អន្តរជាតិ
រុស្ស៊ីជំរុញឱ្យបញ្ឈប់ការបង្ហូរឈាមភ្លាមៗក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីបង្ការការរីកសាយជម្លោះ
02, Nov 2023 , 5:59 pm        
រូបភាព
ឆ្នាំ២០២៤ កម្ពុជា-ចិន នឹងរៀបចំឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន
ឆ្នាំ២០២៤ កម្ពុជា-ចិន នឹងរៀបចំឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន
លោក Vasily Nebenzya អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ (UN)  នៅថ្ងៃទី១ ខែវិច្ឆិកា បានជំរុញឱ្យមានការបញ្ឈប់ភ្លាមៗលើការបង្ហូរឈាមក្នុងជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដើម្បីបង្ការជម្លោះកុំឱ្យរីកសាយទៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។

 
ពីកិច្ចប្រជុំពិសេសនៃមហាសន្និបាតអង្គការសហប្រជាជាតិលើប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅថ្ងៃទី១ ខែវិច្ឆិកា មន្រ្តីការទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ បានទទូចឱ្យជម្លោះត្រូវតែផ្អាកជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីកសាយជម្លោះកាន់តែធំទៅក្នុងតំបន់។ 
 
«ដំបូងបង្អស់ វាចាំបាច់ក្នុងការបញ្ឈប់ការបង្អូរឈាម និងបង្ការវិបត្តិពីការជះឥទ្ធិពលលើតំបន់ទាំងមូល។ បើមិនដូច្នោះទេ ជម្លោះនឹងមិនអាចបញ្ឈប់បានឡើយ»។ លោក Vasily Nebenzya អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់បែបនេះ ដោយបន្តអនុញ្ញាតឱ្យប្រទេសសម្របសម្រួលធ្វើការរបស់ខ្លួន ដើម្បីស្វែងរកដំណោះស្រាយការទូត រួមទាំងការរំដោះចំណាប់ខ្មាំង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Tass។ 
 
ទន្ទឹមនេះ មន្រ្តីទូតរុស្ស៊ី បានបញ្ជាក់ថា ភាគីត្រូវតែចូលតុចរចាក្នុងរយៈពេលមិនយូរ មិនឆាប់ឡើយ ដើម្បីទប់ស្កាត់ករណីស្លាប់របស់ប្រជាជនស៊ីវិលបន្ថែមទៀត។  
 
លើសពីនេះ លោក Nebenzya បានយល់ថា អ៊ីស្រាអែល គ្មានសិទ្ធិប្រើប្រាស់ ការការពារខ្លួននៅក្រោមច្បាប់អន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងក្រុមហាម៉ាសឡើយ ព្រោះអ៊ីស្រាអែលជារដ្ឋគ្រប់គ្រងដែនដីគេដទៃ។  
 
ជិត១ខែមកនេះ ជម្លោះរវាងអ៊ីស្រាអែល និងហាម៉ាស បានសម្លាប់មនុស្សប្រមាណ​១ម៉ឺននាក់ និងអ្នករបួសរាប់ពាន់នាក់។ មិនតែប៉ុណ្ណោះ ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់​ និងប្រជាជនអ៊ីស្រាអែលជាច្រើនទៀត បានភៀសខ្លួនពីតំបន់ជម្លោះទៅរកកន្លែងមានសុវត្ថិភាព៕
 

Tag:
 រុស្ស៊ី
  អ៊ីស្រាអែល
  ប៉ាឡេស្ទីន
  ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com