កីឡាអន្តរជាតិ
អន្តរជាតិ
Cesc Fabregas ក្លាយជាអ្នកចាត់ការដំបូងក្នុងអាជីព នៅក្រុម Como
14, Nov 2023 , 9:59 am        
រូបភាព
លោក Cesc Fabregas អតីតខ្សែបម្រើ Arsenal, Chelsea និង Barcelona ត្រូវបានតែងតាំងជាអ្នកចាត់ការបណ្ដោះអាសន្នរបស់ក្រុម Como នៃលីគលំដាប់ទីពីរអ៊ីតាលី Serie B។ នេះជាការងារចាត់ការក្រុមលើកដំបូង ក្រោយប្រកបអាជីពជាកីឡាករ ពីរទសវត្សរ៍។



ក្នុងវ័យ៣៦ឆ្នាំ Fabregas ត្រូវជំនួសតំណែងលោក Moreno Longo សម្រាប់តួនាទីគ្រប់គ្រងក្រុម Como។ មុនឡើងជាអ្នកចាត់ការនេះ អតីតខ្សែបម្រើឆ្នើមក្រុមជម្រើសជាតិអេស្ប៉ាញ ធ្លាប់បានបង្ហាញខ្លួន១៧ប្រកួតឱ្យក្រុមនៅ Serie B នេះ មុនពេលចូលនិវត្តន៍ និងក្លាយជាគ្រូបង្វឹកក្រុមយុវជន និងក្រុមបម្រុង។
 
Fabregas បានចូលរួមជាមួយក្រុម Como ក្នុងខែសីហា ឆ្នាំ ២០២២ បន្ទាប់ពីចាកចេញពី Monaco ហើយក៏ក្លាយជាម្ចាស់ភាគហ៊ុនក្លិបនៅអ៊ីតាលីនេះជាមួយនឹងអតីតមិត្តរួមក្រុម Arsenal និង Barcelona លោក Thierry Henry។ អតីតខ្សែបម្រើ Chelsea និងអង់គ្លេស Dennis Wise ជាប្រធានក្លិប បន្ទាប់ពីចូលរួមដំបូងជាអ្នកប្រឹក្សាបច្ចេកទេសក្នុងឆ្នាំ ២០១៩។
 
ក្នុងឆ្នាំ២០០៣ Fabregas បានចូលរួម Arsenal ដោយបង្ហាញខ្លួន២១២ប្រកួត មុនផ្លាស់ទៅក្រុមចាស់ដែលរូបគេធ្លាប់ហ្វឹកហាត់ជាយុវជនថ្នាល Barcelona វិញនៅឆ្នាំ២០១១។​ នៅទឹកដីអេស្ប៉ាញ៣រដូវកាល នៅឆ្នាំ២០១៤ រូបគេបានផ្លាស់ទៅ Premier League វិញដោយចូលរួមជាមួយ Chelsea។ Fabregas បន្តអាជីពនៅទឹកដីបារាំងជាមួយ Monaco រយៈពេល៣រដូវកាល ចន្លោះពីឆ្នាំ២០១៩ ដល់ ២០២២ មុនអវត្តមានលើទីលានដោយសាររបួស។
 
សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ Fabregas បង្ហាញខ្លួនបាន​ ១១០ប្រកួត ក្នុងនោះឈ្នះជើងឯកអឺរ៉ុបពីរដងក្នុងឆ្នាំ ២០០៨ និង ២០១២ និង FIFA World Cup ១លើកនៅអាហ្វ្រិកខាងត្បូង ឆ្នាំ២០១០។
 
ក្នុងការងារជាអ្នកចាត់ការលើកដំបូង Fabregas នឹងដឹកនាំក្រុម Como ដែលសព្វថ្ងៃឈរនៅលេខរៀងទី៦ នៅតារាង Serie B ត្រូវប៉ះក្រុម Feralpisalo ថ្ងៃទី២៥ ខែវិច្ឆិកា សម្រាប់ជំនួបសប្តាហ៍ទី១៣៕

Tag:
 Cesc Fabregas
  Como
  Serie B
© រក្សាសិទ្ធិដោយ thmeythmey.com