កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Chelsea បញ្ចប់ភាពមិនចាញ់ Spurs ដែលសល់គ្នា៩នាក់
07, Nov 2023 , 9:57 am        
រូបភាព
Tottenham Hotspur ស្គាល់បរាជ័យលើកដំបូងក្នុងទឹកដីខ្លួនឯង តាមរយៈការចាញ់ Chelsea ៤-១ ក្នុងការប្រកួត Premier League សប្តាហ៍ទី១១ យប់ថ្ងៃទី៦ ខែវិច្ឆិកា។ Spurs សល់គ្នា៩នាក់ប៉ុណ្ណោះ ក្រោយនាំមុខ១គ្រាប់មុន។ ​ម្ចាស់ការពារជើងឯក Manchester City ឡើងទៅឈរកំពូលតារាងវិញ។



Spurs ដែលមិនស្គាល់ចាញ់សោះក្នុងការប្រកួត១០លើកកន្លងមក នៅតែបង្ហាញភាពខ្លាំងដដែលក្នុងជំនួបទល់នឹង Chelsea នៅសប្តាហ៍ទី១១។ ក្រោយការវាយសម្រុកជាបន្តបន្ទាប់ នៅ៦នាទីដំបូងវគ្គទី១ Dejan Kulusevski បានសម្រេចគ្រាប់នាំមុខឱ្យក្រុមលោក Ange Postecoglou។ Chelsea មានឱកាសតាមស្មើវិញដល់ទៅ២លើករបស់ Raheem Sterling និង Moisés Caicedo ប៉ុន្តែអាជ្ញាកណ្តាលមិនឱ្យ បន្ទាប់ពីពិនិត្យ VAR។
 
ឈានដល់នាទី៣៣ Cristian Romero ទទួលបានកាតក្រហម និងផ្តល់បាល់ពិន័យប៉េណាល់ទី ក្រោយអាជ្ញាកណ្តាលពិនិត្យ VAR ឃើញថាខ្សែការពារឆ្នើមមាន់ខ្នាយមាសរូបនេះជាន់ជើង Enzo Fernandez នៅតំបន់គ្រោះថ្នាក់។ Cole Palmer ជាអ្នករ៉ាប់រងការស៊ុត ដើម្បីជួយតោខៀវតាមស្មើ ១-១ វិញនៅនាទី៣៥។
 
ចូលដល់វគ្គទី២ ស្របពេលការប្រកួតដំណើរការបាន១០នាទី ខ្សែការពារ Spurs ម្នាក់ទៀតកីឡាករ Destiny Udogie ទទួលបានកាតលឿងទី២ ស្មើកាតក្រហម ត្រូវបណ្តេញចេញពីទីលាន។ ស្របពេលម្ចាស់ផ្ទះសល់គ្នា៩នាក់ នោះ Chelsea បានបង្កើនការវាយសម្រុកយ៉ាងខ្លាំងរហូតសម្រេចបាន៣គ្រាប់ជាបន្តបន្ទាប់ដែលធ្វើបានដោយ Nicolas Jackson ទាំងអស់នៅនាទី៧៥ ៩០+៤ និង៩០+៧។
 
បរាជ័យលើកដំបូងក្នុងលីគ បានធ្វើឱ្យ Spurs ធ្លាក់ទៅឈរចំណាត់ថ្នាក់ទី២វិញ ដោយតាមពីក្រោយក្រុមម្ចាស់ការពារជើងឯក Manchester City ដែលឡើងទៅកំពូលតាងវិញចំនួន១ពិន្ទុ។ Man City រកបាន២៧ពិន្ទុ តាមពីក្រោយដោយ Spurs ដែលមាន២៦ពិន្ទុ ស្របពេល Livepool ឡើងទៅលេខ៣ មាន២៤ពិន្ទុ ស្មើ Arsenal ដែលធ្លាក់ទៅលេខ៤។
 
Chelsea ដែលមានបញ្ហាទម្រង់លេង ទោះមានកីឡាករថ្លៃៗរួមក្រុមរដូវកាលនេះ បានឡើងទៅចំណាត់ថ្នាក់ទី១០ វិញ ដោយរកបាន១៥ពិន្ទុ ពីការប្រកួរ១១លើក។ Bournemouth Burnley និង Sheffield United នៅតំបន់កាត់ចោល ខណៈ Luton Town គេចផុតតំបន់គ្រោះថ្នាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com