កីឡាអន្តរជាតិ
អន្តរជាតិ
Opta ទាយ៖ Man City មាន៨៤,៦ភាគរយ ​ឈ្នះ EPL ស្របពេល Man Utd ស្ទើរមិនបាន Top4
16, Nov 2023 , 8:39 am        
រូបភាព
​Manchester City នៅតែជាក្រុមដែលត្រូវបានគេរំពឹងថានឹងអាចឈ្នះពានរង្វាន់ Premier League រដូវកាល ២០២៣-២៤ ដដែល បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ១២ប្រកួតកន្លងមក។ បើតាមស្ថិតិរបស់ Opta Analysts បញ្ជាក់ថាក្រុមម្ចាស់ការពារតំណែងជើងឯក មានអាត្រា ៨៤,៦ភាគរយ ដើម្បីបន្តលើកពានលីគកំពូលអង់គ្លេសជាលើកទី៤ ជាប់ៗគ្នា។



ការកត់ត្រាតួរលេខ ដោយ ​Opta Analyst បានទស្សន៍ទាយអំពីការបញ្ចប់ចំណាត់ថ្នាក់របស់ក្រុមទាំង ២០ នៅក្នុងក្របខណ្ឌ Premier League រដូវកាល ២០២៣-២៤ ដោយផ្អែកលើទម្រង់លេង១២លើក និងការប្រកួតដែលនៅសល់ ត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ ដើម្បីគណនា។ 
 
ស្ថិតិបានបង្ហាញថាក្រុមរបស់លោក Pep Guardiola ជាក្រុមមានភាគរយខ្ពស់ក្នុងការឈ្នះពាន និងក្រុម Burnley ដែលទើបឡើងពីក្របខណ្ឌ ​Championship ជាក្រុមដែលនឹងស្ថិតនៅចំណាត់ថ្នាក់លេខ ២០ បាតតារាង។
 
បើតាមស្ថិតិរបស់ Opta Analyst ក្រុមរហស្សនាមមេឃខៀវមានតួរលេខចំនួន ៨៤,៦ភាគរយ ដើម្បីលើកពានរង្វាន់ Premier League សារជាថ្មី ស្របពេល Liverpool មានឱកាសត្រឹមតែ ៩​,១ភាគរយក្នុងការប្រជែងពានរង្វាន់។ ក្រុម Arsenal ដែលជាក្រុមលេខ ២ រដូវកាលមុន មានត្រឹម ៥,៦ភាគរយ។
 
សម្រាប់ Tottenham Hotspur ដែលរងបរាជ័យ ២ប្រកួតជាប់ៗគ្នាចុងក្រោយ ស្ទើរតែគ្មានភាគរយឈ្នះពានរង្វាន់ទាល់តែសោះតាមរយៈស្ថិតិ Opta Analyst ខណៈភាគរយរបស់ពួកគេមានត្រឹម ០,៣ភាគរយដូចគ្នាទៅនឹងក្រុម Aston Villa។ 
 
ចំណែកក្រុម Manchester United ដែលបច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ក៏ត្រូវបានទស្សន៍ទាយថានឹងបញ្ចប់ចំណាត់ថ្នាក់លេខ ៧ ហើយពួកគេមានត្រឹមតែ ៥,៩ភាគរយ សម្រាប់ឱកាសបញ្ចប់ចំណាត់ថ្នាក់ក្រុមកំពូលទាំង ៤។ 
ក្រុម Newcastle United មានភាគរយដល់ទៅ​ ២៥ភាគរយ សម្រាប់ពួកគេបញ្ចប់ចំណាត់ថ្នាក់ក្នុងក្រុមកំពូលទាំង ៤។ Chelsea ត្រូវបានទស្សន៍ទាយថានឹងបញ្ចប់ចំណាត់ថ្នាក់លេខ ៩ ក្នុងតារាង។
 
ចំណែកការគណនា ក្រុមបាតតារាងទាំង ៣ សុទ្ធសឹងតែជាក្រុមដែលទើបឡើងមកនៅក្នុងរដូវកាលនេះ មានក្រុម Luton Town, Sheffield United  និង Burnley។ Burnley ដែលមានលោក Vincent Kompany ជាអ្នកចាត់ការទូទៅ មាន ៨៦​,៩ភាគរយ ដែលនឹងធ្លាក់ចេញពី Premier League រដូវកាលនេះ៕

Tag:
 Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com