលប៉ះពាល់នៃការដំឡើងអត្រាការប្រាក់កាន់តែច្បាស់បន្តិចម្តងៗ។ សន្ទុះកើនឡើងខ្លាំងដូចនៅត្រីមាសទី៣ គឺពិបាកក្នុងការទប់ទល់អតិផរណា។ រយៈពេល ៥ឆ្នាំមុនពេលជំងឺរាលដាលបានលេចឡើង អាម៉េរិកបានមានកំណើនត្រឹមតែ ២,៦ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មអាម៉េរិក។ 
 
អ្នកសេដ្ឋកិច្ចបានព្យាករថា កំណើនសេដ្ឋកិច្ចអាម៉េរិកនឹងបាត់បង់សន្ទុះដោយសារតែសម្ពាធពីការសងបំណុលសិស្ស កាត់បន្ថយការសន្សំបន្តិចម្តងៗ និងឧបសគ្គផ្សេងទៀតដែលប្រជាជនអាម៉េរិកកំពុងប្រឈម។ Lydia Boussour សេដ្ឋវិទូនៅក្រុមហ៊ុន EY-Parthenon បាននិយាយថា យើងព្យាករពីទីផ្សារការងារកាន់តែខ្សោយ ដោយសារក្រុមហ៊ុនបង្កកការជួល និងកាត់បន្ថយបុគ្គលិក ស្របពេលមានកំណើនប្រាក់ឈ្នួលយឺត។
 
សន្ទស្សន៍ភាគហ៊ុនសំខាន់ៗរបស់អាម៉េរិកបានស្ទុះងើបឡើងវិញបន្ទាប់ពី Fed មិនដំឡើងអត្រាការប្រាក់។ ការបិទសន្ទស្សន៍ជួញដូរនៅថ្ងៃទី ១ខែវិច្ឆិកា ក្នុងនោះផ្សារហ៊ុន S&P 500 បានកើន១ភាគរយ  ខណៈ DJIA បានកើន ០,៦៧ភាគរយ និងផ្សារហ៊ុន Nasdaq Composite កើនឡើង ១,៦ភាគរយ៕ 

Tag:
 អាម៉េរិក
  ធនាគាកណ្តាល
  អត្រាការប្រាក់
  អតិផរណា
© រក្សាសិទ្ធិដោយ thmeythmey.com