ជាតិ
វីដេអូ
«កាមិ» តៀម​កាហ្វេបែបជប៉ុន តុបតែងពីសម្ភារមួយទឹក​
05, Nov 2023 , 10:29 am        
រូបភាព
ThmeyThmey២៥, តៀមកាហ្វេ, សឿង គីណាល់, សៀមរាប
ThmeyThmey២៥, តៀមកាហ្វេ, សឿង គីណាល់, សៀមរាប
សៀមរាប៖ «កាមិ» ជាតៀមកាហ្វេបែបជប៉ុនដ៏ទាក់ទាញខ្លាំងមួយ នៅក្នុងខេត្តសៀមរាប។ ​ការ​តុបតែងតៀមកាហ្វេនេះ គឺប្រើប្រាស់សម្ភារមួយទឹក ដែលមានលក្ខណៈបុរាណ ប៉ុន្តែ​ផ្សារភ្ជាប់នឹងការទទួលទានកាហ្វេ។ លោក សឿង គីណាល់ ម្ចាស់តៀមកាហ្វេ«កាមិ» បាន​ប្រាប់សារព័ត៌មានថ្មីៗថា មូលហេតុនៃការតុបតែងទីតាំងលក់កាហ្វេបែបជប៉ុននេះ គឺ ​ចង់ឱ្យ​អតិថិជនទទួលបានបទពិសោធថ្មីនៅពេលញ៉ាំកាហ្វេនៅទីនេះ។ 

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖
 
 
លោក សឿង គីណាល់ ជាអ្នកខេត្តបន្ទាយមានជ័យ បានបង្កើតតៀមកាហ្វេ​មួយ​កន្លែង​ឈ្មោះ​ថា«កាមិ» ដែលមានទីតាំងនៅខេត្តសៀមរាប ដោយបានរៀបចំតៀម​កាហ្វេ​របស់ខ្លួន បែប​វប្បធម៌ប្រពៃណីជប៉ុន។ ចំពោះសម្ភារទាំងនោះ លោក បានទិញ​ពីហាងមួយទឹកៗ ព្រោះវាមានតម្លៃថោក និងមានលក្ខណៈបុរាណ ក៏ដូចជាទាក់ទងជាមួយ​កាហ្វេផងដែរ។ ការតុបតែងតៀមបែបជប៉ុន គឺជាភាពទាក់ទាញមួយសម្រាប់អតិថិជន ប៉ុន្តែ​ពួកគេតែង​ទទួល​បានបទពិសោធថ្មី នៅពេលញ៉ាំកាហ្វេនៅទីនេះ។ 
 
រាល់អតិថិជនដែលមកញ៉ាំកាហ្វេ លោក គីណាល់ នឹងពិនិត្យលើអាការ​ភ្ញៀវដូចជាកម្រិត​កាហ្វេ ប្រភេទកាហ្វេជាដើម។ ភ្ញៀវ នឹងអាចឈ្វេងយល់ពីខ្លួនឯងពីការញាំកាហ្វេ ទាំង​កម្រិត​កាហ្វេ ប្រភេទកាហ្វេ និងពេលវេលាញ៉ាំរបស់ពួកគេ។ 
 
ធ្វើការនៅប្រទេសជប៉ុនជាង៣ឆ្នាំ លោក សឿង គីណាល់ តែងសិក្សារសជាតិកាហ្វេ ដោយ​ការដើរភ្លក់កាហ្វេតាមតំបន់ក្នុងប្រទេសជប៉ុន និងរៀនឆុងកាហ្វេតាមយូធូប។ ជាជនជាតិ​ខ្មែរ តែលោក គីណាល់ មានរសនិយមបែបបុរាណតាមវប្បធម៌ជប៉ុន ដោយសារស្រឡាញ់ ការរស់នៅ អនាម័យ ការងារជាដើម។ 
 
បើតាមលោក គីណាល់ តៀមកាហ្វេនេះ បើកបានជិតមួយឆ្នាំហើយ ចំណែកអតិថិជន ក៏​គាំទ្រច្រើន សម្រាប់ថ្ងៃចុងសប្តាហ៍វិញលក់មិនទាន់ក៏មាន។ ថ្ងៃខ្លះលក់កាហ្វេបាន ១០​គីឡូ​កាហ្វេក៏មាន ហើយ ប្រភេទកាហ្វេភាគច្រើន បាននាំចូលពីប៉ែកអឺរ៉ុប និងអាស៊ី ដូចជា កូឡំប៊ី ប្រេស៊ីល ឡាវ ថៃ ជាដើម។
 
តៀមកាហ្វេនេះ បើកលក់ចាប់ពីម៉ោង ៧កន្លះព្រឹក រហូតដល់ម៉ោង៥ល្ងាច។ ក្រៅពីអ្នក​សៀមរាប​ផ្ទាល់ ក៏មានអតិថិជនមកពីភ្នំពេញ បណ្តាខេត្ត ជនជាតិបរទេសជាច្រើនទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com