កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ និង គ្រូបង្វឹកថៃ សុំពរជ័យពីព្រះសង្ឃ មុនប្រកួតជម្រុះ World Cup 2026
15, Nov 2023 , 11:59 am        
រូបភាព
ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិថៃ និងក្រុមគ្រូបង្វឹក បានសុំពរជ័យដែលជាជំនួយផ្នែកស្មារតី ពីព្រះសង្ឃដ៏ល្បីមួយអង្គក្នុងប្រទេសថៃ មុនការប្រកួតវគ្គជម្រុះ FIFA World Cup 2026 តំបន់អាស៊ី (AFC)។​



វត្តមានសហប្រធានក្រុមថៃ Chanathip Songkrasin និង Theerathon Bunmathan ព្រមទាំងកីឡាករជើងចាស់ Teerasil Dangda, Sarach Yooyen, Pansa Hemviboon និង Krisada Kaman សុទ្ធសឹងតែទៅសុំពរជ័យពីព្រះសង្ឃព្រះនាម ចៅ ឃុន ថុងឆៃ។ ក្រៅពីកីឡាក ក៏មានលោក Mano Polking ជាគ្រូបង្វឹក និងសហការីផងដែរ។
 
កីឡាករថៃ និងក្រុមគ្រូបង្វឹក ក៏ទទួលបាននូវខ្សែអំបោះចង់ដៃ ក៏ដូចជាក្រណាត់យ័ន្ន ដើម្បីធ្វើជាវត្ថុការពារខ្លួន និងធ្វើឱ្យមានអារម្មណ៍ស្ងប់ និងមានកម្លាំងចិត្តផ្តោតលើការប្រកួត។
 
ព្រះអង្គ ព្រះនាម ចៅ ឃុន ថុងឆៃ ជាសង្ឃដ៏ល្បីប្រចាំប្រទេសថៃ ក៏ធ្លាប់បានផ្តល់ជាវត្ថុសក្ក័សិទ្ធិដល់ក្លិប Leicester City ដែលមានម្ចាស់ជាជនជាតិថៃ កាលពីឆ្នាំ ២០១៥​ អំឡុងពេលក្រុមនេះប្រជែងក្នុងក្របខណ្ឌ Premier League។ សព្វថ្ងៃ Leicester លេងនៅលីគទី២ Championship។
 
ថៃ ក្រោមការដឹកនាំរបស់សេដ្ឋីនី Nualphan Lamsam និងគ្រូបង្គោល Mano Polking  នឹងចាប់ផ្តើមការប្រកួតបើកឆាកក្នុងវគ្គជម្រុះជុំទី២ តំបន់អាស៊ី ក្នុងពូល C សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់ World Cup 2026 ដោយត្រូវលេងទល់នឹងក្រុមចិន នៅក្នុងកីឡដ្ឋាន Rajamangala ក្នុងទីក្រុងបាងកក នាថ្ងៃទី១៦ ខែវិច្ឆិកា។ បន្ទាប់ពីប៉ះចិន ក្រុមថៃ ត្រូវធ្វើដំណើរទៅជួបសិង្ហបុរី នៅ ៥ថ្ងៃបន្ទាប់។
 
ពូល C មានថៃ, ចិន សិង្ហបុរី និងក្រុមកូរ៉េខាងត្បូង។ ក្នុងពូលនេះ កូរ៉េខាងត្បុង ជាក្រុមជើងខ្លាំងមួយក្នុងទ្វីបអាស៊ី និងធ្លាប់បានបង្ហាញខ្លួននៅ World Cup 2020 កន្លងទៅ។ ក្រុមលេខ ១ និងលេខ ២ ក្នុងពូលនឹងត្រូវឡើងទៅកាន់ការប្រកួតជុំទី៣ ដណ្តើមកៅអី World Cup 2026។
 
ខណៈថៃ ត្រូវទទួលចិន ក្រុមកូរ៉េខាងត្បូង នឹងត្រូវរង់ចាំស្វាគមន៍ក្រុមជម្រើសជាតិសិង្ហបុរី សម្រាប់ការប្រកួតជម្រុះ World Cup 2026 ក្នុងពូល C ដូចគ្នា មុនពេលវិលត្រឡប់ទៅប៉ះចិន នៅ ៥ថ្ងៃបន្ទាប់៕
 

Tag:
 World Cup 2026
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com