អន្តរជាតិ
នេប៉ាល់ នឹងហាមប្រើ TikTok ព្រោះប៉ះពាល់សង្គម
× នេប៉ាល់នាថ្ងៃទី១៣ ខែវិច្ឆិកាបានប្រកាសថា ខ្លួននឹងហាមឃាត់បណ្ដាញសង្គម TikTok ដោយលើកហេតុផលថាសុខដុមរមនាក្នុងសង្គម និងសុច្ឆន្ទៈត្រូវបានរំខានដោយដោយ ការប្រើប្រាស់កម្មវិធីវីដេអូដ៏ពេញនិយមមួយនេះ។
បណ្ដាញសង្គម TikTok ត្រូវបានប្រទេសមួយចំនួន ហាមឃាត់មួយផ្នែក ឬទាំងស្រុង រួចទៅហើយ ដោយមានការលើកឡើងពីបញ្ហាសន្តិសុខស្រដៀងគ្នា។ នៅនេប៉ាល់ បើយោងតាម របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ករណីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលទាក់ទងនឹង TikTok ច្រើនជាង១,៦០០ ត្រូវបានចុះបញ្ជីក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មាននេប៉ាល់ លោកស្រី Rekha Sharma និយាយថា ការសម្រេចចិត្តហាមឃាត់ TikTok ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា។
«មន្រ្តីកំពុងបិទវាតាមបច្ចេកទេស»។ លោកស្រី Sharma បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែបនេះ។
ឯប្រធានអាជ្ញាធរទូរគមនាគមន៍នេប៉ាល់ លោក Purushottam Khanal និយាយថា អ្នកផ្តល់សេវាអ៊ីនធឺណិតត្រូវបានស្នើសុំឱ្យបិទកម្មវិធីនេះដែរ។ ក្រុមហ៊ុនមួយចំនួនបានបិទរួច ហើយ ខណៈក្រុមហ៊ុនផ្សេងទៀតនឹងចាប់ផ្ដើមបិទជាបន្តបន្ទាប់។
ក្រុមហ៊ុន TikTok មិនបានឆ្លើយតបថា យ៉ាងណាឡើយ។ កន្លងមក ក្រុមហ៊ុននេះធ្លាប់បាន អះអាងថា ការហាមឃាត់បែបនេះគឺជាការយល់ខុសដោយផ្អែកលើគោលគំនិតខុស។ មេដឹកនាំបក្សប្រឆាំងនេប៉ាល់វិញ បានរិះគន់ចំណាត់ការនេះដោយនិយាយថាវាខ្វះប្រសិទ្ធភាព ការគិតគូរល្អិតល្អន់ និងការទទួលខុសត្រូវ។
ប្រទេសជិតខាងរបស់នេប៉ាល់គឺឥណ្ឌាបានហាមឃាត់ TikTok រួមជាមួយនឹងកម្មវិធីរាប់សិប ផ្សេងទៀតរបស់ចិនកាលពីខែមិថុនា ឆ្នាំ ២០២០។ ប្រទេសអាស៊ីខាងត្បូងមួយផ្សេង ទៀតគឺប៉ាគីស្ថានបានហាមឃាត់កម្មវិធីនេះយ៉ាងហោចណាស់បួនដងដោយរដ្ឋាភិបាល ចាត់ទុកខ្លឹមសារក្នុងកម្មវិធីនេះជារឿងមិនសមរម្យ និងអសីលធម៌៕
© រក្សាសិទ្ធិដោយ thmeythmey.com