សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិនបានក្លាយជាម្ចាស់បំណុលធំជាងគេរបស់ពិភពលោក
11, Nov 2023 , 8:39 am        
រូបភាព
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង ។ រូបភាព ៖​ Xinhua
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង ។ រូបភាព ៖​ Xinhua
ចិនបានក្លាយជាម្ចាស់បំណុលធំជាងគេរបស់ពិភពលោក ដែលមានចំនួន  ១ ១០០ពាន់ លានដុល្លារ តាមរយៈគម្រោងខ្សែក្រវាត់ និងផ្លូវ។ ប្រហែល ៨០ភាគរយនៃប្រាក់កម្ចី បានគាំទ្រទៅដល់ប្រទេសនានា ដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ។

 
ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់របាយការណ៍ ពីអង្គការស្រាវជ្រាវរបស់អាម៉េរិក AidData បង្ហាញថា ប្រទេសជាង១៥០ នៅជុំវិញពិភពលោក បានចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិន។ 
 
រយៈពេល១០ឆ្នាំ ដំបូងនៃគំនិតផ្តួចផ្តើមនេះ ចិនបានបែងចែកប្រាក់កម្ចីយ៉ាងច្រើន ដើម្បីសាងសង់ស្ពាន កំពង់ផែ និងផ្លូវហាយវេនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម។ បច្ចុប្បន្ន ជាងពាក់កណ្តាលនៃប្រាក់កម្ចី បើទូទាត់ការសងបំណុលមកវិញ នឹងកើនឡើងដល់ ៧៥ភាគរយ នៅចុងទសវត្សរ៍នេះ។
 
ផ្អែកលើទិន្នន័យសរុប ស្តីពីការផ្តល់មូលនិធិរបស់ចិន សម្រាប់គម្រោងជិត ២១ពាន់គម្រោង នៅក្នុងប្រទេសចំនួន ១៦៥ ក្រុមហ៊ុន AidData បានបញ្ជាក់ថា ទីក្រុងប៉េកាំងផ្តល់ឥណទានប្រហែល ៨០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ដល់ប្រទេសដែលមានចំណូលទាប និងមធ្យម។ បើប្រៀបធៀបអាម៉េរិក ក៏មានចំនួនប្រហាក់ប្រហែលគ្នា ដែលមានតម្លៃ ៦០ ពាន់លានដុល្លារ។
«ទីក្រុងប៉េកាំង កំពុងដើរតួនាទីមិនស្រួលប៉ុន្មានទេ ក្នុងនាមជាម្ចាស់បំណុលដ៏ធំបំផុត របស់ពិភពលោក។ បំណុលដែលនៅសេសសល់សរុប រួមទាំងប្រាក់ដើម ដែលមិនរាប់បញ្ចូល ការប្រាក់ពីប្រទេសដែលខ្ចី មានយ៉ាងហោចណាស់ ១ ១០០ពាន់លានដុល្លារ» ។ នេះបើតាមបញ្ជាក់នៅក្នុងរបាយការណ៍ AidData ។ 
 
បើតាមរបាយការណ៍ AidData ទីក្រុងប៉េកាំង កំពុងសម្លឹងមើលកាត់បន្ថយហានិភ័យ សម្រាប់គម្រោង BRI ដោយកែសម្រួលសកម្មភាពផ្តល់ប្រាក់កម្ចីរបស់ខ្លួន ឱ្យកាន់តែស៊ីគ្នាជាមួយនឹងស្តង់ដារអន្តរជាតិ រួមទាំងវិធានការការពារខ្លួន ប្រឆាំងនឹងហានិភ័យនៃការមិនសងប្រាក់វិញ។
 
នៅក្នុងវេទិកាខួបលើកទី១០ នៃខ្សែក្រវាត់ និងផ្លូវ កាលពីខែតុលា លោក ស៊ី ជីនភីង បាន ប្រកាសថា ទីក្រុងប៉េកាំង នឹងចាក់បញ្ចូលទុនថ្មីជាង ១០០ពាន់លានដុល្លារទៅក្នុងគម្រោង BRI៕ 

Tag:
 ចិន
  បំណុល
  ពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com