ជាតិ
ពន្យល់ពាក្យ
«អនុភាព» គឺជំនឿស៊ប់, សេចក្តី​ដឹងច្បាស់ រីឯ «អានុភាព» គឺអំណាច, តេជះ និងសេចក្តីក្លាហាន
30, Jan 2024 , 7:30 am        
រូបភាព
ពាក្យ «អនុភាព» និង «អានុភាព» មាន​ការពន្យល់​ផ្សេងៗគ្នា ក្នុង​វចនានុក្រម​ខ្មែរសម្តេចព្រះសង្ឃរាជ ជួន​ណាត ក៏ដូចជា​វចនានុក្រម​ខ្មែរ​២០២២​របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យ​សភាកម្ពុជា។

 
«អនុភាព» មានន័យថា សេចក្ដីប្រាកដក្នុងចិត្ត, ការចូលចិត្តស៊ប់; ជំនឿស៊ប់; សេចក្ដីដឹងច្បាស់។  អនុភាព ក្លាយចេញពីភាសាសំសង្ក្រឹត «អនុភាវ»។ 
 
រីឯ «អានុភាព» វិញ មានន័យច្រើន។ ន័យ​ដែល​គេ​តែងតែ​ច្រឡំជាមួយ «អនុភាព» នោះ គឺ អំណាច; តេជះ; សេចក្ដីអង់អាច, សេចក្ដីក្លាហាន :  មានអានុភាពច្រើន, អានុភាពនៃគុណបុណ្យ។  
 
ន័យ​ផ្សេងទៀត បើតាមរូបវិទ្យា «អានុភាព» ជា​ផលធៀបរវាងកម្មន្តនិងរយៈពេល។ តែបើតាម​ពាក្យ​ច្បាប់ «អានុភាព»  មានន័យថា ផលគតិយុត្តដែលកើតចេញពីលិខិតគតិយុត្ត ដូចជាសេចក្ដីសម្រេចរបស់តុលាការ ជាដើម។  
 
ពាក្យ «អានុភាព» បើរៀងភ្ជាប់ពីខាងចុងសព្ទដទៃគឺ:  គុណានុភាព, បុញ្ញានុភាព, ពលានុភាព, ឥទ្ធានុភាព ឬ ឫទ្ធានុភាព "អានុភាពនៃគុណ, អានុភាពនៃបុណ្យ, អានុភាពនៃកម្លាំង, អានុភាពនៃឫទ្ធិ" ជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com