អន្តរជាតិ
លោកណេតាន់យ៉ាហ៊ូតបទៅលោកទ្រូដូថា ហាម៉ាសទើបជាអ្នកទទួលខុសត្រូវលើឧក្រិដ្ឋកម្មសង្រ្គាម
15, Nov 2023 , 3:59 pm        
រូបភាព
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអុីស្រាអែល (ឆ្វេង) និងសមភាគីកាណាដា លោក ចាស្ទីន ទ្រូដូ។ រូបភាព AFP
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអុីស្រាអែល (ឆ្វេង) និងសមភាគីកាណាដា លោក ចាស្ទីន ទ្រូដូ។ រូបភាព AFP
បន្ទាប់ពីរងការរិះគន់ពីសំណាក់មេដឹកនាំកាណាដាជុំវិញករណីសម្លាប់នៅតំបន់កាហ្សា លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល នៅថ្ងៃទី១៥ ខែវិច្ឆិកា បានតបថា អ៊ីស្រាអែលមិនបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមឡើយ ប៉ុន្តែវាជាទង្វើរបស់ក្រុមហាម៉ាស។

 
ចាប់តាំងពីមានប្រតិបត្តិការយោធាអ៊ីស្រាអែលក្នុងតំបន់កាហ្សា មនុស្សច្រើនជាង ១១០០០នាក់ បានបាត់បង់ជីវិត។ បណ្តាប្រទេសជាច្រើន បានរិះគន់ និងបង្ហាញពីក្តីបារម្ភលើរដ្ឋាភិបាលក្រុង Tel Aviv ពាក់ព័ន្ធនឹងការសម្លាប់ប្រជាជនស៊ីវិលនៅលើទឹកដីប៉ាឡេស្ទីន និងឧក្រិដ្ឋកម្មសង្រ្គាម។ 
 
នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ បានរិះគន់ប្រតិបត្តិការយោធាអ៊ីស្រាអែល នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី១៤ ខែវិច្ឆិកា។ បើតាមលោកទ្រូដូ ពិភពលោក បានស្តាប់លឺពីការសារភាពរបស់វេជ្ជបណ្ឌិត សមាជិកក្រុមគ្រួសារ អ្នករស់រានមានជីវិត និងក្មេងៗ ពីការបាត់បង់ឪពុកម្តាយ ហើយពិភពលោកកំពុងតែមើលពីការសម្លាប់ស្ត្រី កុមារ និងទារក។ 
 
ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាលកាណាដា បានជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួន និងសម្លាប់ប្រជាជនស៊ីវិល។ 
 
សមភាគីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាឆ្លើយតបទៅវិញតាមបណ្តាញសង្គម X នៅថ្ងៃទី១៥ ខែវិច្ឆិកាថា  អ៊ីស្រាអែល មិនបានសម្លាប់ប្រជាជនស៊ីវិលឡើយ ប៉ុន្តែវាជាទង្វើរបស់ក្រុមហាម៉ាស។ 
 
«វាមិនមែនអ៊ីស្រាអែលឡើយដែលបានផ្តោតគោលដៅលើប្រជាជនស៊ីវិល ប៉ុន្តែក្រុមហាម៉ាសទេ ដែលបានកាត់ក្បាល ដុត និងសម្លាប់ប្រជាជនស៊ីវិលក្នុងសកម្មភាពដ៏អាក្រក់លើជនជាតិជ្វីហ្វ ចាប់តាំងពីព្រឹត្តិការណ៍សម្លាប់រង្គាលក្នុងសង្រ្គាមលោកលើកទីពីរមក»។ លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា យោធារបស់ខ្លួនបានព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីការពារប្រជាជនស៊ីវិលប៉ាឡេស្ទីនមិនឱ្យរងគ្រោះថ្នាក់ ខណៈក្រុមហាម៉ាស តែងបង្កហានិភ័យដល់ពួកគេ។ 
 
ត្រង់ចំណុចនេះ មេដឹកនាំអ៊ីស្រាអែល បានជំរុញឱ្យពិភពលោកកាត់ទោសក្រុមហាម៉ាសពីការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ដោយសារតែបានផ្តោតគោលដៅលើប្រជាជនស៊ីវិល ហើយយកប្រជាជនស៊ីវិលធ្វើជាខែលសម្រាប់លាក់ខ្លួន។ 
 
តាមសេចក្តីថ្លែងការណ៍មួយរបស់យោធាអ៊ីស្រាអែល ខ្លួនកំពុងបើកប្រតិបត្តិការលើមន្ទីរពេទ្យ Al Shifa ដែលជាមន្ទីរពេទ្យដ៏ធំជាងគេបំផុតនៅក្នុងក្រុងកាហ្សា ហើយអ៊ីស្រាអែលក៏ បានជំរុញឱ្យក្រុមហាម៉ាសទម្លាក់អាវុធចុះ។ 
 
អ៊ីស្រាអែលបានរកឃើញថា ក្រោមមន្ទីរពេទ្យនេះ ក្រុមហាម៉ាស បានរៀបចំមជ្ឈមណ្ឌលបញ្ជាការមួយ និងមានលាក់បាំងយោធា រួមទាំងចំណាប់ខ្មាំងផង។ យ៉ាងណាមិញ ក្រុមសកម្មប្រយុទ្ធលើដែនដីកាហ្សា បានបដិសេធ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ពេលនេះ ស្ថានការណ៍មនុស្សធម៌នៅក្នុងតំបន់កាហ្សា កាន់តែមានភាពស្មុគស្មាញបន្ថែមទៀត ដោយសារវាចូលដល់រដូវវស្សា។ ក្នុងរដូវនេះ វាអាចបង្កឱ្យមានជំងឺឆ្លង បញ្ហាលំបាកជាច្រើន និងទឹកជំនន់កើតឡើង ខណៈប្រជាជនប៉ាឡេស្ទីន នៅក្នុងតំបន់កាហ្សា មិនមានកន្លែងស្នាក់នៅត្រឹមត្រូវឡើយ ហើយប្រជាជនមួយចំនួនស្នាក់នៅក្នុងតង់ប៉ុណ្ណោះ៕ 

Tag:
 អុីស្រាអែល
  កាណាដា
© រក្សាសិទ្ធិដោយ thmeythmey.com