កីឡាអន្តរជាតិ
អន្តរជាតិ
Luis Diaz និងឪពុកសម្រក់ទឹកភ្នែក ក្រោយជួបគ្នាលើកដំបូង ចាប់តាំងពីមានករណីចាប់ជំរិត
15, Nov 2023 , 11:09 am        
រូបភាព
ចាប់តាំងពីលោក Luis Manuel Diaz ត្រូវបានដោះលែងពីសំណាក់ក្រុមឧន្ទាមទ័ពព្រៃឆ្វេងនិយមកូឡុំប៊ី (ELN)​ កីឡាករ​ Luis Diaz របស់ក្រុម​ Liverpool បានជួបជុំឪពុកខ្លួនហើយ ក្រោយចាប់ជំរិតរយៈពេល ១២ថ្ងៃ។



ការជួបជុំឪពុក និងកូន របស់ក្រុមគ្រសារ Diaz ត្រូវបានផ្សព្វផ្សាយដោយសហព័ន្ធកីឡាបាល់ទាត់ប្រទេសកូឡុំប៊ី នាថ្ងៃទី១៤ ខែវិច្ឆិកា ពោលគឺ ៥ថ្ងៃ ក្រោយការដោះលែង​ ។ 
 
លោក Luis Manuel Diaz វ័យ ៥៨ឆ្នាំ ត្រូវបានដោះលែងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ក្រោយក្រុមឧន្ទាម ELN បន្ទាប់ពីត្រូវបានចាប់ជំរិតរយៈពេល ១២ថ្ងៃរួចមក។ ការចាប់ខ្លួនឪពុករបស់ Diaz បានធ្វើឡើងនៅក្នុងទីក្រុង Barrancas ខេត្ត ​La Guajia ភាគខាងជើងប្រទេសកូឡុំប៊ីដែលជាទីកន្លែងលោកបានរស់នៅ។
 
ចាប់តាំងពីឮដំណឹងពីការចាប់ខ្លួនកីឡាករវ័យ ២៤ឆ្នាំ មិនបានធ្វើដំណើរទៅកាន់ប្រទេសកូឡុំប៊ីភ្លាមៗដែរ ដោយគេបន្តលេងបំពេញភារកិច្ចលេងឱ្យក្រុម Liverpool ដោយគេបានបង្ហាញខ្លួនលេងនៅក្នុងក្របខណ្ឌ Premier League ជួយក្រុមប្រកួតស្មើ Luton ១-១ មុនពេលយកឈ្នះលើ Brentford លទ្ធផល ៣-០ កាលពីសប្តាហ៍មុន។ 
 
Diaz បច្ចុប្បន្នបានវិលត្រឡប់ទៅកាន់ប្រទេសកូឡុំប៊ី ដើម្បីត្រៀមជួយក្រុមជម្រើសជាតិ ប្រកួតទល់នឹងក្រុមប្រេស៊ីល សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ World Cup 2026 តំបន់ទ្វីបអាម៉េរិកខាងត្បូង (CONMEBOL)។
 
យ៉ាងណាឪពុករបស់ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ ក៏បានអះអាងថា លោកនឹងបន្តស្នាក់នៅក្នុងប្រទេសកូឡុំប៊ី បើទោះជាលោកបានឆ្លងកាត់បទពិសោធន៍នៃការចាប់ជំរិតដ៏លំបាកក្តី។ 
«សេចក្តីប្រាថ្នារបស់ខ្ញុំគឺបន្តនៅក្នុងទីក្រុងរបស់ខ្ញុម ព្រោះខ្ញុំមានគ្រួសារទាំងមូលនៅក្នុងទីក្រុងរបស់ខ្ញុំមួយនេះ។»។ នេះបើតាមសម្តីរបស់ Luis Manuel Diaz ក្នុងសន្និសីទកាសែត៕

Tag:
 Liverpool
  Luis Diaz
© រក្សាសិទ្ធិដោយ thmeythmey.com