អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អុីស្រាអែលយល់ព្រមផ្អាកវាយប្រហារលើតំបនកាហ្សា ៤ម៉ោងក្នុងមួយថ្ងៃ
10, Nov 2023 , 10:49 am        
រូបភាព
រូបភាព ៖ AFP
រូបភាព ៖ AFP
សេតវិមាននិយាយថា អុីស្រាអែលបានយល់ព្រមផ្អាកប្រតិបត្តិការយោធានៅតំបន់កាហ្សាភាគខាងជើងរយៈពេល ៤ ម៉ោងក្នុងមួយថ្ងៃចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា។ ការនេះបានបង្កើនក្តីសង្ឃឹមខ្លះៗសម្រាប់ប្រជាជន បន្ទាប់ពីការប្រយុទ្ធគ្នាជាងមួយខែ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្កឱ្យមានការភ័យខ្លាចទៅជាជម្លោះក្នុងតំបន់។

 
អាម៉េរិកអះអាងថា អុីស្រាអែលយល់ព្រមផ្អាកប្រតិបត្តិការយោធា ៤ម៉ោងក្នុងមួយថ្ងៃ។ ផ្អែកតាមបណ្តាញ X របស់ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ការផ្អាកនេះនឹងអនុញ្ញាតឱ្យមនុស្សអាចចាកចេញតាមច្រកសម្រាប់ជនភៀសខ្លួនចំនួនពីរ ដែលប្រើសម្រាប់ទទួលជនស៊ីវិល ។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ដោយផ្ទាល់ពីអុីស្រាអែលទេ ។ នេះបើតាមសំឡេងសហរដ្ឋអាម៉េរិក VOA ។ 
 
យ៉ាងណាមិញ រដ្ឋមន្ត្រីការពារជាតិអុីស្រាអែល លោក Yoav Gallant បានបញ្ជាក់ថា កំពុងចាត់វិធានការក្នុងតំបន់ ដើម្បីជួយសម្រួលដល់ការចាកចេញរបស់ជនស៊ីវិលប៉ាឡេស្ទីន ពីទីក្រុងកាហ្សាទៅភាគខាងត្បូង ប៉ុន្តែអ៊ីស្រាអែលមិន​បន្ធូរបន្ថយការប្រយុទ្ធទេ។
 
កងកម្លាំងអុីស្រាអែលបានឡោមព័ទ្ធទីក្រុងកាហ្សាទាំងស្រុងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយកងទ័ពបានអនុញ្ញាតឱ្យជនស៊ីវិលធ្វើដំណើរដោយសុវត្ថិភាព តាមបណ្តោយផ្លូវសំខាន់ភាគខាងត្បូងរយៈពេល ៣ឬ ៤ម៉ោងក្នុងមួយថ្ងៃ ហើយចំនួនអ្នកជម្លៀសខ្លួនកំពុងកើនឡើងជារៀងរាល់ថ្ងៃ។
 
អុីស្រាអែលប្តេជ្ញា​នឹងមិនទាន់អនុវត្តបទឈប់បាញ់ពេញលេញទេសម្រាប់ពេលនេះ។ លោក Yoav Gallant បានសង្កត់ធ្ងន់ថា ៖ « យើងនឹងមិនបញ្ឈប់ការប្រយុទ្ធនោះទេ ដរាបណាចំណាប់ខ្មាំងរបស់យើងនៅតែស្ថិតនៅក្នុងតំបន់កាហ្សា  យើងកំពុងបំពេញបេសកកម្មក្នុងការផ្ដួលរំលំរបបហាម៉ាស និងការបំបាក់សមត្ថភាពយោធារបស់ក្រុមនេះ»។ 
 
Taher Al-Nono ទីប្រឹក្សានយោបាយរបស់មេដឹកនាំក្រុមហាម៉ាស Ismail Haniyeh បាននិយាយកាលពីថ្ងៃទី៩ ខែវិច្ឆិកាថា ការចរចាកំពុងបន្ត ហើយរហូតមកដល់ពេលនេះ មិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចជាមួយអុីស្រាអែលឡើយ។
 
អុីស្រាអែលបានបើកការវាយប្រហារលើតំបន់កាហ្សាជាការឆ្លើយតបទៅនឹងការវាយឆ្មក់របស់ក្រុមហាម៉ាសឆ្លងព្រំដែននៅភាគខាងត្បូងអុីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដែលក្នុងនោះខ្មាន់កាំភ្លើងក្រុមហាម៉ាសបានសម្លាប់មនុស្សចំនួន ១៤០០នាក់ ភាគច្រើនជាជនស៊ីវិល និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០នាក់៕ 

Tag:
 អុីស្រាអែល
  កាហ្សា
  ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com