កីឡាអន្តរជាតិ
អន្តរជាតិ
Dani Alves ប្រឈមជាប់ពន្ធនាគារ ពីបទរំលោភផ្លូវភេទ នៅអេស្ប៉ាញ
15, Nov 2023 , 4:41 pm        
រូបភាព
Dani Alves អតីតខ្សែការពារ Barcelona និងប្រេស៊ីល ប្រឈមមុខនឹងការកាត់ទោសនៅក្នុងប្រទេសអេស្ប៉ាញ លើការចោទប្រកាន់ពីបទរំលោភផ្លូវភេទលើនារីម្នាក់នៅក្នុងក្លិបរាត្រីក្នុងទីក្រុង Barcelona កាលពីខែធ្នូ ឆ្នាំ ២០២២។ នេះបើតាមតុលាការអេស្ប៉ាញបាននិយាយកាលពីថ្ងៃ១៤​ ខែវិច្ឆិកា។



Alves ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២០ ខែមករា ដើមឆ្នាំ ២០២៣ នឹងត្រូវបានដាក់ឱ្យជាប់ឃុំនៅក្នុងពន្ធនាគារមួយកន្លែងនៅខាងក្រៅទីក្រុង ​Barcelona។ ប្រសិនបើការស៊ើប​អង្កេត​ រកឃើញថាអតីតកីឡាករក្រុម Barca មានកំហុស នោះគេនឹងប្រឈមការជាប់ពន្ធនាគារពី ៤ ទៅ ១៥ឆ្នាំ។ 
 
កីឡាករវ័យ ៤០ឆ្នាំ ធ្លាប់បានអះអាងថាគេ បានរួមភេទជាមួយនឹងនារីជនរងគ្រោះគឺជាការយល់ព្រមព្រៀងគ្នា។
 
នៅក្នុងឯកសារដែលបានចុះហត្ថលេខា ដោយចៅក្រមបីនាក់ នៅក្នុងទីក្រុង Barcelona បានឱ្យដឹងថាមានហេតុផលគ្រប់គ្រាន់សម្រាប់កាត់ក្តីលើ Alves ស្រមតាមសំណើររបស់រដ្ឋអាជ្ញាសាធារណៈ និងមេធាវីរបស់ស្ត្រីរងគ្រោះ។ កាលពីខែសីហា ចៅក្រមបានចោទប្រកាន់អតីតកីឡាករ PSG និង Juventus រូបនេះ ជាផ្លូវការ បន្ទាប់ពីរកឃើញភស្តុតាងនៃការប្រព្រឹតិ្តខុសលើរូបគេ។
 
បើតាមសេចក្តីថ្លែងការណ៍របស់តុលាការទីក្រុង Barcelona ៖ «សេចក្តីថ្លែងការណ៍របស់ជនរងគ្រោះដែលត្រូវបានចោទប្រកាន់ និងសេចក្តីថ្លែងការណ៍របស់សាក្សី និងរបាយការណ៍របស់អ្នកជំនាញដែលបង្ហាញក្នុងសំណុំរឿងត្រូវតែចាត់ទុកថាគ្រប់គ្រាន់សម្រាប់គោលបំណងនេះ ដោយមិនមានការរើសអើងចំពោះលទ្ធផលចុងក្រោយបន្ទាប់ពីដំណាក់កាលជុំនុំជម្រះពេញអង្គរួច។»។
 
ធ្លាប់ស្នាក់នៅ Barcelona រយៈពេល ៩ឆ្នាំ Alves បានជួយក្រុមជើងខ្លាំងមួយនេះឈ្នះពានរង្វាន់ La Liga ចំនួន ៦លើក, ពានរង្វាន់ Spain Super Cup ចំនួន ៤លើក, Copa del Rey ៤លើក, UEFA Champions League ចំនួន ៣លើក, UEFA Super Cup ចំនួន ៣លើក និងពានរង្វាន់ FIFA Club World Cup ចំនួន ៣លើក៕
 

Tag:
 Dani Alves
© រក្សាសិទ្ធិដោយ thmeythmey.com