ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន ម៉ាណែត សម្ពោធឱ្យប្រើប្រាស់អាកាសយានដ្ឋានសៀមរាបអង្គរ ផ្លូវការ
16, Nov 2023 , 9:29 am        
រូបភាព
សៀមរាប៖ មួយខែបន្ទាប់ពីទទួលជើងហោះហើរផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) តម្លៃប្រមាណ ១ ១០០លានដុល្លារអាម៉េរិក ត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ផ្លូវការនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា នេះ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក វ៉ាង យូបូ (Wang Yubo) អភិបាលខេត្តយូណានរបស់ចិន។





ស្ថិតក្នុងភូមិសាស្ត្រ ឃុំតាយ៉ែក ស្រុកសូទ្រនិគម និងឃុំគោកធ្លកលើ ស្រុកជីក្រែង អាកាសយានអន្តរជាតិសៀមរាបអង្គរមានចម្ងាយជាង ៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និងជាង៥០ គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប។ នេះជាសមិទ្ធផលមួយកើតចេញពីគោលនយោបាយនៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)។

កិច្ចព្រមព្រៀងនៃការសាងសង់ SAI ត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញ ដោយសម្តេច សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ជាមួយតំណាងក្រុមហ៊ុនវិនិយោគចិន ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង។

ចាប់ផ្តើមកាលពីខែមីនា ឆ្នាំ២០២០ ការសាងសង់បានបញ្ចប់កាលពីចុងខែមីនា ឆ្នាំ២០២៣។ ក្រុមហ៊ុន Angkor International Airport Investment (AIAI) ជាអ្នកទទួលបន្ទុកសាងសង់ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគក្រោមទម្រង់ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ ពោលគឺពីឆ្នាំ២០១៦ ដល់ឆ្នាំ២០៧១។

ក្នុងរយៈពេល៣៦ខែស្មើនឹង៣ឆ្នាំ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះ ប្រើប្រាស់បុគ្គលិក-វិស្វករ-កម្មករចន្លោះពី ២,៥០០នាក់ ទៅ ៣,៧០០នាក់ ក្នុងនោះមានបុគ្គលិក-វិស្វករ-កម្មករខ្មែរចំនួន ៧០ភាគរយ និងចិនចំនួន ៣០ភាគរយ អាស្រ័យទៅលើតម្រូវការនៃទំហំការងារជាក់ស្តែង។


SAI ត្រូវកសាងឱ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន។ SAI បានទទួលលេខកូដជាផ្លូវការ ពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។

អាកាសយានដ្ឋានថ្មីនេះ មានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន ១២លាននាក់ ក្នុងមួយឆ្នាំ ចាប់ពី២០៤០។

ភាគហ៊ុនិក AIAI មានក្រុមហ៊ុន Yunnan Investment Group មានភាគហ៊ុនចំនួន ៧៦,៦ភាគរយ,  ក្រុមហ៊ុន Yunnan Construction Group ភាគហ៊ុនចំនួន ២០ភាគរយ និង  ក្រុមហ៊ុន Yunnan Airport Group ដែលជាប្រតិបត្តិករ មានភាគហ៊ុនចំនួន ៣,៤ភាគរយ៕


© រក្សាសិទ្ធិដោយ thmeythmey.com