កីឡាអន្តរជាតិ
អន្តរជាតិ
សង្គ្រាម បង្ខំ ក្រុមប៉ាឡេស្ទីន និងលីបង់ ប្រកួតជម្រុះ World Cup 2026 ក្រៅផ្ទះ
14, Nov 2023 , 8:19 pm        
រូបភាព
ការប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2026 ទ្វីបអាស៊ី រវាងក្រុមជម្រើសជាតិប៉ាឡេស្ទីន ទល់នឹងលីបង់ ​ត្រូវធ្វើឡើងនៅប្រទេសអូស្ត្រាលី។ ប្រទេសទាំងពីរត្រូវបានបង្ខំចិត្តឱ្យប្រកួតនៅទឹកដីកណ្តាល ព្រោះតែបញ្ហាសង្គ្រាមដែលកំពុងកើតមាននៅក្នុងតំបន់កាហ្សា រវាងអ៊ីស្រ្តាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ រយៈពេលជិត​២ខែ។



ដំបូងឡើយការប្រកួតរវាងប៉ាឡេស្ទីន ទល់និងក្រុមលីបង់ ត្រូវធ្វើឡើងនៅក្នុងទីក្រុង Beirut នៅក្នុងសប្តាហ៍នេះ មុនពេលដែលប្រទេសប៉ាឡេស្ទីនត្រូវបានកំណត់ឱ្យធ្វើជាម្ចាស់ផ្ទះទទួលការប្រកួត ដែលធ្វើឡើងនៅទឹកដីកណ្តាលនៅក្នុងទឹកដីកីឡដ្ឋាន Khalid Bin Mohammed ប្រទេសអេម៊ីរ៉ាត់អារ៉ាប់រួម នៅថ្ងៃទី១៦ ខែវិច្ឆិកា។ 
 
ក្រោយពីការប្រកួតស្ថិតក្នុងប្រទេសអូស្ត្រាលីរួច ប៉ាឡេស្ទីន នឹងត្រូវវិលត្រឡប់មកធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមអូស្រ្តាលី នៅថ្ងៃទី២១ ខែវិច្ឆិក ដែលការប្រកួតនឹងត្រូវធ្វើនៅទឹកដីកណ្តាលដូចគ្នា ក្នុងប្រទេសគុយវែត។ ចំណែកអូស្ត្រាលី ត្រូវជួបតទល់ជាមួយនឹងក្រុមលីបង់ មុនពេលទៅប៉ះជាមួយនឹងប៉ាឡេស្ទីន។
 
ការប្រកួតក្នុងសប្តាហ៍នេះ គឺជាការចាប់ផ្តើមការប្រកួតជម្រុះជុំទីពីរក្នុងតំបន់អាស៊ី សម្រាប់ក្រុមស្ថិតក្នុងទ្វីបអាស៊ី ដើម្បីប្រជែងដណ្តើមកៅអីសម្រាប់អាចទៅកាន់ការប្រកួតបានរង្វាន់ FIFA World Cup 2026 នៅក្នុងប្រទេសអាម៉េរិក​, កាណាដា និង ម៉ិកស៊ិក ដែលជាសហម្ចាស់ផ្ទះ។ 
 
ការប្រកួត World Cup 2026 នឹងមានការបង្កើនចំនួនក្រុមប្រកួតប្រជែងចំនួនពី ៣២ក្រុម ឡើងដល់ ៤៨ក្រុម ហើយទ្វីបអាស៊ីទទួលបានកៅអីចំនួន ៨កៅអីកន្លះដើម្បីទៅប្រជែងក្នុងពានរង្វាន់នេះ។
 
មកដល់ពេលនេះសង្គ្រាមដែលកំពុងកើតមានឡើងនៅក្នុងតំបន់កាហ្សា នៅតែបន្តយ៉ាងក្តៅកគុក ខណៈមនុស្សជាច្រើនអ្នកក៏បានរងគ្រោះ និងស្លាប់ជាបន្តបន្ទាប់ក្នុងសង្គ្រាមមួយនេះ។ 
 
ប្រទេសអ៊ីស្ត្រាអែលដែលកំពុងស្ថិតក្នុងសង្គ្រាម ក៏បានធ្វើឱ្យក្រុមជម្រើសជាតិខ្លួន ត្រូវបង្ខំចិត្តប្រកួតក្នុងវគ្គជម្រុះពានរង្វាន់ World Cup 2026 នៅទឹកដីកណ្តាលដូចគ្នា។ រាល់សកម្មភាពបាល់ទាត់ដែលរៀបចំដោយសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ដែលគ្រោងធ្វើឡើងនៅក្នុងប្រទេសអ៊ីស្រា្តអែលក៏ត្រូវបានសម្រេចលុបចោល ខ្លះទៀតត្រូវប្តូរទីតាំងប្រកួត និងខ្លះទៀតត្រូវលើកពេល៕

Tag:
 World Cup 2026
  ប៉ាឡេស្ទីន
  លីបង់
© រក្សាសិទ្ធិដោយ thmeythmey.com