អន្តរជាតិ
តើអុីស្រាអែលអាចគ្រប់គ្រងតំបន់កាហ្សាជាថ្មី ក្រោយជម្លោះបញ្ចប់ឬទេ?
10, Nov 2023 , 4:29 pm        
រូបភាព
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល។ រូបភាព AFP
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល។ រូបភាព AFP
នាយករដ្ឋមន្រ្តីអុីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃទី៩ ខែវិច្ឆិកា បានបញ្ជាក់យ៉ាងច្បាស់ៗថា អុីស្រាអែល មិនស្វះស្វែងរកការដណ្តើម គ្រប់គ្រង ឬធ្វើអភិបាលតំបន់កាហ្សា បន្ទាប់ពីជម្លោះជាមួយក្រុមហាម៉ាស ត្រូវបានបញ្ចប់ឡើយ។

 
ជាងរយៈពេល ១ខែហើយ អុីស្រាអែលបន្តវាយប្រហារលើក្រុមហាម៉ាស នៅក្នុងតំបន់កាហ្សាភាគខាងជើង និងបំផ្លាញផ្លូវក្រោមដីក្នុងតំបន់កាហ្សា ក្រោមប្រតិបត្តិការយោធាដំណាក់កាលថ្មី។ ស្របពេលប្រតិបត្តិការយោធានេះ កំពុងកើតឡើង កន្លងមក នាយករដ្ឋមន្រ្តីអុីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានព្រមានថា អុីស្រាអែល អាចគ្រប់គ្រងសន្តិសុខតំបន់កាហ្សាដោយគ្មានរយៈពេលកំណត់។ ការប្រកាសបែបនេះ ត្រូវបានបណ្តាប្រទេសជាច្រើនសង្ស័យថា អុីស្រាអែលអាចគ្រប់គ្រងតំបន់កាហ្សា។
 
យ៉ាងណាមិញ មេដឹកនាំអុីស្រាអែល បានបកស្រាយជាថ្មីថា ខ្លួនមិនបានស្វះស្វែងរកការគ្រប់គ្រងតំបន់កាហ្សាឡើយ។
 
«យើងមិនស្វះស្វែងរកការដណ្តើមតំបន់កាហ្សា។ យើងមិនស្វះស្វែងការគ្រប់គ្រងតំបន់កាហ្សា ហើយយើងក៏មិនធ្វើអភិបាលលើតំបន់កាហ្សាដែរ»។ លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Fox News នៅថ្ងៃទី៩ ខែវិច្ឆិកា ដោយបន្តថា រដ្ឋាភិបាលស៊ីវិលមួយ​ ត្រូវតែរៀបចំនៅក្នុងតំបន់កាហ្សា ហើយអុីស្រាអែល ក៏ត្រូវធានាផងដែរថា ការវាយប្រហារដូចថ្ងៃទី៧ ខែតុលា នឹងមិនកើតឡើងជាថ្មីដាច់ខាត។ 
 
ការវាយប្រហារថ្ងៃទី៧ ខែតុលា គឺសំដៅដល់សកម្មភាពរបស់ក្រុមហាម៉ាស ដែលបានវាយឆ្មក់លើអុីស្រាអែល នៅតំបន់ព្រំដែនជាមួយកាហ្សា និងមានការបាញ់គ្រាប់រ៉ុក្កែតជាច្រើនពាន់គ្រប់ផង។ 
 
បើទោះប្តេជ្ញាមិនគ្រប់គ្រងតំបន់កាហ្សាមែន ប៉ុន្តែអុីស្រាអែល អាចនឹងអន្តរាគមន៍យោធាទៅក្នុងតំបន់នោះ ប្រសិនបើចាំបាច់ ឬមានការវាយប្រហារពីសំណាក់ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់នោះ មកលើអុីស្រាអែល។ ត្រង់ចំណុចនេះ លោក ណេតាន់យ៉ាហ៊ូ បានចាត់ទុកអន្តរាគមន៍យោធារបស់ខ្លួន ជាការទប់ស្កាត់មិនឱ្យមានក្រុមសកម្មប្រយុទ្ធដូច ក្រុមហាម៉ាស ជាថ្មី។ 
 
ជាការពិត កន្លងមក អាម៉េរិក មិនបានគាំទ្រអុីស្រាអែលឱ្យគ្រប់គ្រងតំបន់កាហ្សា ក្រោយជម្លោះត្រូវបានបញ្ចប់ឡើយ។ ផ្ទុយទៅវិញ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានគាំទ្រឱ្យមានការបង្កើតរដ្ឋពីរនៅលើដែនដីប៉ាឡេស្ទីន។ 
 
តាមការបញ្ជាក់របស់មន្រ្តីអាម៉េរិក អាជ្ញាធរប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ត្រើយខាងលិច (West Bank) អាចនឹងវិលត្រលប់មកគ្រប់គ្រងតំបន់កាហ្សាឡើងវិញ។ ចាប់តាំងពីឆ្នាំ ២០០៧មក ក្រុមហាម៉ាស​ បានចាប់ផ្តើមគ្រប់គ្រងនៅតំបន់កាហ្សា ពីកម្លាំងអាជ្ញាធរប៉ាឡេស្ទីន។ 
 
បើសិនបើជម្លោះរវាងអុីស្រាអែល និងហាម៉ាស ត្រូវបានបញ្ចប់ លោក ណេតាន់យ៉ាហ៊ូ ចង់ឃើញតំបន់កាហ្សា គ្មានយោធា គ្មានក្រុមជ្រុលនិយម និងកសាងតំបន់នោះឡើងវិញ។
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន France 24 ចេញផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា លោក Mohammad Shtayyeh  នាយករដ្ឋមន្រ្តីនៃអាជ្ញាធរប៉ាឡេស្ទីន បានអះអាងថា គោលដៅរបស់អុីស្រាអែល ក្នុងការលុបបំបាត់ក្រុមហាម៉ាស នឹងមិនអាចទៅរួចឡើយ។ ជុំវិញជម្លោះនេះ លោកលោក Mohammad Shtayyeh  បានជំរុញឱ្យមានដំណោះស្រាយទូលំទូលាយមួយសម្រាប់ជម្លោះរវាងអុីស្រាអែល និងប៉ាឡេស្ទីន រួមទាំងការអន្តរាគមន៍អន្តរជាតិ ដើម្បីដាក់សម្ពាធលើអុីស្រាអែល។ 
 
បើនាយករដ្ឋមន្រ្តីរូបនេះ លោកចង់ឃើញការរៀបចំការបោះឆ្នោតទូទៅមួយសម្រាប់ប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់កាហ្សា។ 
 
ក្នុងសប្តាហ៍នេះ ប្រមុខអាជ្ញាធរប៉ាឡេស្ទីនរូបនេះ បានប្រាប់ទូរទស្សន៍ PBS ថា អាជ្ញាធរប៉ាឡេស្ទីន នឹងមិនត្រលប់ទៅតំបន់កាហ្សា ដោយមានការគាំទ្រផ្នែកសន្តិសុខពីអុីស្រាអែលឡើយ៕

Tag:
 អុីស្រាអែល
  កាហ្សា
  ប៉ាឡេស្ទីន
  ហាម៉ាស
© រក្សាសិទ្ធិដោយ thmeythmey.com