កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប Marseille-Lyon នឹងរៀបចំឡើងវិញនៅខែធ្នូ ក្រោយផ្អាកដោយសារហេតុការណ៍គប់ដុំថ្ម
× ជំនួបរវាងក្រុម Olympique de Marseille និង Olympique Lyonnais ក្របខណ្ឌ Ligue 1 បារាំង នឹងត្រូវរៀបឡើងវិញនៅថ្ងៃទី៦ ខែធ្នូ បន្ទាប់ពីការប្រកួតនៅថ្ងៃទី៣០ ខែតុលា ត្រូវបានផ្អាក ព្រោះតែរថយន្តដឹកកីឡាកររបស់ក្រុម Marseille បានរងការគប់ដុំថ្មពីសំណាក់អ្នកគាំទ្រ ហើយគ្រូបង្វឹកលោក Fabio Grosso ជាគ្រូបង្វឹករបួសបែកក្បាល។
បើតាមវីដេអូឃ្លីបត្រូវបានផ្សាយដោយទូរទស្សន៍ Sky Italia បានបង្ហាញអំពីក្រុមអ្នកគាំទ្រគប់ដុំថ្មទៅលើរថយន្តក្រុងក្រុម Lyon ហើយការគប់ដុំថ្មនោះ បានធ្វើឱ្យបែកកញ្ចក់រថយន្តចំនួន ២។ អំឡុងពេលរថយន្តបានចូលទៅដល់ក្នុងកីឡដ្ឋាន Stade Velodrome គេបានឃើញអំពីលោក Grosso បានកាន់កន្សែងបិទតាំងត្រង់មុខរបស់លោកខាងលើថ្ងាស់ ដោយលាយឡំដោយឈាម ហើយមានជំនួសការលោក ២នាក់ថែមទៀតបានដើរអមលោកចូលក្នុងកីឡដ្ឋានផងដែរ។
លោក Grosso ជាអតីតកីឡាករក្រុមជម្រើសជាតិអ៊ីតាលី ហើយលោកបានរួមចំណែកជួយដល់អ៊ីតាលីឈ្នះពានរង្វាន់ World Cup ក្នុងឆ្នាំ ២០០៦ បានរងរបួសត្រង់ផ្ទៃមុខ ដោយលាយឡំជាមួយនឹងកម្ទេចកញ្ចក់រថយន្តក្រុងនៅជាប់លើផ្ទៃមុខរបស់លោកថែមទៀត។
បើតាមការប្រកាសរបស់ស្ថាប័នគ្រប់គ្រងលីគបាល់ទាត់បារាំង (LFP) នាថ្ងៃទី៣ ខែវិច្ឆិកា ការប្រកួតរវាងក្រុម Marseille ទល់នឹង Lyon ត្រូវធ្វើឡើងវិញនៅថ្ងៃទី៦ ខែធ្នូ ប៉ុន្តែស្ថាប័នគ្រប់គ្រងមួយនេះ មិនបានបញ្ជាក់ពីទីកន្លែងសម្រាប់ការប្រកួតនៅឡើយទេ។
ក្រុមបច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពអាក្រក់ ដោយពួកគេកំពុងតែស្ថិតនៅចំណាត់ថ្នាក់បាតតារាង Ligue 1 ដោយឆ្លងកាត់ ៩ប្រកួត កន្លងមកពួកគេរកបានត្រឹមតែ ៣ពិន្ទុ តែប៉ុណ្ណោះ ហើយគូប្រកួតរបស់ពួកគេ Marseille ស្ថិតនៅចំណាត់ថ្នាក់លេខ ៩ ដែលមាន ១២ពិន្ទុក្នុងដៃ។
ក្រុមទាំងពីរនេះកាលពីរដូវកាលមុនសុទ្ធសឹងតែជាក្រុមជើងខ្លាំង នៅក្នុងលីគកំពូលបារាំង ហើយតែងតែមានកម្រិតនៃការប្រកួតប្រជែងខ្ពស់ខ្លាំងទាំងលំដាប់ក្នុងស្រុក និងលំដាប់អឺរ៉ុបថែមទៀត៕
Tag:
Ligue 1
Marseille
Lyon
© រក្សាសិទ្ធិដោយ thmeythmey.com