ជាតិ
វិទ្យាល័យទូទាំងខេត្តតាកែវ នឹងមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍
11, Nov 2023 , 8:19 pm        
រូបភាព
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍​​​​ និងមន្រ្តីពាក់ព័ន្ធ ក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈក្នុងខេត្តតាកែវ កាលពីថ្ងៃទី១០ វិច្ឆិកា។  រូបភាព៖ ក្រសួងប្រៃសណីយ៍
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍​​​​ និងមន្រ្តីពាក់ព័ន្ធ ក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈក្នុងខេត្តតាកែវ កាលពីថ្ងៃទី១០ វិច្ឆិកា។ រូបភាព៖ ក្រសួងប្រៃសណីយ៍
ភ្នំពេញ៖ វិទ្យាល័យតាមស្រុក-ក្រុង ទូទាំងខេត្តតាកែវ ត្រូវបានជ្រើសរើសជាទីតាំងដំបូង សម្រាប់សាងសង់ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍។ នេះជាការបញ្ជាក់របស់ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈក្នុងខេត្តតាកែវ កាលពីថ្ងៃទី១០ វិច្ឆិកា។


 
មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះ មានមុខងារចម្បងចំនួន៤ គឺផ្តល់បន្ទប់កុំព្យូទ័រ (Computer Lab) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថល ផ្តល់ការអប់រំតាមប្រព័ន្ធបង្រៀនពីចម្ងាយ ដល់សិស្សវិទ្យាល័យសាធារណៈ និងជាសាលប្រជុំ ព្រមទាំងជាសាលបណ្តុះបណ្តាលគ្រូបង្រៀនតាមប្រព័ន្ធបង្រៀនពីចម្ងាយ។ ផ្តល់បន្ទប់បណ្តុះបណ្តាល (Training Room) សម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាឌីជីថលដល់អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋក្នុងសហគមន៍ ដែលមានបំណងចង់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងគោលដៅផ្សេងៗ។
 
ផ្តល់ទីតាំងជាប៉ុស្តិ៍ប្រៃសណីយ៍ (Post Office) សម្រាប់ផ្តល់សេវាទទួល និងផ្ញើកញ្ចប់អីវ៉ាន់ ព្រមទាំងផ្តល់សេវាផ្សេងៗដល់ពាណិជ្ជករ អាជីវករ និងពលរដ្ឋនៅសហគមន៍ និងផ្តល់បន្ទប់អ៊ីនធឺណិតកាហ្វេ (Internet Café) ជូនពលរដ្ឋនៅសហគមន៍អាចចូលប្រើប្រាស់ ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនឹងកសិកម្ម អាជីវកម្ម និងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងតម្រូវការជាក់ស្តែង នៅតាមសហគមន៍នីមួយៗ។
 
លោក ជា វ៉ាន់ដេត មានសុទិដ្ឋិនិយមថា មជ្ឈមណ្ឌលនេះ នឹងក្លាយជាសមិទ្ធផលថ្មីដ៏មានសារៈសំខាន់ ក្នុងការគាំទ្រដល់ដំណើរអភិវឌ្ឍន៍ប្រព័ន្ធអប់រំឌីជីថល តាមរយៈការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាព ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ 
 
លោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមខ្លីដែរថា ការបង្កើត មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នេះ នឹងរួមចំណែកដល់ការលើកកម្ពស់អក្ខរកម្ម និងបំណិនឌីជីថល នៅក្នុងថ្នាក់រៀន សាលារៀន និងសហគមន៍ទាំងមូល។
 
សូមជម្រាបថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានកំណត់យកខេត្តតាកែវទាំងមូល ធ្វើជាគំរូនៃការអនុវត្តគម្រោងអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថលដល់សិស្ស និងប្រជាពលរដ្ឋមូលដ្ឋាន ដោយសារសហការជាមួយក្រសួងអប់រំ។
 
បើតាម លោក ជា វាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ការអនុវត្តគម្រោងនេះ គឺជាទិសដៅមួយនៃការកសាងពលរដ្ឋឌីជីថល ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤៕
 
 

Tag:
 មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍
  ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
© រក្សាសិទ្ធិដោយ thmeythmey.com