ខ្មែរ​ក្រហម
ជាតិ
សាលាក្ដី​ខ្មែរក្រហម​ត្រូវការ​ថវិកា៣១,៦ លាន​ដុល្លារ​សម្រាប់​ឆ្នាំ២០១៤
19, Mar 2014 , 7:21 pm        
រូបភាព
ដោយ:
ក្រុម​ប្រទេស​ផ្ដល់ជំនួយសំខាន់ៗ សម្រាប់​ដំណើរការ​សាលាក្ដី​ខ្មែរក្រហម បានអនុម័ត​ទៅលើ​គម្រោង​ថវិកា សម្រាប់​ប្រើប្រាស់​នៅក្នុង​ឆ្នាំ២០១៤ ដែលមាន​ចំនួន​សរុប ៣១,៦ លាន​ដុល្លារ​អាមេរិក និង​សម្រាប់​ឆ្នាំ២០១៥ ចំនួន ២៨,៩ លាន​ដុល្លារ។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃទី១៩ ខែមីនា​នេះ។


សេចក្ដីប្រកាស​ព័ត៌មាន​នោះបាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ២០១៤ ភាគី ជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម ត្រូវការ​ថវិកា ៦,៤ លាន​ដុល្លារ និង​ផ្នែក​ភាគី​អន្តរជាតិ​ត្រូវការ​ថវិកា ២៥,២ លាន​ដុល្លារ។ ចំណែកឯ​ឆ្នាំ២០១៥ ភាគី​ជាតិ​ត្រូវការ​ថវិកា​ចំនួន ៦ លាន​ដុល្លារ​អាមេរិក និង​ភាគី​អន្តរជាតិ​ត្រូវការ​ថវិកា ២២,៩ លាន​ដុល្លារ​អាមេរិក​ផងដែរ។

លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម បាន​ឲ្យ​ដឹងថា នេះ​គឺ​គ្រាន់តែ​ជាការ​អនុម័ត​ទៅលើ​គម្រោង​ថវិកា​ដែល​សាលាក្ដី​បានស្នើ​សុំ​តែប៉ុណ្ណោះ សម្រាប់​ថវិកា​វិញ​គឺ​ត្រូវ​រង់ចាំ​ការសម្រេច​របស់​ប្រទេស​ម្ចាស់ជំនួយ។លោក​បន្តថា ចាប់ពីពេលនេះ​តទៅ​សាលាក្ដី​នឹងធ្វើ​ការ​កៀរគរ​ថវិកា និង​ស្នើសុំ​ឲ្យ​ប្រទេស​ម្ចាស់ជំនួយ​ផ្ដល់​ថវិកា​តាម​ការសន្យា​នោះ។

អ្នកនាំពាក្យ​រូបនេះ​ក៏បាន​ឲ្យ​ដឹងថា សម្រាប់​ឆ្នាំ២០១៤ នេះ​ភាគី​ជាតិ​នៃ​សាលាក្ដី​ខ្មែរក្រហម មាន​ថវិកា​សម្រាប់​ដំណើរការ​នៅត្រឹម​ដំណាច់​ខែមីនា​នេះ​តែប៉ុណ្ណោះ ហើយ​សាលាក្ដី​ត្រូវការ​ថវិកា​សម្រាប់​ចំណាយ​ក្នុង​រយៈពេល ៩ ខែ​បន្ថែមទៀត ក្នុងចំណោម​ថវិកា​សម្រាប់​ចំណាយ​សរុប​ចំនួន ៦,៤ សែន​ដុល្លារ។ លោក​ក៏បាន​បញ្ជាក់ថា ដោយឡែក​សម្រាប់​ភាគី​អន្តរជាតិ​វិញ គឺមាន​ថវិកា​សម្រាប់​ដំណើរការ សម្រាប់​ចំណាយ​ពេញ​មួយឆ្នាំ២០១៤ នេះ​រួចរាល់​ហើយ។

ប្រធានការិយាល័យ​រដ្ឋ​បាល​ស្ដីទី​របស់​សាលាក្ដី​ខ្មែរក្រហម លោក ក្រាញ់ តូ​នី បាន​ថ្លែងថា លោក​សូម​ស្វាគមន៍​ចំពោះ​ការអនុម័ត​គម្រោង​ថវិកា​ថ្មី​នេះ ហើយ​លោក​ក៏បាន​អំពាវនាវ​ឲ្យ​សហគមន៍​ផ្ដល់ជំនួយ​ទាំងអស់ សូម​ផ្ដល់ជំនួយ​ជា​ចាំបាច់​ដល់​សាលាក្ដី៕






© រក្សាសិទ្ធិដោយ thmeythmey.com