ជាតិ
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
បើជាប់បាក់ឌុប ចង់រៀនជំនាញអ្វី? រដ្ឋមន្ត្រីប្រៃណីយ៍លើកទឹកចិត្តឱ្យចាប់យកបច្ចេកវិទ្យាឌីជីថល
10, Nov 2023 , 3:53 pm        
រូបភាព
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍
ដោយ: រួបរួម
«ទទួលបានឱកាសការងារល្អ ដែលមានប្រាក់ចំណូលខ្ពស់ និងជាការរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០»។ នេះជាសារលើកទឹកចិត្តរបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទៅកាន់សិស្សជ័យលាភីបាក់ឌុបនាពេលខាងមុខ ឱ្យចាប់អារម្មណ៍ចាប់យកជំនាញមុខវិជ្ជាបច្ចេកវិទ្យាឌីជីថល។

 
តាមសេចក្តីប្រកាសចុះហត្ថលេខានាថ្ងៃទី១០ ខែវិច្ឆិកា លោក ជា វ៉ាន់ដេត បានលើកឡើងពីតួនាទីយ៉ាងសំខាន់របស់បច្ចេកវិទ្យានាយុគសម័យឌីជីថល ក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្តល់សេវាសាធារណៈ។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី សំដៅជាពិសេសទៅដល់សិស្សានុសិស្សដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៦ មិថុនា ២០២៣។
 
រដ្ឋមន្ត្រីប្រៃសណីយ៍ បានសរសេរថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូមពិចារណាចាប់យកការសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធផ្សេងៗ ដើម្បីទទួលបានឱកាសការងារល្អដែលមានប្រាក់ចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល»។
 
ជាមួយគ្នានេះ លោក ជា វ៉ាន់ដេត បានបញ្ជាក់ថា យុវជននឹងទទួលបានឱកាសជាច្រើន ក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល តាមរយៈអាហារូបករណ៍ និងកម្ចីថវិកាសិក្សាជាដើម ហើយក្រោយបញ្ចប់ការសិក្សាកម្រិតជំនាញ ឬសាកលវិទ្យាល័យ សិស្ស-និស្សិត នឹងមានឱកាសចូលរួមចំណែកអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០ ។
 
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ចប់យ៉ាងល្អប្រសើរ ដោយបេក្ខជនអវត្តមានចំនួន២៣២៨នាក់ ស្មើនឹង១,៦៩ភាគរយនៃបេក្ខជនសរុបជិត១៤ម៉ឺននាក់។ លទ្ធផលគ្រោងប្រកាស​នៅថ្ងៃទី២៨ វិច្ឆិកា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា សម្រាប់បណ្តាខេត្តផ្សេងទៀត។
 
កាលពីដើមខែតុលា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលជាផ្លូវការក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សាចំនួន៦ នៅរាជធានីភ្នំពេញ។ ការដាក់ឱ្យដំណើរការនូវកម្មវិធីនេះ គឺជាការចូលរួមកសាងធនធានមនុស្សឌីជីថល ដែលឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាល រួមទាំងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល។
បើតាមលោកស្រី ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលនេះ នឹងធ្វើឡើងតាមរយៈការផ្តល់ថវិកាកម្ចីសិក្សា ដោយមិនមានការប្រាក់ ,ការប្រឹក្សាយោបល់ដល់និស្សិត ,ការសម្របសម្រួល និងការស្នាក់នៅរបស់និស្សិត។ លើសពីនេះ ក្រសួងបានសហការជាមួយគ្រឹះស្ថានសិក្សា និងស្ថាប័នពាក់ព័ន្ធនានា ដែលផ្តោតលើការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សម្រាប់បម្រើដល់ការអប់រំថែមទៀត។
 
នាឱកាសនោះ លោក ជា វ៉ាន់ដេត ជឿជាក់ថា  ការអនុវត្តកម្មវិធីនេះ នឹងទទួលជោគជ័យក្នុងការបង្កើតធនធានមនុស្សឌីជីថល ដែលជាកម្លាំងយ៉ាងសកម្មក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីនាំកម្ពុជាក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ 
 
ចំពោះគ្រឹះស្ថានឧត្តមសិក្សាទាំង៦ ដែលដើរតួអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថលរបស់ក្រសួងប្រៃសណីយ៍នេះ រួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យជាតិគ្រប់គ្រង, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យអាម៉េរិកកាំងភ្នំពេញ និងសាកលវិទ្យាល័យផ៉ារ៉ាហ្គន៕
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com